Friday, January 24, 2025
Homeព័ត៌មានអន្តរជាតិភ្លើងឆេះព្រៃថ្មី នៅជិតទីក្រុងអិលអេ អាជ្ញាធរជម្លៀសមនុស្ស ៥ម៉ឺននាក់

ភ្លើងឆេះព្រៃថ្មី នៅជិតទីក្រុងអិលអេ អាជ្ញាធរជម្លៀសមនុស្ស ៥ម៉ឺននាក់

កាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក) ៖ ភ្លើងឆេះព្រៃថ្មីមួយ បានកើតឡើងនៅភាគខាងជើងនៃទីក្រុងឡូសអែនចេឡេស (Los Angeles) ហៅកាត់ថា ទីក្រុងអិលអេ (LA) កាលពីថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ បានរាលដាលយ៉ាងឆាប់រហ័សទៅកាន់ផ្ទៃដីជាង ២៣ ៨០០រ៉ៃ ដែលបណ្តាលមកពីខ្យល់បក់ខ្លាំង និងព្រៃស្ងួត។ នាំឱ្យអាជ្ញាធរបញ្ជាជម្លៀសមនុស្សជាង ៥០ ០០០នាក់ ទៅរកកន្លែងសុវត្ថិភាព។

តាមប្រភព Reuters បានរាយការណ៍នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា អគ្គិភ័យ បានកើតឡើងនៅតំបន់ Hughes ប្រហែល ៨០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងអិលអេ បានធ្វើឱ្យអ្នកពន្លត់អគ្គិភ័យ មានការងារធ្វើច្រើន ម្តងទៀតក្រោយពីអាចគ្រប់គ្រងភ្លើងឆេះព្រៃធំៗ ចំនួនពីរ ក្នុងតំបន់ទីប្រជុំជនអិលអេ ។

គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ភ្លើងឆេះព្រៃថ្មីមួយ បានរាលដាលដល់ទំហំប្រហែល 2/3 នៃទំហំភ្លើងឆេះព្រៃនៅតពន់អ៊ីតុន (Eaton) គឺជាភ្លើងឆេះព្រៃដ៏ធំមួយ ក្នុងចំណោមភ្លើងឆេះព្រៃដ៏ធំចំនួនពីរ ដែលបានបំផ្លិចបំផ្លាញតំបន់អិលអេ ។

អាជ្ញាធរកំពុងព្រមានប្រជាជននៅក្នុងតំបន់ Castaic Lake នៅទីក្រុងអិលអេ ដែលពួកគេប្រឈមមុខការគំរាមកំហែងដល់អាយុជីវិត ខណៈពេលដែលភាគច្រើននៃរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង នៅតែស្ថិតនៅក្រោមការព្រមានពណ៌ក្រហម សម្រាប់ហានិភ័យនៃអគ្គិភ័យធ្ងន់ធ្ងរដោយសារតែខ្យល់ខ្លាំង និងលក្ខខណ្ឌអាកាស ធាតុស្ងួត។

មន្ត្រីអិលអេ បាននិយាយថា មនុស្សប្រហែល ៣១ ០០០នាក់ ស្ថិតនៅក្រោមការបញ្ជាឲ្យជម្លៀសចេញ ហើយ ២៣ ០០០នាក់ផ្សេងទៀត ស្ថិតនៅក្រោមការព្រមានអំពីការជម្លៀស។

ការិយាល័យព្រៃឈើជាតិ នៃទីក្រុងឡូសអែនចេឡេស (Los Angeles) បានបង្ហាញថា តំបន់ឧទ្យាននេះ មានទំហំជាង 1,771,000រ៉ៃ នៅលើភ្នំសានហ្គាប្រៀល (San Gabriel) ត្រូវបានបិទសម្រាប់អ្នកទេសចរ។

នាយកដ្ឋានការពារព្រៃឈើ និងការពារភ្លើង រដ្ឋកាលីហ្វ័រញ៉ា (Cal Fire) បានឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យ ប្រ ហែល ១១០០នាក់ ត្រូវបានឈរជើងនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង។ ប្រធានផ្នែកពន្លត់អគ្គិភ័យ ទីក្រុងអិលអេ លោកអែនថូនី ម៉ាររ៉ូន (Anthony Marrone) បាននិយាយថា អ្នកពន្លត់អគ្គិភ័យ ជាង ៤០០០នាក់ កំពុងធ្វើការដើម្បីពន្លត់ភ្លើងឆេះព្រៃ នៅតំបន់ Hughes។

រដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង មិនមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ៩ខែជាប់គ្នា ដែលបណ្តាលឱ្យមានលក្ខ ខណ្ឌអាកាសធាតុស្ងួតធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា មានការព្យាករថា អាចមានភ្លៀង ពីថ្ងៃសៅរ៍ ទី២៥ ដល់ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ ដែលអាចជួយធ្វើឱ្យការងាររបស់អ្នកពន្លត់អគ្គិភ័យ កាន់តែងាយស្រួល។

ឧទ្ធម្ភាគចក្រ បានបូមទឹកទឹកចេញពីបឹង ដើម្បីយកទៅស្រោចលើភ្លើងឆេះព្រៃ ។ បើតាមការឲ្យដឹងពីអ្នកយាមផ្លូវហាយវ៉េ ក្នុងរដ្ឋកាលីហ្វ័រញ៉ា ផ្លូវរដ្ឋលេខ៥ ជាផ្លូវធំមួយដែលរត់ក្នុងទិសដៅពីជើង ទៅត្បូង នាភាគខាងលិចសហរដ្ឋអាមេរិក ត្រូវបានបិទជាបណ្តោះអាសន្ន នៅក្នុងតំបន់នៃជ្រលងភ្នំហ្គ្រេបវ៉ាញ (Grapevine) ដោយសារ តែការមើលឃើញមិនល្អពីផ្សែងភ្លើងឆេះព្រៃ ប៉ុន្តែក្រុមអ្នកពន្លត់អគ្គិភ័យ ព្យាយាមពន្លត់ភ្លើង ដើម្បីបើកផ្លូវហាយវេឡើងវិញ។

បើតាមការឲ្យដឹងពីការិយាល័យអគ្គិភ័យ រដ្ឋកាលីហ្វ័រញ៉ា (California) ទោះបីជាភ្លើងឆេះព្រៃថ្មីកំពុងរីករាល ដាលក៏ដោយ ប៉ុន្តែភ្លើងឆេះព្រៃធំៗពីរ ពដែលបានបង្កការបំផ្លិចបំផ្លាញនៅទីក្រុង ឡូសអែនចេឡេស (Los Angeles) តាំងពីថ្ងៃទី៧ ខែមករា មកនោះ គឺអាចគ្រប់គ្រងបានហើយ។

ភ្លើងឆេះព្រៃ នៅតំបន់អ៊ីតុន (Eaton) បានបំផ្លាញផ្ទៃដី ៣៥ ៤៧៣ហិកតារ ភាគខាងកើតនៃទីក្រុងអិលអេ ។ ភ្លើងឆេះព្រៃនៅតំបន់ប៉ាលីសេដស៍ (Palisades) បានដុតបំផ្លាញផ្ទៃដីចំនួន ៥៩ ៣២៣រ៉ៃ នៅភាគខាងលិចនៃទីក្រុងអិលអេ ឥឡូវនេះអាចគ្រប់គ្រងបាន ៦៨% ។

ការិយាល័យអគ្គិភ័យ របស់រដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ចាប់តាំងពីភ្លើងឆេះព្រៃ ទាំងពីរទីតាំងបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែមករា មក បានដុតបំផ្លាញតំបន់មួយ មានទំហំជិតប៉ុនទីក្រុងវ៉ាស៊ីងតោន ឌីស៊ី (Washington, D.C) ដោយបានសម្លាប់មនុស្ស ២៨នាក់ និងបំផ្លាញផ្ទះ ឬអគារជិត ១៦ ០០០អគារ ក្នុងពេលតែមួយ ហើយក្រុម ហ៊ុនព្យាករណ៍អាកាសធាតុឯកជន AccuWeather បានប៉ាន់ប្រមាណការខូចខាត និងការខាតបង់សេដ្ឋកិច្ច ជាង ២៥០ពាន់លានដុល្លារ ជាមួយនឹងភ្លើងឆេះព្រៃតូចៗជាច្រើន នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានពន្លត់ ឬគ្រប់គ្រងស្ទើរតែទាំងស្រុង ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ៕

RELATED ARTICLES