ខេត្តកំពង់ស្ពឺ ៖ តំបន់ធម្មជាតិតេទឹកពុះ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ភាគខាងលិចនៃ ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានរៀបចំគម្រោង អភិវឌ្ឍជាតំបន់ទេសចរណ៍ពិសេសដោយសង្ឃឹម ថា នឹងទទួលបានការទាក់ទាញពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៧ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានដឹកនាំគណៈប្រតិភូក្រសួង រួមជាមួយ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង មន្ត្រីពាក់ព័ន្ធជាច្រើនទៀត ចុះទស្សនកិច្ចនៅ តំបន់រមណីយដ្ឋានធម្មជាតិ តេទឹកពុះ ស្ថិតក្នុង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បី ពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍន៍តំបន់នេះទៅ ជាតំបន់ទេសចរណ៍ពិសេសមួយ ព្រោះមុនចុះ មកពិនិត្យ តាមការសិក្សាកន្លងមក តំបន់នេះ ពិតជាតំបន់រមណីយដ្ឋានធម្មជាតិទេសចរណ៍ ដ៏មានសារសំខាន់ ដែលផ្តល់ផលប្រយោជន៍ បានច្រើន។ ដូច្នេះក្រសួងនឹងអភិវឌ្ឍតំបន់នោះ ឱ្យទៅជាតំបន់ទេសចរណ៍ពិសេសពិតប្រាកដ។
លោករដ្ឋមន្ត្រីថោង ខុន បានមានប្រសាសន៍ នៅពេលនោះថា តាមការចុះពិនិត្យនិងសិក្សា ស្រាវជ្រាវរបស់ក្រុមជំនាញផ្នែកទឹកពុះ (Hot Spring) របស់ប្រទេសជប៉ុន កាលពីឆ្នាំ២០០៧ បានឱ្យដឹងថា ទឹកក្តៅនៅតេទឺកពុះនេះ មាន គុណភាពល្អ សម្រាប់ព្យាបាលជំងឹផ្សេងៗ និង អាចកែច្នៃប្រើប្រាស់សម្រាប់ថែរក្សាស្បែក និង សម្រស់ស្ត្រីបានច្រើនមុខ។ បានន័យថា តំបន់ តេទឹកពុះ ពិតជាតំបន់ទាក់ទាញទេសចរដ៏កម្រ និងពិសេស ដែលអាចទាក់ទាញទេសចរ ជាតិ អន្តរជាតិ មកទស្សនាតំបន់នេះ។ ដូច្នេះ ដើម្បី ធ្វើការអភិវឌ្ឍ ឱ្យក្លាយជាតំបន់ទាក់ទាញពិសេស សម្រាប់ប្រទេសជាតិ និងសម្រាប់ខេត្តកំពង់ស្ពឺ ទាំងមូល ប្រកបដោយជោគជ័យ ក្រសួងបាន ណែឱ្យនាយកដ្ឋានជំនាញ មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត សហការគ្នារៀបចំ បង្កើតតំបន់ តេទឹកពុះនេះ ឱ្យទៅជាសហគមន៍ទេសចរណ៍។ ក្នុងនោះ ជាជំហានដំបូង នឹងរៀបចំបែបបទ ស្នើទៅក្រសួងបិរស្ថាន ដើម្បីបង្កើតជាសហគមន៍ការពារធម្មជាតិ រួចហើយរៀបចំបង្កើតជា គណៈកម្មការគ្រប់គ្រងសហគមន៍ និងសេវាកម្ម ទេសចរណ៍នៅតំបន់នេះតែម្តង។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោកទិត ចន្ថា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ជាការពិត តំបន់តេ ទឹកពុះ ពិតជាមានសក្តានុពលសម្រាប់បម្រើ ឱ្យវិស័យទេសចរណ៍។ ដូច្នេះហើយ ទើបលោករដ្ឋមន្ត្រី ចុះទៅពិនិត្យលទ្ធភាពដើម្បីអភិវឌ្ឍ តំបន់នេះ ជាតំបន់ទេសចរណ៍ពិសេស ហើយ ប្រហែលមិនយូរទេ គម្រោងអភិវឌ្ឍនេះ នឹង លេចរូបរាងឡើងពិតប្រាកដ។
លោកទិត ចន្ថា មានប្រសាសន៍ថា “ខ្ញុំ គ្រាន់តែសុំបញ្ជាក់ជូនថា អាហ្នឹងគឺជាគម្រោង ល្អ ដែលយើងចង់យកតំបន់សក្តានុពលទេសចរណ៍ ទោះបីថាវាធម្មជាតិក៏ដោយ វាសំខាន់មួយ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ ផ្នែកអេកូ ផ្នែកធម្មជាតិហ្នឹង ព្រោះតេទឹកពុះ ហ្នឹងវា Ca Hot Spring បើយើងនិយាយជាភាសាអង់គ្លេស ហើយវាល្បីល្បាញនៅស្រុកជាច្រើនដូច ស្រុកជប៉ុន ស្រុកអីមួយចំនួនហ្នឹង គេបានប្រើប្រាស់សក្តានុពលហ្នឹងទាក់ទាញទេសចរច្រើន ណាស់ ទាំងទៅកម្សាន្ត ក៏ដូចជាប្រើប្រាស់វា ក្នុងការព្យាបាលសុខភាព គេហៅ ទេសចរណ៍ សុខភាពនោះណា! ហ្នឹងហើយ! ក៏កើតចេញពី Hot Spring ហ្នឹងដែរ ហើយយើងមានសក្តា- នុពលរួចហើយ ប៉ុន្តែវានៅមិនទាន់ បានរៀបចំ អីឱ្យទៅជាការទាក់ទាញទេសចរណ៍អីបាននៅ ឡើយទេ។ អ៊ីចឹងហើយ បានឯកឧត្តមរដ្ឋមន្ត្រី លោកអញ្ជើញទៅជាមួយប្រតិភូទាំងអស់ហ្នឹង ដើម្បីរៀបចំជំរុញសិក្សាអាហ្នឹង មើល តើយើង អាចនឹងរុញឱ្យបានទៅជាការអភិវឌ្ឍន៍នៅទីហ្នឹង ដើម្បីផលប្រយោជន៍ទាំងបងប្អូនប្រជាពលរដ្ឋសហគមន៍នៅទីហ្នឹងផង ព្រោះតែកាល ណាភ្ញៀវទៅកម្សាន្ត គេរីករាយ គេប្រើប្រាស់ សេវា ទទួលទានម្ហូបអាហារ៘ អ៊ីចឹងទៅ វាបានផលដល់ប្រជាជននៅតំបន់ហ្នឹង។ អ៊ីចឹង មានគោលដៅប៉ុណ្ណឹង”។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួង បរិស្ថាន លោកសៅ សុភាព បានបញ្ជាក់ថា ក្នុង នាមក្រសួងបរិស្ថាន លោកអបអរសាទរ និង ស្វាគមន៍ចំពោះមតិលើកឡើងជុំវិញគម្រោង បង្កើតតំបន់ទេសចរណ៍ពិសេស នៃរមណីយដ្ឋាន តេទឹកពុះនេះ ហើយនឹងសហការក៏ដូចជាជំរុញ ការងារនេះ ជាមួយក្រសួងទេសចរណ៍ឱ្យបាន ល្អ។
លោកសៅ សុភាព មានប្រសាសន៍ថា “អត់មានឆ្លើយតបអីទេ អាហ្នឹងគឺការងាររៀបចំ សហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ ក៏ដូច ជាកិច្ចការដ៏សំខាន់របស់ក្រសួងបរិស្ថាន។ ទី២ ទៀត ការរៀបចំឱ្យមានជាគម្រោង ឬក៏ជា សកម្មភាពទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ ការពារធម្មជាតិ ក៏ជាកិច្ចការចាំបាច់របស់ក្រសួង បរិស្ថានដែរ។ ដូច្នេះជាទិសដៅ យើងនឹងសហការ និងធ្វើការរួមគ្នាក្នុងការងាររៀបចំទី១ អាច ចងក្រង រៀបចំបង្កើតជាសហគមន៍តំបន់ការពារធម្មជាតិ ហើយកិច្ចការឬការងារសំខាន់របស់ សហគមន៍នោះ អាចគិតគូរនៅក្នុងក្របខ័ណ្ឌ ជំរុញជាសហគមន៍ទេសចរណ៍ធម្មជាតិ ហ្នឹង ហើយ”។
លោកសៅ សុភាព មានប្រសាសន៍បន្ត ថា “យើងបាននិងកំពុងធ្វើកិច្ចការងារហ្នឹងហើយ ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ច្បាស់ណាស់ លោកតែងតែលើកនៅក្នុងវេទិកា ក៏ដូចជានៅ ក្នុងកិច្ចប្រជុំនានា គឺទី១ យើងត្រូវជំរុញការ រៀបចំចងក្រងបង្កើតសហគមន៍ការពារធម្មជាតិ ក៏ដូចជានៅក្នុងតំបន់ការពាររបស់យើង ដើម្បី ឱ្យសហគមន៍មានជារចនាសម្ព័ន្ធរឹងមាំ ដើម្បី គាត់ចូលរួមនៅក្នុងការការពារនិងអភិរក្ស ក៏ ដូចជាអាស្រ័យផលពីធនធានធម្មជាតិ។ ទី២ ការងារទេសចរណ៍ធម្មជាតិនេះ យើងមាននា- យកដ្ឋានទេសចរណ៍ធម្មជាតិមួយ នៅក្នុងអគ្គ- នាយកសហគមន៍មូលដ្ឋាន ដែលលោកត្រូវ មានភារកិច្ចត្រូវពិនិត្យ ហើយនិងជំរុញបង្កើត ជាគម្រោងទេសចរណ៍ធម្មជាតិ នៅតាមតំបន់ ការពារធម្មជាតិ ដែលនៅក្នុងនោះដូចជាករណី តេទឹកពុះ យើងអាចជំរុញរៀបចំឱ្យមានជា សហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីឱ្យគាត់ អាចទទួលបានចំណូលពីទេសចរណ៍ហ្នឹង ពី សកម្មភាពទេសចរណ៍ហ្នឹង ដើម្បីយើងអាច កាត់បន្ថយសម្ពាធឬការពឹងអាស្រ័យទាំងស្រុង ទៅលើធនធានធម្មជាតិ ពីសំណាក់សហគមន៍៕ កុលបុត្រ