ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹង ជិះម៉ូតូបត់ឆ្លងផ្លូវ ត្រូវម៉ូតូ ១គ្រឿងទៀត ជិះដោយបុរសម្នាក់ស្ថិតក្នុងសភាពស្រវឹងដូចគ្នា បានជ្រុលកបុកពេញទំហឹង បណ្តាលឱ្យភាគីម្ខាងបែកមាត់ ចំណែកម្ខាងទៀតបែកចង្កា រីឯម៉ូតូរងការខូចខាតទាំងសងខាង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវ២១៧ កែងផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
![](https://norkorthom.com/wp-content/uploads/2025/02/w1-21.jpg)
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ សៀមរាប 1AG-0967 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ (ផ្លូវព្រះមុនីរ៉េត) ទិសដៅពីកើត ទៅលិច ក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ បំណងឆ្ពោះទៅផ្លូវ៤៣០ តែគាប់ជួនពេលនោះ មានបុរសម្នាក់ទៀត ស្ថិតក្នុងសភាពស្រវឹងដូចគ្នា ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JM-7291 បោះពួយតាមបណ្តោយផ្លូវ២១៧ ទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូស្កុបពី ពេញទំហឹង បណ្តាលឱ្យម៉ូតូទាំង២គ្រឿង ដួលរណូករណែល ព្រមទាំងធ្វើឱ្យបុរសជាអ្នកជិះម៉ូតូស្កុបពី រងរបួសបែកចង្កា ចំណែកខាងម៉ូតូហុងដា ឌ្រីម រងរបួសបែកមាត់។
![](https://norkorthom.com/wp-content/uploads/2025/02/w2-19.jpg)
ក្រោយកើតហេតុ ភាគីទាំង២ បានធ្វើការសម្របសម្រួលគ្នា ដោយខាងម៉ូតូហុងដា ឌ្រីម ទាមទារសំណង ១៥០ដុល្លារ តែខាងម៉ូតូស្កុបពី សុំសង៧០ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕