Sunday, February 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡថ្នាំ ភ្លើងឆេះហ្មត់

ឡថ្នាំ ភ្លើងឆេះហ្មត់

ខេត្តកំពង់ចាម ៖ ឡថ្នាំ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតអស់ទាំង ស្រុង និងផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រីប្រាស់ទឹកអស់ ១ឡាន ទើបអាចគ្រប់ គ្រងស្ថានការណ៍បាន។

ករណីអគ្គិភ័យឆេះឡថ្នាំនេះ បានកើតឡីងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

ឡថ្នាំដែលរងការឆាបឆេះ សង់ពីឈើបាំងស័ង្កសី និងប្រក់ដំបូលស័ង្កសី មានទំហំ៤,៧ម៉ែត្រ គុណនឹង ៧ម៉ែត្រ មានម្ចាស់ឈ្មោះ ម៉ិ ឆេង ភេទប្រុស អាយុ៦៣ឆ្នាំ និងប្រពន្ធឈ្មោះថោ សុខឡាយ អាយុ៥៥ឆ្នាំ និងមានលំនៅ ក្នុងភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដោយឱ្យរថយន្តពន្លត់អគ្គិភ័យគ្រប់ក្រុងស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម គឺប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមចាំជួយដល់ប្រជាពលរដ្ឋគ្រប់ទិសទី ពេលដែលសុំអន្តរាគមន៍ក្នុងគ្រោះអគ្គិ ភ័យកើតឡើងនៅកន្លែងណាមួយ។

ប្រភពដដែល បន្តថា ក្រោយទទួលបានព័ត៌មានករណីអគ្គិភ័យខាងលើ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរ បាលស្រុកស្ទឹងត្រង់ ចេញរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ចុះទៅអន្តរាគមន៍ជួយពន្លត់ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ។

ទីតាំងកើតហេតុស្ថិតនៅចម្ងាយ២៨គីឡូម៉ែត្រ ពីអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងចម្ងាយ ១០០ម៉ែត្រ ពីផ្លូវកៅស៊ូ។

មូលហេតុនៃអគ្គិភ័យនេះ  បណ្តាលមកពីការធ្លាយទុយោឡ។ ករណីនេះ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង និងបានបាញ់ទឹកពន្លត់អស់ ១ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង៩យប់ ថ្ងៃដដែល។ ហេតុការណ៍នេះ បានឆេះខូចខាតឡថ្នាំ អស់ទាំងស្រុង តែមិន បណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕

RELATED ARTICLES