ខេត្តក្រចេះ ៖ ស្ត្រីម្នាក់ មានផ្ទៃពោះគ្រប់ខែ បានឈឺពោះសម្រាលកូន ត្រូវបានប្តីដឹកតាមទូកម៉ាស៊ីន ១គ្រឿង សំដៅទៅសម្រាលកូននៅមណ្ឌលសុខភាពកំពង់ចាម ក្នុងស្រុកសម្បូណ៌ ខេត្តក្រចេះ តែឆ្លងទន្លេមិនទាន់ផុតផង ក៏ឈឺពោះសម្រាលកូននៅលើទូកតែម្តង ដោយមាន ក្រុមគ្រូពេទ្យជួយបង្កើតបានដោយសុវត្ថិភាព។
ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចមាត់ច្រាំងទន្លេ ស្ថិតនៅខាងក្រោយមណ្ឌលសុខភាពកំពង់ចាម ស្ថិតក្នុងស្រុកសម្បូណ៌។
ស្ត្រីដែលសម្រាលកូនលើទូក មានឈ្មោះអ៊ឹម ស្រីណេង មានលំនៅ ភូមិបឹងចារ ឃុំបឹងចារ ស្រុកសម្បូណ៌ ខេត្តក្រចេះ។
លោកវ៉ា កាទីយ៉ា ប្រធានមណ្ឌលសុខភាពកំពង់ចាម បានឱ្យដឹងកាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា មុនពេលកើតហេតុ ស្ត្រីខាងលើ មានផ្ទៃពោះគ្រប់ខែ និងឈឺពោះសម្រាល ទើបត្រូវបានប្តីដឹកតាមទូកម៉ាស៊ីន ចេញពីភូមិរបស់ខ្លួន ឆ្ពោះមកកាន់មណ្ឌលសុខភាព កំពង់ចាម ស្ថិតនៅលើផ្លូវចម្ងាយប្រមាណ៤០គីឡូម៉ែត្រ តាមផ្លូវទឹក ស្របពេលដែលបើកមកដល់មាត់ច្រាំងទន្លេមេគង្គ នៅក្រោយមណ្ឌលសុខភាព នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏សម្រាលបានកូនប្រុស ទម្ងន់៣,៤០គីឡូក្រាម នៅលើទូកតែម្តង។
លោកប្រធានមណ្ឌលសុខភាព បន្តថា ដំបូងដោយឃើញស្ត្រីមានផ្ទៃពោះគ្រប់ខែនេះ មិនអាចនាំឡើងមកមណ្ឌលសុខភាពបាន ក៏ត្រូវបានក្រុមគ្រូពេទ្យជាច្រើននាក់ ប្រញាប់ចុះទៅជួយបង្កើតតាមលក្ខណៈបច្ចេកទេសនៅលើទូកតែម្តង។ ក្រោយពីសម្រាលរួច ក្រុមគ្រូពេទ្យ បាននាំគ្នាសែងស្ត្រីខាងលើ មកដាក់សម្រាកនៅមណ្ឌលសុខភាពកំពង់ចាម រហូតមកដល់រសៀលថ្ងៃ០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ត្រីជាម្តាយ និងទារក មានសុខភាពល្អធម្មតា៕