ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ បានឆាបឆេះព្រៃក្បែរឃ្លាំង និងផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ចុះបាញ់ទឹកពន្លត់ទាន់ពេល។

ហេតុការណ៍ភ្លើងឆេះព្រៃនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចព្រៃក្បែរហាង ហៃ គឹមហេង ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី ព្រឹម សុផល នាយប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាល បានឱ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋ បានដុតសំរាម មិនប្រយ័ត្ន ក៏រាលឆេះព្រៃ ក្បែរហាងនិងឃ្លាំង ផ្ទះប្រជាពលរដ្ឋ ហើយកម្លាំងអធិ ការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង អន្តរាគមន៍ បាញ់ពន្លត់បានទាន់ពេល មិនបណ្តាលឱ្យរាលដាលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋឡើយ។

លោកបានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះព្រៃ ក្បែរឃ្លាំងនិងផ្ទះប្រជាពលរដ្ឋនេះ បានបង្កឱ្យប្រជាពលរដ្ឋមានការភ័យបារម្ភយ៉ាងខ្លាំង នៅពេលដែលឃើញភ្លើងឆេះព្រៃ មានអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ ខ្លាចរាលឆេះដល់លំនៅឋានរបស់ពួកគាត់ដែលនៅក្បែរនោះ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ករណីនេះផ្តើមឡើងដោយមូលហេតុដុតសំរាម ធ្វើឱ្យរាលឆេះព្រៃ តែយ៉ាង ណា ត្រូវបានសមត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេល ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់១ឡាន។

លោកវរសេនីយ៍ត្រី ព្រឹម សុផល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបញ្ឈប់សកម្មភាពការដុតសំរាម ក្បែរព្រៃ បើដុត ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងត្រូវមានធុងទឹកនៅក្បែរនោះ ងាយស្រួលទប់ស្កាត់ពេលមានការឆេះរាលដាល ព្រោះនេះជារដូវប្រាំងហួតហែង និងមានខ្យល់ បង្កឱ្យឆាបឆេះដូចករណីខាងលើនេះ បើកម្លាំងនគរបាលចេញអន្តរាគមន៍មិនទាន់ ភ្លើងអាចឆាបឆេះរាលដល់ផ្ទះសម្បែងប្រជាពលរដ្ឋមិនខាន៕