ខេត្តក្រចេះ ៖ លោកវរសេនីយ៍ទោ លាត ញ៉ មេបញ្ជាការកងវរសេនាតូចលេខ ២២៧ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបគំនរឈើ លាក់ទុកមួយកន្លែង នៅចំណុចភូមិរមួល ឃុំកំពង់ចាម ស្រុកសម្បូណ៌។

យោងតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ គឺមានបទបញ្ជាលោកនាយសេនាធិការយោធភូមិភាគទី២ និងបានប្រើប្រាស់កម្លាំងយោធាចំនួន ២៣នាក់ ក្នុងប្រតិបត្តិការចុះបង្ក្រាប បានដកហូតឈើប្រភេទឈើក្រហម បានប្រមាណជាង ១២ម៉ែត្រគូប ដែលគេដឹងថាជារបស់ឈ្មោះធា ភេទប្រុស មានលំនៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (បានរត់គេចខ្លួនបាត់ មុនពេលកម្លាំងចុះទៅដល់)។តាមប្រភពព័ត៌មាន បានបញ្ជាក់ថា គំនរឈើទាំងនេះ ក្រុមឈ្មួញបានលាក់ទុក ដើម្បីត្រៀមរៀបចំលើកដាក់រថយន្តសាំងយ៉ុង ដឹកយកទៅចែកចាយបន្តនៅតាមបណ្តាខេត្តនានា។

ប្រភពបានបញ្ជាក់បន្ថែមថា គំនរឈើប្រមាណជាង ១២ម៉ែត្រគូបនេះ គឺដឹកចេញពីតំបន់ព្រៃឡង់ តាមគោយន្តកន្ត្រៃ ដើម្បីយកមករៀបដាក់រថយន្តសាំងយ៉ុងកែច្នៃ របស់ក្រុមឈ្មួញខាងលើ៕


