Tuesday, February 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់ម៉ូតូ កុហកប្រពន្ធថាចោរប្ល---/ន់ ខាត់ សុឃីម បង្ហោះផ្អើ---/លប៉ូលិស

លក់ម៉ូតូ កុហកប្រពន្ធថាចោរប្ល—/ន់ ខាត់ សុឃីម បង្ហោះផ្អើ—/លប៉ូលិស

ភ្នំពេញ ៖ បុរសម្នាក់ បានជំពាក់បំណុលគេ និងត្រូវបានប្រពន្ធផ្តល់ប្រាក់ឱ្យយកទៅសងគេម្តងរួចមកហើយ តែបែរជាមិនសង យកទៅចាយអស់ លុះចុងក្រោយសម្រេចចិត្តលក់ម៉ូតូ ដើម្បីយកប្រាក់សងបំណុលគេ តែខ្លាចប្រពន្ធដឹងខឹងសម្បា ក៏បែកគំនិតកុហកប្រពន្ធថា ត្រូវចោរប្លន់ម៉ូតូ លុះសិល្បការិនី ខាត់ សុឃីម បង្ហោះ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហៅបុរសប្រតិដ្ឋរឿងមកសាកសួរ។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ថា បុរសដែលប្រឌិតព័ត៌មានចោរប្លន់ម៉ូតូ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចកោះហៅសាកសួរ ការពិតករណីនេះជារឿងប្រឌិតព័ត៌មានមិនពិត ដោយយកម៉ូតូនោះទៅលក់ ចំនួន៩៣០ដុល្លារ ដើម្បីសងបំណុលគេ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីឃើញការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុក ឈ្មោះខាត់ សុឃីម ដែលមានខ្លឹមសារ “សូមបងប្អូនអ្នកសិល្បៈភ្លេងខ្មែរ បង្កើនការប្រុងប្រយ័ត្ន ពេលជិះម៉ូតូជិតភ្លឺ ទៅលេងភ្លេង កុំឈប់កន្លែងស្ងាត់ៗអី ព្រោះឮដំណឹងថា ព្រឹកមិញ គេប្លន់ម៉ូតូអ្នកភ្លេងខ្មែរមួយគ្រឿង ព្រឹកមិញ ម្តុំក្រាំងធ្នង់” កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានការស៊ែរបន្ត ដោយគណនីហ្វេសបុក ឈ្មោះអាចារ្យធំ នគររាជ ដោយបានសរសេរពាក្យពេចន៍មិនសមរម្យ របៀប ប្រមាថមើលងាយមកលើសមត្ថកិច្ចអនុវត្តច្បាប់។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរ បាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវករណីនេះ។

នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានកោះហៅឈ្មោះណែម សុធា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកលេងភ្លេងខ្មែរ មានលំនៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខ ចូលមកបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះណែម សុធា បាននិយាយរៀបចំពីដំណើរការរឿងថា នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្លួនបានប្រាប់ទៅមិត្តភក្តិឈ្មោះរ៉ា ថាខ្លួនត្រូវបានចោរប្លន់ម៉ូតូ នៅកន្លែងស្ងាត់ ពេលជិតភ្លឺ នៅម្តុំសង្កាត់ក្រាំងធ្នង់។ លុះក្រោយមក ឈ្មោះរ៉ា ក៏បានផ្ញើសារសំឡេងចូលទៅក្នុងគ្រុបហ្វេសប៊ុកដែលមានឈ្មោះថា មិត្តសិល្បករភ្លេងខ្មែរ អំពីរឿងហេតុដែលឈ្មោះណែម សុធា បានប្រាប់ខ្លួន។

ក្រោយពីធ្វើការសាកសួររួច ឈ្មោះ ណែម សុធា បានឆ្លើយសារភាពថា ខ្លួនបានយកម៉ូតូ ទៅលក់ ក្នុងតម្លៃ ៩៣០ដុល្លារ ដើម្បីយកលុយទៅសងបំណុល ហើយខ្លាចប្រពន្ធដឹង ដោយពេលកន្លងមក ប្រពន្ធធ្លាប់ឱ្យលុយសងបំណុលគេហើយ ទើបបែកគំនិតប្រឌិតរឿងថា ខ្លួនត្រូវបាន ចោរប្លន់ម៉ូតូតែម្តង។

ករណីនេះសមត្ថកិច្ចកំពុងបន្តសាកសួរឈ្មោះណែម សុធា នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕

RELATED ARTICLES