អ៊ីស្រាអែល ៖ មេដឹកនាំអ៊ីស្រាអែល បានប្រកាសថា កិច្ចព្រមព្រៀងឈប់បាញ់ នឹងត្រូវបញ្ចប់ប្រសិនបើក្រុមហាម៉ាស់ (Hamas) មិនដោះលែងចំណាប់ខ្មាំង ៣នាក់ នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ដូចដែលបានសន្យា។
![](https://norkorthom.com/wp-content/uploads/2025/02/w1-20.jpg)
តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហាក់ដូចជាបានបរាជ័យ ក្រោយពីអនុវត្តបានប្រ ហែល ៣សប្តាហ៍ ក្នុងចំណោមសរុប ៦សប្តាហ៍ ដែលភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមកថា រំលោភលើកិច្ចព្រមព្រៀង។
រហូតមកដល់ពេលនេះ ក្រុមហាម៉ាស់ បានដោះលែងចំណាប់ខ្មាំង ១៦នាក់ ក្នុងចំណោមចំណាប់ខ្មាំង ៣៣នាក់នៅក្នុងបញ្ជីដែលបានគ្រោងទុក ដោយមិនរាប់បញ្ចូលចំណាប់ខ្មាំងថៃ ៥នាក់ ដែលត្រូវបានដោះលែងនៅក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកមួយ។ អ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ៦៥៦នាក់ ជាថ្នូរនឹងការដោះលែងក្នុងចំណោមជិត ២០០០នាក់ ដែលរដ្ឋាភិបាល បាននិយាយថា នឹងដោះលែង។
នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហាម៉ាស់ បានចោទប្រកាន់អ៊ីស្រាអែល ថាបានរំលោភលើកិច្ចព្រម ព្រៀងនេះ ព្រោះពួកគេក៏បានសម្លាប់មនុស្ស ៩២នាក់ នៅហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើម ដែលក្រុមហាម៉ាស់ បានថ្លែងថា ពួកគេនឹងពន្យារពេលដោះលែងចំណាប់ខ្មាំងដែលបានសន្យាថានឹងធ្វើនៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នោះ ដោយមិនកំណត់ពេល។
អ៊ីស្រាអែល បានថ្កោលទោសក្រុមហាម៉ាស់ ដែលបានបំពានលើកិច្ចព្រមព្រៀងនេះ ហើយបានបញ្ជាឲ្យទាហាន ត្រៀមខ្លួនសម្រាប់គ្រប់ស្ថានភាព។
នៅយប់ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនហ្សាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសថា បទឈប់បាញ់នៅហ្គាហ្សា នឹងត្រូវបញ្ចប់ប្រសិនបើក្រុមហាម៉ាស់ មិនដោះលែងចំណាប់ខ្មាំង ៣នាក់ ដូចការគ្រោងទុក នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។
លោកនេតាន់យ៉ាហ៊ូ បានថ្លែងថា “ប្រសិនបើក្រុមហាម៉ាស់ មិនប្រគល់ចំណាប់ខ្មាំងរបស់យើងវិញ នៅវេលាថ្ងៃត្រង់ ថ្ងៃសៅរ៍ បទឈប់បាញ់ នឹងបញ្ចប់ ហើយកងកម្លាំងការពារអ៊ីស្រាអែលនឹងត្រឡប់ទៅប្រយុទ្ធជាមួយនឹងភាពតានតឹង រហូតដល់ក្រុមហាម៉ាស់ ត្រូវបានបរាជ័យទាំងស្រុង»។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ (Donald Trump) ដែលជាប្រទេសមួយ ក្នុងចំ ណោមប្រទេសដែលបានគាំទ្រឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលក្នុងនោះក៏រួមជាមួយអេហ្ស៊ីប និងកាតារ ផងដែរនោះ បានស្នើឱ្យលុបចោលលក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀង និងបានផ្តល់ឱសានវាទដល់ក្រុមហាម៉ាស់ ដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ភ្លាមៗ៕