ខេត្តព្រះសីហនុ ៖ ក្មេងប្រុសជំទង់ម្នាក់ បានយកផាវមកដុតលេង ដោយច្រកចូលទៅក្នុង ដប ដើម្បីឱ្យសំឡេងផ្ទុះលាន់ឮខ្ទរខ្លាំង ស្រាប់តែ ភ្លាត់ស្នៀត ផ្ទុះទាំងផាវបែកទាំងដប ខ្ទាតអំបែង មកចំដៃ បណ្តាលឱ្យដាច់ដៃ ធ្លាយពោះ និងរងរបួសពេញខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀល ថ្ងៃទី២២ ខែកុម្ភុៈ ឆ្នាំ ២០១៧ នៅចំណុចភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា។
ក្មេងប្រុសរងគ្រោះ មានឈ្មោះធន ភក្តី អាយុ១៥ឆ្នាំ មុខរបរសិស្ស សព្វថ្ងៃរស់នៅក្នុង បន្ទុកឪពុកម្តាយ ស្ថិតក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុស រងគ្រោះខាងលើ បានទិញផាវគ្រាប់ធំៗ យក មកដុតលេងដើម្បីកម្សាន្តសប្បាយ លុះដោយ ចង់លាន់ឮសំឡេងកាន់តែខ្លាំង ទើបក្មេងប្រុស រងគ្រោះបានបែកគំនិត ដុតផាវច្រកចូលទៅ ក្នុងដប (កែវ) ស្រាប់តែអកុសលភ្លាត់ស្នៀត ពេលផាវផ្ទុះឡើង បណ្តាលឱ្យបែកទាំងដប ជះអំបែងមកចំដៃក្មេងប្រុសរងគ្រោះ ធ្វើឱ្យ ដាច់ដៃ និងធ្លាយពោះ ព្រមទាំងរងរបួសសុស ពេញខ្លួនទៀតផង ដោយសារតែអំបែងដប ខ្ទាតត្រូវ។
តាមប្រភពពីក្រុមគ្រួសារក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា កន្លងមក កូនប្រុសរបស់ គាត់តែងលេងរបៀបនេះញឹកញាប់ណាស់មក ហើយ តែមិនធ្លាប់កើតមានបញ្ហាអ្វីដែរ។ ចំណែក ពួកគាត់ជាឪពុកម្តាយព្យាយាមហាមកូនប្រុស កុំឱ្យលេងបែបនេះដែរ ព្រោះខ្លាចក្រែងមាន គ្រោះថ្នាក់ដោយប្រការណាមួយ តែកូនមិនិ ព្រមស្តាប់ ទីបំផុត ក៏មកជួបរឿងអកុសលបែប នេះតែម្តង។
ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិត៕