ភ្នំពេញ ៖ យុវជនម្នាក់ កំពុងដឹកជញ្ជូនគ្រឿងញៀន តាមផ្លូវ ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាប ចាប់ខ្លួន ព្រមទាំងដកហូតថ្នាំញៀន ជាង១៧គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ប្រតិបត្តិការបង្ក្រាបការដឹកញ្ជូនគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ២២០ ស្ថិតក្នុងភូមិ៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ជនសង្ស័យដែលត្រូវសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួន មានឈ្មោះហេង សំណាង ភេទប្រុស អាយុ២០ឆ្នាំ។
![](https://norkorthom.com/wp-content/uploads/2025/02/x1-12.jpg)
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាលនិងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន្ប កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ដោយខុសច្បាប់ នូវសារធាតុញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន ជាង១៧គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ប្រភពដដែល បន្តថា នៅវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញការិយា ល័យ ក១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ បានសហការជាមួយកម្លាំងនគរ បាលរាជរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្រសម្រួលពីលោកគឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវនិងបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀន នៅចំណុចតាម បណ្តោយផ្លូវលេខ២២០ ភូមិ៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះហេង សំណាង និងចាប់យកគ្រឿងញៀន ប្រភេទកេតាមីន ចំនួន១៨កញ្ចប់ ទម្ងន់សរុប ១៧ ៩២៨ក្រាម (១៧គីឡូ ៩២៨ក្រាម)។
![](https://norkorthom.com/wp-content/uploads/2025/02/x2-11.jpg)
ជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕