ភ្នំពេញ៖នៅដើមឆ្នាំ២០២៥ នេះអ្វីដែលព្រាប សុវត្ថិ មានការផ្លាស់ប្ដូរថ្មីនោះគឺការលេងម៉ូតសក់បែបយុវវ័យជាព័ណទង់ដែង ពោលគឺហាក់ស្ទាវជាងកូនៗរបស់លោកទៅទៀត ។ការលេងម៉ូតសក់ថ្មីរបស់ព្រាប សុវត្ថិ នេះចំពេលដែលលោកឈានចូលវ័យ៥០ឆ្នាំ គត់ តែសម្រស់នៅរក្សារបានក្មេងជាងវ័យ ពោលគឺមិនសូវមានការប្រែប្រួលទៅតាមអាយុឡើយ ។ម៉ូតសក់ថ្មីរបស់ព្រាប សុវត្ថិ នេះដែរតារាប្រុសផ្សេងៗទៀតរបស់Galaxy ក៍ធ្លាប់ប្រើ១ឆាវៗដែរ ក្នុងនោះមានដូចជាលោកខេមរៈ សិរីមន្ដ ,ខេម,ខាន់ ជេសម៍ និងគួម៉ា ជាដើម ។សម្រាប់លោកសុវត្ថិ វិញដោយសារតែលោកមានហាងកាត់សក់ផ្ទាល់ខ្លួន ហេតុនេះតែងតែមានការផ្លាស់ប្ដូរម៉ូតសក់ទៅតាមពេលវេលា និងទាក់ទងបទចម្រៀងរបស់លោកជាដើម ។គេចាំបានថាកាលជ្រកនៅហង្សមាស២៣ឆ្នាំ(១៩៩៧- ២០២០) ព្រាប សុវត្ថិ បានផ្លាស់ប្ដូរម៉ូតសក់ជាច្រើនម៉ូតខុសៗគ្នាដូចជាម៉ូតសក់ក្រង ,ម៉ូតសក់វែងត្រឹមក និងពាក់សក់ក្រញ៉ាញ់ជាដើម ។ប៉ុន្ដែនៅឆ្នាំ២០២៥ ព្រាប សុវត្ថិ លេងម៉ូតសក់ហាក់ស្ទាវបន្ដិច ទើបទទួលបានការចាប់ អារម្មណ៍ជាងមុន ព្រោះថាលោកឈានចូលវ័យជ្រេទៅហើយ តែនៅតែតែងខ្លួនមិនចាញ់ក្មេងៗឡើយ ដោយ សារតែសិល្បៈបើលេងខ្លួនដដែលៗវាជាសត្រូវនៃអ្នកទស្សនា ហេតុនេះហើយការUpdate ម៉ូតសក់ចុងក្រោយរបស់ព្រាប សុវត្ថិ នេះធ្វើឲ្យគេមើលទៅឃើញលោកក្មេងជាងវ័យ តែទទួលបានទាំងការគាំទ្រ និងរិះគន់ព្រមគ្នា ។គាំទ្រត្រង់ថាលោកចេះតុបតែងខ្លួនលេងម៉ូតសក់មិនឲ្យសាំដដែលៗនោះទេ ។ចំណែកការិះគន់ដោយសារតែអ្នកខ្លះថាលោកចាស់ស្ទាវ លេងខ្លួនដូចនៅក្មេងមិនសាកសមទៅតាមអាយុជាដើម ។
ព្រាប សុវត្ថិ នឹងផុតកុងត្រាជាមួយGalaxy រយៈពេល៥ឆ្នាំនៅខែ៨ ឆ្នាំ២០២៥ ហើយមិនទាន់មានដំណឹងលោក ចចារកុងត្រាថ្មីនោះទេ ។សម្រាប់ការចេញច្រៀងសម្ដែងនៅដើមឆ្នាំ២០២៥ នេះព្រាប សុវត្ថិ ច្រើនតែចាប់ដៃជាមួយកូនពៅរបស់លោកសុវត្ថិ សេរីវុឌ្ឍ ហើយមានពេលខ្លះពេលកូនច្រៀងលើឆាកម្នាក់ឯងគេឃើញលោក ច្រៀងបន្ទនៅក្បែឆាកទៀតផង ដើម្បីជួយដល់កូនៗរបស់លោកកុំឲ្យភ្លាត់ពេលច្រៀងបទលោកដែលជាប្រភេទបទប្រើសម្លេងខ្ពស់ៗនៅហង្សមាស ។
សូមបញ្ជាក់ក្នុងវ័យ៥០ឆ្នាំនេះថាព្រាប សុវត្ថិ ដែលមានកូនសុទ្ធតែប្រុសៗទាំង៣នាក់នោះគ្មានដំណឹងថាលោកតាមយកកូនស្រីនោះទេ ។បន្ទាប់ពីទាញកូនទី១សុវត្ថិ មុនីវណ្ណ និងនិងកូនទី៣សុវត្ថិ សេរីវុឌ្ឍ ឲ្យជ្រកនៅGalaxy ជាមួយខ្លួននោះលោកសុវត្ថិ បានឲ្យកូនទី២ សុវត្ថិ មុនីនាគ ហ្វឹកហាត់រាំ និងច្រៀងជាភាសារបរទេស ដែលមើលទៅការច្រៀងសម្ដែងរបស់គេខុសពីឪពុកនិងបងប្អូនទាំងស្រុងតែម្ដង ។ មជ្ឈដ្ឋានមហាជនលើក ឡើងថាព្រាប សុវត្ថិ កំពុងតែត្រួសត្រាយផ្លូវឲ្យកូនប្រុសទាំង៣របស់លោកស្នងតំណែងរបស់ខ្លួនពេលដែលលោកឈានចូលវ័យកាន់តែជ្រេនេះ ។ប៉ុន្ដែការលេងម៉ូតសក់នៅឆ្នាំ២០២៥ នេះបញ្ជាក់ថាលោកឧកញ៉ាស្នាយ មិនទាន់ត្រៀមខ្លួនចូលនិវត្តន៍ពីអាជីពចម្រៀងទេ គឺមានតែបន្ដវាយលុកទីផ្សារថែមទៀត ខណៈដែលបច្ចុប្បន្នតារាប្រុសនៅGalaxy លោកខេមរៈ សិរីមន្ដ កំពុងតែអុកឡុកជាងគេ ទើបធ្វើឲ្យមានការបារម្ភថា សង្រ្គាម«ភ្នំ១ ខ្លា២ » អាចនឹងផ្ទុះជាលើកទី២ បើថៅកែហ៊ានតែលើក១ ទម្លាក់១ ៕