Thursday, February 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ៥ពាន់ដុល្លារ អ្នកលក់ដា.../វរួចខ្លួន តុលាការ បើកការស្រាវជ្រាវ

 ៥ពាន់ដុល្លារ អ្នកលក់ដា…/វរួចខ្លួន តុលាការ បើកការស្រាវជ្រាវ

ខេត្តត្បូងឃ្មុំ ៖ ករណីជាងដែក ២នាក់ (មេជាង និងកូនជាង) ដែលបង្ហោះលក់ដាវ កាំបិត តាមបណ្តាញសង្គម និងត្រូវបានកម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចុះឃាត់ខ្លួន បញ្ជូនទៅតុលាការ ប៉ុន្តែត្រូវបានតំណាងអយ្យការ សម្រេចដោះលែង ក្រោយពីរកឃើញថា ពួកគេគ្រាន់តែផលិតលក់ជាលក្ខណៈគ្រួសារតជំនាន់ ប៉ុន្តែក្រោយការដោះលែង មានពាក្យចចាមអារ៉ាមថា “ការដោះលែងអ្នកផលិតដាវ កាំបិត ឱ្យត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងទឹក ប្រាក់ ៥៥០០ដុល្លារ” នោះ ករណីនេះ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ កំពុងបើកការស្រាវជ្រាវបន្ត។

គួរបញ្ជាក់ថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានទទួលសំណុំរឿងពីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលមានអង្គហេតុ ៖ កាលពីថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុម HOTLINE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្មធ្វើកាំបិត មួយកន្លែង នៅចំណុចផ្ទះឈ្មោះសា សូនី ស្ថិតនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ចំនួន២នាក់ ៖ ១-ឈ្មោះសា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម ជាមេជាង ២-ឈ្មោះអិន ប្រុសទូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម ជាកូនជាង និងជាអ្នកឡាយវីដេអូលក់កាំបិត និងដាវ តាម FACEBOOK និងTIKTOK ហើយសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន  ៖ ដាវវែង ចំនួន០៣ដើម ដាវខ្លី ចំនួន០៦ដើម កាំបិតផ្គាក់ដងវែង ចំនួន ៣ដើម កាំបិតផ្គាក់ដងខ្លី ចំនួន១ដើម កាំបិតខ្មែវ ចំនួន២ដើម កាំបិតប៉័ងតោ ចំនួន៣ដើម កាំបិតស្នៀត ចំនួន៧ដើម ពូថៅ ចំនួន២ដើម ស្រោមដាវ ធ្វើពីឈើ ចំនួន៤ ស្រោមកាំបិតប៉័ងតោ ធ្វើពីឈើ ចំនួន១ ឧបករណ៍សម្រាប់កែច្នៃកាំបិត ចំនួន៥ និងម៉ូទ័រ ចំនួន៥។

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រោយពីតំណាងអយ្យការបានធ្វើការសាកសួរទៅលើជនសង្ស័យទាំងពីរនាក់ ដែលមានឈ្មោះសា សូទី ភេទប្រុស និងឈ្មោះអិន ប្រុសទូច ភេទប្រុស តំណាងអយ្យការ បានសម្រេចឱ្យជនសង្ស័យទាំងពីរនាក់ បានត្រឡប់ទៅផ្ទះវិញ ជាបណ្តោះអាសន្ន តាមរយៈការស្នើសុំធានាកូនក្តី ឱ្យបានត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន ពីសំណាក់មេធាវី ហើយសំណុំរឿង តំណាងអយ្យការកំពុងស៊ើបអង្កេតបន្ត។

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវបន្ថែម ទៅលើពាក្យចចាមអារាម ដែលបានលើក ឡើងថា “ដោះលែងអ្នកផលិតកាំបិត ឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន ៥៥០០ដុល្លារ”…។

គួររំលឹកថា បុរសខ្មែរអ៊ិស្លាម ចំនួន២នាក់ ទី១-ឈ្មោះសា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ (មេជាង) និងទី២-ឈ្មោះអិន ប្រុសទូច ភេទប្រុស អាយុ២៥ឆ្នាំ (កូនជាង) ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ពាក់ព័ន្ធការធ្វើកាំបិត ដាវ លក់ចែកចាយតាមបណ្តាញសង្គម។ បន្ទាប់មក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចដោះលែងបុរសខ្មែរអ៊ិស្លាមទាំង២នាក់ខាងលើ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា តំណាងអយ្យការ សម្រេចដោះលែងអ្នកទាំង២ខាងលើ (ឈ្មោះសា សូទី និងឈ្មោះអិន ប្រុសទូច) ឱ្យនៅក្រៅឃុំ ក្រោមហេតុផល ចំនួន៤ចំណុច បន្ទាប់ពីឆ្លងការសាកសួរយ៉ាងយកចិត្តទុកដាក់។

ហេតុផលទាំង ៤ចំណុច ដែលសម្រេចឱ្យតំណាងអយ្យការដោះលែងនោះ រួមមាន ៖ ទី១-ការផលិតរបស់ពួក គាត់ ដើម្បីលក់ដូរជាលក្ខណៈគ្រួសារបន្តជំនាន់មកហើយ។ ទី២-មិនទាន់មានព្យសនកម្មណាមួយកើតឡើងដោយសារការលក់ដូររបស់ពួកគាត់។ ទី៣- ធ្វើកិច្ចសន្យាអប់រំ ណែនាំ កុំឱ្យផលិតអាវុធបែបប្រហារ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងទី៤-បន្តនីតិវិធីស្រាវជ្រាវ។

គួរបញ្ជាក់ថា ក្រោយឃាត់ខ្លួនបុរសខ្មែរអ៊ិស្លាម ទាំង២នាក់ខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កាំ បិតប៉័ងតោ ចំនួន៣ដើម។ កាំបិតស្នៀត ចំនួន៧ដើម។ ដាវវែង ចំនួន៣ដើម។ ដាវខ្លី ចំនួន៦ដើម។ ពូថៅ ចំនួន២ដើម។ កាំបិតផ្គាក់ដងវែង ចំនួន៣ដើម។ កាំបិតផ្គាក់ដងខ្លី ចំនួន១ដើម។ កាំបិតខ្វែវ ចំនួន២ដើម។ ស្រោមដាវ ធ្វើអំពីឈើ ចំនួន៤។ ស្រោមកាំបិតប៉័ងតោ ធ្វើពីឈើ ចំនួន១។ ស្រោមកាំបិត ធ្វើពីក្រណាត់ ចំនួន៣។ ឧបករណ៍សម្រាប់កែច្នៃកាំបិត ចំនួន៥ និងម៉ូទ័រ ចំនួន៥។

ជុំវិញករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ម្ចាស់ទីតាំងផលិតកាំបិត ដាវ ចំពុះទុង ស្នាប់ដៃ ៘ គ្រប់ប្រភេទ ត្រូវសុំច្បាប់អនុញ្ញាត។ ការផ្សព្វផ្សាយលក់ និងទទួលធ្វើ តាមការបញ្ជាទិញ ទៅតាមបណ្តាញសង្គម ដែលប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ ។ ជនសង្ស័យទាំង២នាក់ខាងលើ បានផលិតនិងលក់តាមការបញ្ជាទិញ តាមអនឡាញ បានជាមធ្យម ចំនួន៩០ដើម ក្នុង១ខែ ហើយដាវ កាំបិត ដែលបានលក់ចេញទាំងអស់នេះ បើធ្លាក់ចូលក្នុងដៃក្មេងទំនើង ឬក្រុមទុច្ចរិតណាមួយ វានឹងបង្កឱ្យមានផលវិបាកដល់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម៕

RELATED ARTICLES