Friday, February 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះ៤នាក់ ស៊ី---/លុយម្តាយឌួង ឆាយ ៦០ម៉ឺនដុល្លារ

វ៉ៃ…/ខ្នោះ៤នាក់ ស៊ី—/លុយម្តាយឌួង ឆាយ ៦០ម៉ឺនដុល្លារ

ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (កិបកេងលុយក្រុមហ៊ុន) ក្នុងរោងចក្រផលិតគ្រាប់ជ័រគ្រប់ប្រភេទ មួយកន្លែង ដែលគេស្គាល់ថា ជារបស់លោកស្រីឧកញ៉ា ខុង លីស៊ីអាណា ម្តាយរបស់លោកឌួង ឆាយ។

ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៤នាក់ បានធ្វើឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្នុងរោងចក្រផលិតគ្រាប់ជ័រគ្រប់ប្រភេទ (KLSA) ស្ថិតក្នុងភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្តាលស្ទឹង។

ជនរងគ្រោះ មានឈ្មោះខុង លីស៊ីអាណា ភេទស្រី អាយុ៥១ឆ្នាំ មុខរបរប្រធានក្រុមហ៊ុន (KLSA) (ម្តាយលោកឌួង ឆាយ) បច្ចុប្បន្នរស់នៅផ្លូវ១០៥ ផ្ទះលេខ ១៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យ ទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហួន ស៊ាវសៀន (HUAN HSIAO HSIEN) ភេទប្រុស ជាជនជាតិចិនតៃវ៉ាន់ មុខរបរអ្នកគ្រប់គ្រងរោងចក្រ ស្នាក់នៅភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្តាលស្ទឹង។ ទី២-ឈ្មោះអ៊ុង សាយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជំនួយការ និងគ្រប់គ្រងការលក់ រស់នៅភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី៣-ឈ្មោះវ៉ា រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជំនួយការអ្នកគ្រប់គ្រង រស់នៅភូមិពាមតាឯក ឃុំពាមតាឯក ស្រុកល្វាឯម និងទី៤-ឈ្មោះដា ប៊ុនរ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរគណនេយ្យ និងកាន់ស្តុប រស់នៅភូមិព្រែកតាមែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

សម្ភារៈដែលបាត់បង់ គិតជាទឹកប្រាក់ សរុបចំនួន ៦០ម៉ឺនដុល្លារ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងក្រុមហ៊ុន ខេ អិល អេស អេ (KLSA) ខនស្ត្រាក់សិន និងអ៊ីមផត អិតផត ខូ អិលធីឌី ក្នុងភូមិក្រាំងចក ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជារបស់ជនរងគ្រោះ ហើយជនរងគ្រោះ បានប្រគល់សិទ្ធិឱ្យជនសង្ស័យឈ្មោះហួន ស៊ាវសៀន ជាជនជាតិចិន មានតួនាទីគ្រប់គ្រងរោងចក្រ ជាអ្នកមើលការខុសត្រូវ ទំនាក់ទំនង បញ្ជាទិញលក់និងចំណូល-ចំណាយ ប៉ុន្តែពុំមានសិទ្ធិទទួលប្រាក់ពីការបញ្ជាទិញរបស់អតិថិជនឡើយ។ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះដា ប៊ុនរ៉េត ត្រូវបានក្រុមហ៊ុនបញ្ឈប់ ដោយមូលហេតុទទួលប្រាក់ពីអតិថិជន អ្នកផ្គត់ផ្គង់បញ្ជីសារពើភណ្ឌ (ស្តុក) មិនប្រក្រតី។

ក្រោយមក នៅពាក់កណ្តាលឆ្នាំ២០២៤ ក្រុមហ៊ុនពុំសូវមានប្រាក់ចំណូល តែវត្ថុធាតុដើម មានការនាំចេញខុស ដោយមានការសង្ស័យសកម្មភាពផ្ទៃក្នុងមិនប្រក្រតី និងបានឃើញហត្ថលេខាជនសង្ស័យឈ្មោះហួន ស៊ាវសៀន និងត្រារបស់ក្រុមហ៊ុន (ត្រាថតចម្លង) ក្នុងកិច្ចព្រម ព្រៀងលក់-ទិញ ជាមួយអតិថិជន ជនរងគ្រោះបានស្នើសុំរបាយការណ៍ ABA របស់ជនសង្ស័យទាំង៣នាក់ ជាជនជាតិខ្មែរ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ សរុបតាំងពីឆ្នាំ២០២២ រហូតមកដល់ឆ្នាំ២០២៤ ក្រុមហ៊ុនខាតបង់ប្រាក់ សរុបប្រមាណ ៦០ម៉ឺនដុល្លារ។

បន្ទាប់មក នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ជនរងគ្រោះ បាននាំជនសង្ស័យទាំង៤នាក់ខាងលើ មកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ពីបទរំលោភលើទំនុកចិត្តដោយអភិបាលពិសេស ក្លែងបន្លំឯកសារ និងស្នាក់នៅកម្ពុជា ដោយខុសច្បាប់។

 តាមចម្លើយរបស់ជនសង្ស័យ ឈ្មោះហួន ស៊ាវសៀន ថាកាទូទាត់បញ្ជីខាងគណនេយ្យក្រុមហ៊ុន ពេលខ្លួនបានពិនិត្យ ផ្ទៀងផ្ទាត់ទំនិញរួច បានចុះហត្ថលេខាលើវិក្កយបត្ររួច គណនេយ្យខាងក្រុមហ៊ុនបានបាញ់វិក្កយបត្រទៅឱ្យជនរងគ្រោះ ទើបបាញ់លុយឱ្យអ្នកផ្គត់ផ្គង់វត្ថុធាតុ ដើមផ្ទាល់ រួចអ្នកផ្គត់ផ្គង់ បានបាញ់ភាគលាភចំណេញ មកឱ្យខ្លួនផ្ទេរតាមរយៈគណនេយ្យ ABA ដែលមានឈ្មោះវ៉ា រដ្ឋា និងឈ្មោះដា ប៊ុនរ៉េត រាល់ការផ្ទេរចេញចូលប្រាក់ចំណេញការរកស៊ីខាងក្រៅ រួចបានឱ្យប្រាក់បន្តិចបន្តួច ទៅពួកគាត់ ហើយជនសង្ស័យឈ្មោះហួន ស៊ាវសៀន បានលាឈប់ពីក្រុមហ៊ុនជនរងគ្រោះ ព្រោះមិនបានបើកប្រាក់ខែឱ្យជនសង្ស័យចំនួន៣ខែ។ ជនសង្ស័យ ឈ្មោះហួន ស៊ាវសៀន និងជនសង្ស័យឈ្មោះអ៊ុង សាយ ជាដៃគូសហការរកស៊ីក្នុងការស្វែងរកវត្ថុធាតុដើមមានគុណភាពល្អទៅលក់ឱ្យរោងចក្រ តាមបណ្តាខេត្ត មិនបានលក់ឱ្យក្រុមហ៊ុនជនរងគ្រោះឡើយ ហើយប្រាក់ចំណេញ គឺផ្ទេរតាមគណនេយ្យ ABA ជនសង្ស័យឈ្មោះអ៊ុង សាយ ហើយរយៈពេលធ្វើការក្នុងរោងចក្រ ផលចំណេញទទួលបានប្រហែល ៣ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ចំពោះប្រាក់ចំនួន ១៥ម៉ឺនដុល្លារ ដែលខ្លួនបានផ្តិតមេដៃទទួលស្គាល់ គឺជនសង្ស័យឈ្មោះហួន ស៊ាវសៀន សុំបដិសេធ។

ចម្លើយសារភាពជនសង្ស័យឈ្មោះអ៊ុង សាយ មានតួនាទីជាអ្នកគ្រប់គ្រងទូទៅ ហើយជនសង្ស័យឈ្មោះហួន ស៊វសៀន បានឱ្យខ្លួនយកគណនេយ្យ ABA សម្រាប់ធ្វើប្រតិបត្តិការទទួលនិងផ្ទេរប្រាក់ និងអាចទទួលបានផលចំណេញភាគលាភ មកខ្លួន ចាប់ពី ២០ដុល្លារ ដល់ ៣០០ដុល្លារ ក្នុងការលក់មួយលើកៗ។

ដោយឡែកតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះវ៉ា រដ្ឋា និងឈ្មោះដា ប៊ុនរ៉េត ពិតជាបានយកគណនេយ្យ ABA ទៅជនសង្ស័យឈ្មោះហួន ស៊ាវសៀន ដោយមានការស្នើសុំប្រាកដមែន។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES