ភ្នំពេញ ៖ ករណីបុគ្គលិកអង្គការអភិរក្សបរិស្ថាននិងអភិវឌ្ឍន៍ជនបទ ដែលមានកាន់ឯកសារចុះឈ្មោះក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល បានបញ្ជាទិញសាច់សត្វព្រៃពីស្ត្រីម្នាក់ យកមកចែកគ្នាហូបអស់ រួចហើយគំរាមទារប្រាក់ពីស្ត្រីចំណាស់ជាអ្នកលក់ ចំនួន៥លានរៀលថែមទៀតនោះ ទីបំផុតត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនអ្នកពាក់ព័ន្ធ សរុបចំនួន៥នាក់ បញ្ជូនទៅតុលាការ។
![](https://norkorthom.com/wp-content/uploads/2025/02/x3-9.jpg)
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថាមានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួនប្រជាពលរដ្ឋ ជាអ្នកលក់នោះ ដើម្បីគំរាមទារប្រាក់ថែមទៀត ករណីនេះ កើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
![](https://norkorthom.com/wp-content/uploads/2025/02/x2-12.jpg)
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចូលរួមសហការ ជាមួយគណៈបញ្ជាការឯកភាពខណ្ឌដំបូល ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានមនុស្ស ចំនួន៥នាក់ ជាបន្តបន្ទាប់ រួមមាន ទី១-ឈ្មោះគង់ សឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរប្រធានអង្គការអភិរក្សបរិស្ថាននិងអភិវឌ្ឍន៍ជនបទ។ ទី២-ឈ្មោះពិន សារុំ ភេទប្រុស អាយុ៥១ឆ្នាំ ជាបុគ្គលិកអង្គការអភិរក្សបរិស្ថាននិងអភិវឌ្ឍន៍ជនបទ។ ទី៣-ឈ្មោះប៉ាក សុភាព ភេទប្រុស អាយុ៤៦ឆ្នាំ ជាបុគ្គលិកអង្គការអភិរក្សបរិស្ថាននិងអភិវឌ្ឍន៍ជនបទ។ ទី៤-ឈ្មោះគាន សំអឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជាបុគ្គលិកអង្គការអភិរក្សបរិស្ថាននិងអភិវឌ្ឍន៍ជនបទ និងទី៥-ឈ្មោះ ខៀវ ហុន ភេទប្រុស អាយុ៤៩ឆ្នាំ ជាបុគ្គលិកអង្គការអភិរក្សបរិស្ថាននិងអភិវឌ្ឍន៍ជនបទ។ រួចនាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីសាកសួរពីដំណើររឿង។
![](https://norkorthom.com/wp-content/uploads/2025/02/x2-13.jpg)
ក្រោមវិធានការជំនាញ ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពដូចៗគ្នាថា ក្រុមខ្លួនពិតជាមានការចាត់តាំងរៀបចំគម្រោងធ្វើការឃាត់ខ្លួនស្ត្រីអ្នកលក់សត្វព្រៃម្នាក់ ដោយចាប់យកសត្វអណ្តើក ៥ក្បាល ពស់វែក ១ក្បាល និងពស់ចាន់ល្មម ២ក្បាល ព្រមទាំងបានគំរាមទារប្រាក់ចំនួន៥លានរៀល តែស្ត្រីនោះសុំត្រឹមចំនួន ៣០០ដុល្លារ ជាថ្នូរឱ្យស្ត្រីម្នាក់នោះ រួចខ្លួន ត្រឡប់ទៅលំនៅឋានវិញប្រាកដមែន ហើយប្រាក់ចំនួន ៣០០ដុល្លារនោះ ពួកខ្លួនបានចែកគ្នាបានម្នាក់ជាង ២០ម៉ឺនរៀល រីឯសាច់សត្វដែលពួកខ្លួនបានចាប់នោះ ពួកខ្លួនយកទៅចែកគ្នាហូបអស់ហើយ។ កន្លងមក មានករណីបទល្មើសកើតឡើង ពួកខ្លួនតែងតែទទួលយកលុយពីពួកឈ្មួញដែលបានសូកប៉ាន់ ជាច្រើនលើកច្រើនសា។
ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
![](https://norkorthom.com/wp-content/uploads/2025/02/x5-9.jpg)
គួររំលឹកថា កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើង នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ដោយស្ត្រីវ័យចំណាស់ម្នាក់ ជាអ្នកលក់ប្រហុកផ្អក ត្រីងៀត នៅផ្សារត្រពាំងគល់ ត្រូវអ្នកអភិរក្សសត្វព្រៃ ១ក្រុម កុម្មង់ទិញពស់វែក ពស់ចាន់ល្មម និងអណ្តើក លុះពេលពេលរូបគាត់ដឹកយកទៅឱ្យដល់ផ្ទះ មន្ត្រីអភិរក្សសត្វព្រៃមួយរូបនោះ ក៏នាំគ្នាទាមទារយកប្រាក់ពីគាត់ ចំនួន៥លានរៀល ជាថ្នូរនឹងការដោះលែង។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ស្ត្រីវ័យចំណាស់ម្នាក់ ជាអ្នកលក់ ប្រហុកផ្អក និងលក់ត្រីងៀត បានមកប្តឹងគាត់ជាអាជ្ញាធរភូមិថា មានមន្ត្រីអភិរក្សសត្វព្រៃ ចំនួន៥រូប បានឃាត់គាត់ ខណៈពេលគាត់លក់សត្វព្រៃ មានពស់វែក ១ក្បាល ពស់ចាន់ល្មម ២ក្បាល និងសត្វអណ្តើក ៥ក្បាល។
![](https://norkorthom.com/wp-content/uploads/2025/02/x1-13.jpg)
ស្ត្រីខាងលើ បានបញ្ជាក់ប្រាប់ថា កាលពីពី ៣ថ្ងៃមុន ខណៈពេលកំពុងអង្គុយលក់ប្រហុកផ្អកសុខៗ ស្រាប់តែមានបុរសម្នាក់ មកសួរគាត់ ចង់កុម្មង់រកទិញពស់វែក ពស់ចាន់ល្មម និងអណ្តើក ទើបគាត់បានប្រាប់ទៅអ្នកនៅស្រុកស្រែ ដែលគាត់ធ្លាប់ទិញប្រហុកផ្អក ពស់ព្រលិត ថាមានគេនៅភ្នំពេញ កុម៉្មង់ចង់ហូបសត្វទាំងនោះ លុះ រយៈពេល ២ថ្ងៃក្រោយមក អ្នកនៅស្រុកស្រែ រកបានសត្វទាំងនោះ ហើយបានផ្ញើមកឱ្យគាត់ ទើបគាត់បានទាក់ទងទៅបុរសដែលកម្មង់នោះ ឱ្យមកយកនៅផ្សារត្រពាំងគល់ ជាទីតាំងដែលគាត់លក់ប្រហុកផ្អក ត្រីងៀត ជាប្រចាំថ្ងៃ នៅវេលាម៉ោង ៩ព្រឹក។ ពេលនោះ បុរសម្នាក់នោះ បានមកដល់ផ្សារ តែមានគ្នា៥នាក់ និងបាននាំគាត់និងសត្វព្រៃ ពស់វែក ពស់ចាន់ល្ម និងអណ្តើក ជិះម៉ូតូទៅផ្ទះបុរសដែលកុម្មង់ទិញសត្វព្រៃ ពីគាត់ នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ ពេលទៅដល់ ស្រាប់តែបុរស៥នាក់នោះ បាននិយាយប្រាប់គាត់ថា ពួកគេជាអ្នកអភិរក្សសត្វព្រៃ គាត់លក់សត្វព្រៃនេះគឺខុសច្បាប់ បើមិនចង់មានបញ្ហាទេ ត្រូវបង់លុយឱ្យពួកគេ ចំនួន៥លានរៀល។ ឮដូចនេះគាត់មានការភ័យខ្លាច ក៏បានទូរស័ព្ទទៅរកបងប្អូនកូនចៅ ឱ្យជួយនិយាយចរចាគ្នាជាមួយពួកលោកអភិរក្សទាំង៥នាក់ ចុងក្រោយចុះសល់ត្រឹមតម្លៃ ៣០០ដុល្លារ តែគាត់គ្មានលុយទេ គឺកូនគាត់ជួយរកលុយ បាញ់តាម ABA ទៅឱ្យក្រុមអស់លោកជាអ្នកអភិរក្ស ទើបរូបគាត់បានរួចខ្លួនវិញ តែសត្វពស់វែក ពស់ចាន់ល្មម និងអណ្តើក ត្រូវបានក្រុមអភិរក្សយកទៅបាត់អស់៕
![](https://norkorthom.com/wp-content/uploads/2025/02/x4-9.jpg)