Wednesday, January 22, 2025
Homeព័ត៌មានអន្តរជាតិ ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង ប្រកាសថា យុគមាសរបស់អាមេរិក ចាប់ផ្តើម!

 ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង ប្រកាសថា យុគមាសរបស់អាមេរិក ចាប់ផ្តើម!

សហរដ្ឋអាមេរិក ៖ លោកដូណាល់ ត្រាំ (Donald Trump) បានស្បថចូលកាន់តំណែងជាផ្លូវការជាប្រធានា ធិបតីទី៤៧ របស់សហរដ្ឋអាមេរិក ហើយក៏ជាការកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក លើកទី២ របស់លោកផងដែរ ។ មុននឹងថ្លែងសុន្ទរកថា លោកបានប្រកាសថាយុគសម័យមាស របស់អាមេរិក បានចាប់ផ្តើមហើយ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ថា លោកដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាផ្លូវការ ជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ វាជាការត្រលប់មកវិញនូវនយោបាយដ៏ធំមួយ បន្ទាប់ពីលោកបានចាញ់នៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិទីពីរ និងប្រឈមនឹងបណ្តឹងជាច្រើន រហូតដល់ត្រូវបានរកឃើញថា មានទោសពីបទឧក្រិដ្ឋ។

ពិធីស្បថចូលកាន់តំណែងរបស់លោកត្រាំ បានធ្វើឡើងនៅវិមានរដ្ឋសភា សហរដ្ឋអាមេរិក វាខុសពីធម្មតាដែលត្រូវបានរៀបចំធ្វើនៅខាងក្រៅ ដោយសារអាកាសធាតុត្រជាក់ខ្លាំង។

ក្រៅពីលោក ដូណាល់ ត្រាំ លោកចេវី វេនស៍ (J.D. Vance) ក៏ស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីសហ រដ្ឋអាមេរិក ផងដែរ។

បន្ទាប់មក លោកដូណាល់ ត្រាំ បានឡើងលើវេទិកា ដើម្បីថ្លែងសុន្ទរកថា ដោយបញ្ជាក់ថា “យុគមាសរបស់អាមេរិក ចាប់ផ្ដើមឥឡូវនេះ។ ប្រទេសរបស់យើងនឹងរីកចម្រើន និងត្រូវបានគេគោរព។ អធិបតេយ្យរបស់យើង នឹងត្រូវបានស្តារឡើងវិញ។ សុវត្ថិភាពរបស់យើង នឹងត្រូវបានស្តារឡើងវិញ។ មាត្រដ្ឋាននៃយុត្តិធម៌ នឹងមានតុល្យភាពឡើងវិញ»។

 លោកត្រាំ បានបន្តថា «អំពើហិង្សាដ៏សាហាវនិងការប្រើប្រាស់ច្បាប់ដោយអយុត្តិធម៌ របស់ក្រសួងយុត្តិធម៌ នឹងត្រូវបញ្ចប់។ អាទិភាពចម្បងរបស់យើង គឺកសាងប្រទេសប្រកបដោយមោទនភាព វិបុលភាព និងសេរី។ មិនយូរប៉ុន្មាន អាមេរិក នឹងកាន់តែធំ ខ្លាំងជាងមុន ហើយល្អជាងមុនទៅទៀត»។

 លោកដូណាល់ ត្រាំ បាននិយាយ គាត់បានត្រឡប់មកកាន់តំណែងជាប្រធានាធិបតីវិញ ដោយមានទំនុកចិត្ត ហើយមើលពិភពលោកដោយវិជ្ជមាន ដែលនេះគឺជាការចាប់ផ្តើមនៃយុគសម័យថ្មីដ៏គួរឱ្យរំភើប នៃសមិទ្ធិផល ជាតិ។

លោកត្រាំ បានថ្លែងបន្តថា “ព្រះអាទិត្យ នឹងភ្លឺពេញពិភពលោក ហើយអាមេរិក មានឱកាសចាប់យកឱកាសដែលមិនធ្លាប់មានពីមុនមក»។

លោកដូណាល់ ត្រាំ ក៏បានរិះគន់គោលនយោបាយនិងការឆ្លើយតបរបស់រដ្ឋបាលលោកចូ បៃដិន (Joe Biden) ចំពោះវិបត្តិអន្តោប្រវេសន៍ ដោយនិយាយថា «បញ្ហាប្រឈមរបស់ប្រទេស នឹងត្រូវលុបចោល ហើយសហរដ្ឋ អាមេរិក ប្រឈមនឹងវិបត្តិទំនុកចិត្ត។ ទាក់ទងនឹងអំពើពុករលួយ និងភាពជ្រុលនិយមនៅក្នុងអង្គការ រដ្ឋាភិបាលមុន បានផ្តល់ជម្រកនិងការការពារឧក្រិដ្ឋជនដ៏គ្រោះថ្នាក់ ដែលចូលប្រទេសយើងដោយខុសច្បាប់ រដ្ឋាភិបាលនោះបានផ្តល់ថវិកាឥតកំណត់ដល់ការការពារព្រំដែនរបស់ប្រទេសផ្សេងទៀត ប៉ុន្តែវាមិនការពារព្រំដែនអាមេរិក ទេ។ យើងមានរដ្ឋាភិបាលដែលគ្រប់គ្រងវិបត្តិយ៉ាងសាមញ្ញ»។

បន្ទាប់មក លោកត្រាំ បានងាកមកនិយាយអំពីគ្រោះមហន្តរាយធម្មជាតិ ដែលកំពុងប្រឈមមុខនឹងសហរដ្ឋអា មេរិក រួមទាំងខ្យល់ព្យុះនៅរដ្ឋ North Carolina  និងភ្លើងឆេះព្រៃដ៏ធំ នៅក្នុងទីក្រុងឡូសអែនចេឡេស (Los Angeles) ដោយនិយាយថា ភ្លើងបានប៉ះពាល់ដល់អ្នកមានបំផុត និងមានឥទ្ធិពលបំផុតមួយចំនួន ហើយអ្នក ខ្លះអង្គុយនៅទីនេះ មកដល់ពេលនេះ ពួកគេមិនមានផ្ទះទៀតទេ។

ប្រធានាធិបតីអាមេរិកថ្មីរូបនេះ បាននិយាយបន្តថា «សហរដ្ឋអាមេរិក មានប្រព័ន្ធសុខាភិបាលដែលមិនដំណើរ ការក្នុងពេលមានគ្រោះមហន្តរាយ។ ប៉ុន្តែលុយ ត្រូវបានចំណាយលើប្រព័ន្ធសុខភាពសាធារណៈ ច្រើនជាងកន្លែងផ្សេងទៀតក្នុងពិភពលោក។ សហរដ្ឋអាមេរិក មានប្រព័ន្ធអប់រំមួយ ដែលបង្រៀនកូនរបស់យើង ឱ្យខ្មាស ខ្លួនឯង។ អ្វីៗទាំងអស់នេះ នឹងផ្លាស់ប្តូរ ចាប់ផ្តើមថ្ងៃនេះ ហើយវានឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស”។

លោកត្រាំ  បន្តថា «ខ្ញុំត្រូវផ្តល់អំណាច ដើម្បីបញ្ច្រៀសការក្បត់ដ៏ឃោរឃៅ ដែលអ្នកកាន់អំណាច ធ្វើចំពោះជនជាតិអាមេរិក ហើយខ្ញុំនឹងស្ដារជំនឿ ភាពរុងរឿង លទ្ធិប្រជាធិបតេយ្យ និងសេរីភាពដល់ប្រជាជនអាមេរិក។ ចាប់ពីពេលនេះតទៅ ការធ្លាក់ចុះរបស់អាមេរិក បានបញ្ចប់»។

នៅពេលនិយាយអំពីការប៉ុនប៉ងធ្វើឃាតលើគាត់ កាលពីឆ្នាំមុន លោកត្រាំបញ្ជាក់ គាត់គឺជាប្រធានាធិបតីដែលត្រូវបានសាកល្បងច្រើនជាងប្រធានាធិបតីដទៃទៀត។ មនុស្សមួយចំនួនកំពុងព្យាយាមបញ្ឈប់ចលនារបស់គាត់ ព្យាយាមយកសេរីភាព និងជីវិតរបស់គាត់។ ប៉ុន្តែជីវិតរបស់គាត់ ត្រូវបានសង្គ្រោះដោយហេតុផលមួយចំនួន។ នោះជាការធ្វើឱ្យអាមេរិក អស្ចារ្យម្តងទៀត។

លោកត្រាំ បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក នឹងធ្វើការដោះស្រាយរាល់វិបត្តិ ដោយសេចក្តីថ្លៃថ្នូរ អំណាច និងកម្លាំង ហើយនឹងនាំមកវិញនូវសិរីល្អដល់មនុស្សគ្រប់ជាតិសាសន៍ និងសាសនា។ លោកដូណាល់ ត្រាំ បាននិយាយថា “ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ គឺជាថ្ងៃរំដោះ” ដែលធ្វើឲ្យមានការទះដៃសាទរយ៉ាងខ្លាំង ពេញសាលនៃវិមានកាពីតូល សហរដ្ឋអាមេរិក។

មេដឹកនាំថ្មីរបស់សហរដ្ឋអាមេរិក រូបនេះ បានថ្លែងអំណរគុណដល់សហគមន៍និយាយភាសាអេស្ប៉ាញ និងជនជាតិស្បែកខ្មៅ សម្រាប់ការស្រឡាញ់និងការជឿជាក់របស់ពួកគេ មកលើគាត់ ហើយបាននិយាយថា “ខ្ញុំបានឮសំឡេងរបស់អ្នកនៅក្នុងយុទ្ធនាការ ហើយខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយអ្នកទាំងអស់គ្នា»។

លោកដូណាល់ ត្រាំ បាននិយាយថា  “ថ្ងៃទី២០ ខែមករា គឺជាទិវាសកម្មជនសិទ្ធិស៊ីវិល ម៉ារទីន លូធឺរ ឃីង (Martin Luther King) ហើយយើងនឹងខិតខំធ្វើឱ្យក្តីសុបិនរបស់គាត់ ក្លាយជាការពិត” ។

គួរបញ្ជាក់ថា នៅក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក  របស់លោកដូ ណាល់ ត្រាំ នោះក៏មានការចូលរួមពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ជាច្រើនរូប ដែលក្រៅពីលោកចូ បៃដិន ក៏មានលោកប៊ីល គ្លីនតុន ចច ដាប់បិលយូ ប៊ូស លោកបារ៉ាក់ អូបាម៉ា ផងដែរ៕

RELATED ARTICLES