ភ្នំពេញ ៖ ទីតាំងហាងខារ៉ាអូខេ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមូលហេតុបណ្តាលមកពីការឆ្លង ចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ធ្វើឱ្យខូចខាត និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅកម្លាំងជំនាញចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន៧០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
![](https://norkorthom.com/wp-content/uploads/2025/02/x1-5.jpg)
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចទីតាំងខារ៉ាអូខេ យេស-ខេធីវី ស្ថិតនៅតាមផ្លូវ១៣៩ ភូមិ០៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។
![](https://norkorthom.com/wp-content/uploads/2025/02/x2-5.jpg)
ហាងខារ៉ាអូខេដែលរងការឆាបឆេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ៣៥ម៉ែត្រ គុណនឹង ៦៥ម៉ែត្រ មានម្ចាស់ទីតាំងឈ្មោះហូ សំបូរ ភេទប្រុស អាយុ៤៥ឆ្នាំ។ អគ្គិភិយបានឆេះ ចំនួន១បន្ទប់ ទំហំ៨ម៉ែត្រ គុណនឹង ៨ម៉ែត្រ រួមទាំងសម្ភារអស់ទាំងស្រុង តែពុំបានបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
![](https://norkorthom.com/wp-content/uploads/2025/02/x3-5.jpg)
លោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
![](https://norkorthom.com/wp-content/uploads/2025/02/x5-4.jpg)
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់ ៥៤ឡាន ស្មើនឹង ២១៦ម៉ែត្រគូប។ រថយន្តជំនួយមកពី ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ២៥ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងអូឡាំព្យ៉ា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើនឹង ២៤ម៉ែត្រ គូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។ សរុបប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២៥គ្រឿង និងប្រើប្រាស់ទឹកសរុបចំនួន ៧០ឡាន ស្មើនឹង ៣០១ម៉ែត្រគូប។
![](https://norkorthom.com/wp-content/uploads/2025/02/x7-2.jpg)
គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការបាញ់ពន្លត់ទាំងស្រុង នៅវេលាម៉ោង ១២និង២០នាទី ថ្ងៃត្រង់ ថ្ងៃដដែល។
![](https://norkorthom.com/wp-content/uploads/2025/02/x6-3.jpg)
ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕
![](https://norkorthom.com/wp-content/uploads/2025/02/x4-4.jpg)