ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថការពារព្រំដែន, អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានសម្ដែងក្ដីរីករាយនៅពេលដែលទទួឡបាននូវអំណោយជាប្រភេទអំពូលសូឡាប្រមាណជាង ៥០០ឈុត ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ និងពីបណ្ដាសប្បុរសជននានា មកពីរាជធានីភ្នំពេញ និងបងប្អូនសិល្បករ-សិល្បការិនី ដែលបានយកមកប្រគល់ជូនដោយផ្ទាល់ដែល នាល្ងាចថ្ងែទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។



លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងក្នុងពិធីប្រគល់អំពូលសូឡានេះថា លោកពិតជាមានទឹកចិត្តសប្បាយរីករាយ ក្នុងនាមជាថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលជាទឹកដីដ៏កម្សត់នៃយើងនេះ។ បងប្អូនដែលអញ្ជើញមកថ្ងៃនេះ គឺដើម្បីពិនិត្យការស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន ក្រោមការផ្ដួចផ្ដើមរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយផ្ទះនីមួយៗដែលរាជរដ្ឋាភិបាលបានធ្វើជូនគ្រួសារកងទ័ពដើម្បីឲ្យគ្រួសារកងទ័ពក្លាយទៅជារបងការពារព្រំខ្សែបន្ទាប់ព្រំដែន។


លោកអភិបាលខេត្តសូមជំរាបថា ខ្សែបន្ទាប់ និងបង្គោលព្រំដែនរបស់កម្ពុជាទាំងនេះ គឺជាខ្សែបន្ទាត់អន្តរជាតិ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្បាប់អន្តរជាតិ ហើយគ្មានក្រុមណា ឬបក្សពួកណាអាចរំកិលបានឡើយ។ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត និងបងប្អូនកងទ័ព ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលជាសាក្សីដ៏សំខាន់ ដែលរស់នៅទីនេះ ប្ដេជ្ញាការពារបូរណភាពទឹកដីរបស់ខ្លួនមិនឲ្យបាត់បង់ និងជនណាមករំលោភបំពានបានឡើយ។


ដោយឡែកលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ មានប្រសាសន៍ថា នេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាល ឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ។ នេះក៏ដើម្បីជាការលើកទឹកចិត្តនិងការកោតសរសើរអំពីការតស៊ូលះបង់របស់បងប្អូនដែលរស់នៅទីនេះ ដើម្បីជាផ្នែកមួយរួមចំណែកជាបង្គោលព្រំដែនក្នុងការការពារជាតិនិងកំពុងខ្វះខាតអំពូលសូឡាដើម្បីផ្គត់ផ្គង់នូវតំរូវការចាំបាច់និងបន្ទាន់សំរាប់ជួយសំរួលការរស់នៅរបស់ពួកគាត់។


សូមបញ្ជាក់ថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំសិល្បករ-សិល្បាការិនីនិងសប្បុរសជននានា ចូលរួមនាំយកអំពូលសូឡាចំនួន៥០០ឈុត ទៅប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរនៅភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលកំពុងមានតម្រូវការអគ្គិសនីជាចាំបាច់ ក្រោមវត្តមានលោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការទេសចរណ៍និងជាក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ និងលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។


សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែធ្នូឆ្នាំ២០២៤ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ និងលោកជំទាវ ឡុង ភិរម្យរដ្ឋលេខាធិការក្រសួងទេសចរណ៍សមាជិក្រុមប្រឹក្សាភិបាលសមាគម បាននាំយកអំពូលសូឡា ២៩៣ ប្រគល់ជូនដល់គ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ម្ដងរួចមកហើយ ក្រោមមានវត្តមានលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង សិល្បករ-សិល្បការនី សប្បុរសជន អាជ្ញាធរស្រុក និងបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ៕


