ខេត្តកំពង់ស្ពឺ ៖ ជញ្ជ្រាំងស្រូវរបស់ប្រជាពលរដ្ឋ ប្រមាណជាង២០ហិកតារ ត្រូវបានភ្លើងឆេះស្មៅ រាលឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ចុះជួយបាញ់ទឹកពន្លត់ភ្លាមៗ ដោយមិនបង្កឱ្យឆេះរាលដល់លំនៅឋានប្រជាពលរដ្ឋឡើយ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមប្រភពមន្ត្រីជំនាញរបស់អាវុធហត្ថ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីភ្លើងឆេះវាលស្រែ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាឱ្យជំនាញពន្លត់អគ្គិភ័យ របស់បញ្ជាការដ្ឋាន អន្តរាគមន៍បន្ទាន់។ នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញបានចេញប្រតិបត្តិការករណីអគ្គិភ័យ ឆេះស្មៅនិងឆេះជញ្ជ្រាំងស្រូវក្នុងស្រែ ស្ថិតនៅភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លើផ្ទៃសរុបទំហំប្រមាណជាង ២៥ហិកតារ បានទាន់សភាពការណ៍។
មន្ត្រីជំនាញអាវុធហត្ថ បញ្ជាក់ថា ករណីខាងលើ មិនបណ្តាលឱ្យគ្រោះថ្នាក់មនុស្សនិងសត្វទេ តែបានឆេះវាល ស្រែអស់ផ្ទៃដីជាង ២៥ហិកតារ ដែលក្នុងកិច្ចប្រតិបត្តិការនេះ ប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានខេត្តកំពង់ស្ពឺ ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលខេត្តកំពង់ស្ពឺ ចំនួន២គ្រឿង ហើយករណីអគ្គិភ័យខាងលើ បានរលត់១០០ភាគរយ មិនបណ្តាលឱ្យរាលដាលដល់ភូមិប្រជាពលរដ្ឋឡើយ៕