ខេត្តកំពង់ឆ្នាំងៈ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុករលាប្អៀរ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះស្រាវជ្រាវករណីក្មេងបង្ហោះម៉ូតូ តាមផ្លូវវាងក្រុង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានឃើញទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបភាពវីដេអូ ដោយភ្ជាប់ជាមួយសំណេរថា “ខំបន្តិចទៀតអាអូន ទំពាំងស្អុយ នៅខាងខេត្តកំពង់ឆ្នាំង បងប្អូនឥឡូវបន្តិចទៀតបានវាស់កម្ពស់ហើយនៀក លេងបង្ហោះម៉ូតូនៅលើផ្លូវជាតិ បងប្អូនអើយ នៅខាងខេត្តកំពង់ឆ្នាំង មន្ត្រីប៉ូលិសបើឃើញហើយ ចុះទៅបង្ក្រាបផង បងប្អូនអើយ មើលៗផង ឱ្យសុទ្ធតែទំពាំងស្អុយទេនៀក នៅស្រុកខ្មែរយើង មានច្រើនណាស់”។

ក្រោយពីការចុះស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនក្មេងទំនើង ១ក្រុម ចំនួន១០នាក់ និងម៉ូតូ ចំនួន៩គ្រឿង យកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងខាងលើ បានឆ្លើយសារភាពថា កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវកោងវាងក្រុង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ពួកគេបានដាក់ម៉ូតូតម្រៀបគ្នាលើផ្លូវជាតិ ក្នុងគន្លងផ្លូវម៉ូតូ ដើម្បីថតរូប និងថតវីដេអូ ហើយពេលនោះដែរ មាន២នាក់ ក្នុងចំណោមពួកគេ បានជិះម៉ូតូបង្ហោះប្រាកដមែន។
ក្រុមក្មេងទំនើងខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំ រួចកោះហៅឪពុកម្តាយ មកធ្វើកិច្ចសន្យា ធានាយកទៅអប់រំបន្ត។ ដោយឡែកម៉ូតូ ចំនួន២គ្រឿង ត្រូវបានសមត្ថកិច្ចដកហូតរក្សាទុក រយៈពេល៣ខែ៕