Saturday, January 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះ.../ព្រៃ ៥ថ្ងៃ អស់ជាង៥០០ហិកតារ

ភ្លើងឆេះ…/ព្រៃ ៥ថ្ងៃ អស់ជាង៥០០ហិកតារ

ខេត្តបន្ទាយមានជ័យ ៖ ក្នុងរយៈពេល ៥ថ្ងៃ នៃគ្រោះអគ្គិភ័យនៅតំបន់ភ្នំព្រះ និងភ្នំវែង ក្នុងស្រុកថ្មពួក ភ្លើងបានឆាបឆេះលេបត្របាក់ព្រៃឈើ អស់ជាង៥០០ហិកតារ ទើបមន្ត្រីអនុរក្ស និងព្រះសង្ឃ អន្តរាគមន៍ពន្លត់បាន។

លោកឈឿន យឿ មន្ត្រីឧទ្យានុរក្សប្រចាំនៅភ្នំព្រះ បានឱ្យដឹងថា ភ្លើងឆេះព្រៃ បានរលត់នៅម៉ោង២រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីឆេះរាលចេញពីខាងត្បូងភ្នំវែង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ អំឡុងពេលឆេះភ្លាមៗ មន្ត្រីឧទ្យានុរក្ស ប្រចាំការពារនៅតំបន់ភ្នំព្រះ ចំនួន៨នាក់ បានអន្តរាគមន៍ពន្លត់ និងមានការចូលរួមពីព្រះសង្ឃ និងក្រុមការងារអភិវឌ្ឍន៍ភ្នំព្រះ របស់លោកស្រី ម៉ៅ ម៉ាល័យ សរុបចំនួន២០នាក់ បានធ្វើការពន្លត់ដោយកម្លាំងមនុស្ស ព្រោះរថយន្តពន្លត់អគ្គិភ័យ មិនអាចចូលទៅបាន រហូតដល់ម៉ោង ២សៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ទើបការពន្លត់នោះសម្រេចបានទាំងស្រុង។

មន្ត្រីឧទ្យានុរក្ស ឱ្យដឹងថា ករណីភ្លើងឆេះព្រៃ ក្នុងតំបន់បេតិកភណ្ឌភ្នំព្រះ និងភ្នំវែងនេះ អាចមកពីប្រជាពលរដ្ឋដែលដើរចូលព្រៃ ប្រមូលអនុផលព្រៃឈើ ឬព្រានព្រៃ ដុតព្រៃដេញសត្វ ឬក៏បង្កាត់ភ្លើងដាំបាយ ហើយមិនប្រុងប្រយ័ត្ន បណ្តាលឱ្យមានភ្លើងឆេះរាល បង្កជាគ្រោះអគ្គិភ័យកើតឡើង។ ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានបឋមប៉ុណ្ណោះ ព្រោះមិនទាន់អាចកំណត់មុខសញ្ញា ឬអត្តសញ្ញាណនៃគ្រោះអគ្គិភ័យនេះបាននៅឡើយ។

មន្ត្រីឧទ្យានុរក្ស បន្តថា ជាភ័ព្វសំណាងចំពោះការឆេះនេះ មិនបានបង្កឱ្យមានការឆេះរោលដល់តំបន់អភិវឌ្ឍន៍ ដែលមានការដ្ឋានសំណង់ផ្សេងៗឡើយ។

ទោះជាយ៉ាងណា លោកឈឿន យឿ ជាមន្ត្រីឧទ្យានុរក្ស ប្រចាំតំបន់បេតិកភណ្ឌ ភ្នំព្រះ និងភ្នំវែង បានសំណូមយ៉ាងទទូចដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បេតិកភណ្ឌខាងលើ សូមកុំដុតព្រៃ ដេញសត្វ ឬចោលកន្ទុយបារី ពាសវាលពាសកាល បណ្តាលឱ្យឆេះព្រៃឈើ បំផ្លាញសម្បត្តិធនធានធម្មជាតិ ដែលបង្កផលប៉ះពាល់ដល់បរិ ស្ថាន ដោយត្រូវរួមគ្នាថែរក្សាការពារព្រៃឈើរបស់យើងដែលកំពុងតែរងនូវការកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញទុច្ចរិតផងនោះ។

គួរបញ្ជាក់ថា ភ្នំព្រះ និងភ្នំវែង ជាតំបន់រមណីដ្ឋានមួយដ៏ស្រស់ស្អាត ពោរពេញទៅដោយសម្រស់ព្រៃភ្នំធម្មជាតិ និងសត្វព្រៃកម្រៗជាច្រើនប្រភេទ កំពុងត្រូវបានអភិរក្ស និងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនាកម្សាន្ត ជារៀងរាល់ថ្ងៃ៕

RELATED ARTICLES