Saturday, February 22, 2025
Homeព័ត៌មានសិល្បៈនាយកុយ កើតមហារីកពោះវៀនធំ ពេទ្យតម្រូវឲ្យព្យាបាល ចា.../ក់ថ្នាំគីមី

នាយកុយ កើតមហារីកពោះវៀនធំ ពេទ្យតម្រូវឲ្យព្យាបាល ចា…/ក់ថ្នាំគីមី

ភ្នំពេញ ៖ តារាកំប្លែងល្បី ៤ទសវត្សរ៍ លោកជួង ជី ហៅនាយកុយ បន្ទាប់ពីបានវះកាត់ដុំសាច់ពោះវៀនធំរួច ក្រុមវេជ្ជបណ្ឌិតបានយកដុំសាច់នោះទៅពិនិត្យ ចេញលទ្ធផលថា ជាដុំសាច់កាច (មហារីក) ដំណាក់កាលដំបូង ហើយក្រុមមវេជ្ជបណ្ឌិតឯកទេសមហារីក នៃមន្ទីរពេទ្យបាងកក ប្រទេសថៃ តម្រូវឲ្យព្យាបាលដោយការចាក់ ថ្នាំំគីមី ។

 សូមបញ្ជាក់ថា តារាកំប្លែងល្បីបប្រចាំប្រទេសកម្ពុជា លោកជួង ជី ហៅនាយកុយ បានវះកាត់ដុំសាច់ពោះវៀនធំ នៅមន្ទីរពេទ្យ បាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

អំឡុងពេលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យប្រទេសថៃ តារាកំប្លែងចាស់វស្សា លោក ជួង ជី ហៅនាយកុយ បានអះអាងថា បន្ទាប់ពីធ្វើការវះកាត់ហើយ សុខភាពរបស់លោកបានវិលមកល្អប្រសើរឡើងវិញខ្លះហើយ ដោ យនៅមិនទាន់កាត់ចេសថ្នេរនៅឡើយ ហើយលោកថា ក្រុមគ្រូពេទ្យកំពុងតែពិនិត្យតាមដានពីសាច់ដែលបានវះកាត់នោះ ជាសាច់កាច ឬយ៉ាងណា? នៅពេលនោះដែរ ដោយសារស្ថានភាពបែបនេះ នាយ កុយ បានសម្រេចលុបចោលការងារសម្តែងភ្លាមៗ និងសុំការអភ័យទោសចំពោះម្ចាស់កម្មវិធីដែលបានជួលលោកផងដែរ ។

ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជូង ជី ហៅនាយកុយ បានបញ្ជាក់ពីស្ថានភាពជំងឺរបស់លោកថា បើតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត នៃមន្ទីរពេទ្យបាងកក ប្រទេសថៃ លោកពិតជាមានជំងឺមហារីកពោះវៀនធំ បន្ទាប់ពីបានវះកាត់ និងយកសាច់ទៅពិនិត្យរួចហើយ ដោយគ្រូពេទ្យតម្រូវឲ្យព្យាបាលដោយការចាក់ថ្នាំគីមី គឺលោកត្រូវទៅចាក់គីមី នៅដើមខែមេសា ឆ្នាំ២០២៥ ខាងមុខនេះហើយ ទៅតាមការណាត់របស់ក្រុមគ្រូពេទ្យ ។ លោកថាការចាក់គីមីនេះ គ្រូពេទ្យប្រាប់ថា ជាការសម្លាប់មេរោគ កុំឲ្យងើបឡើងវិញ ។

 លោកជួង ជី ហៅនាយកុយ បញ្ជាក់ថា លោកមិនមានការបារម្ភឬធ្លាក់ទឹកចិត្តនៅពេលប្រឈមនឹងជំងឺមហារីក នេះទេ ព្រោះគ្រូពេទ្យបានប្រាប់ច្បាស់ហើយថា ក្រោយចាក់ថ្នាំគីមី ក្នុងរយៈពេល បីទៅបួនខែ ជំងឺនេះនឹងបានមកល្អប្រសើរដូចដើមវិញ ហើយអ្វីសំខាន់ពេលនេះ បន្ទាប់ពីត្រលប់មកពីមន្ទីរពេទ្យ មកដល់ផ្ទះ បានពីរថ្ងៃ សុខ ភាពរបស់លោក ល្អប្រសើរបានប្រហែល ៨០% ដោយអាចហូបអាហារបានធម្មតា និងជាពិសេសអាចដើរហាត់បា្រណពេលព្រឹក នៅក្នុងបុរី ក្នុងរយៈចម្ងាយប្រហែល ១គីឡូម៉ែត្រ ។ លើសពីនេះ ដោយសារតែពេលនេះលោកដឹងខ្លួនឯងថា អាចធ្វើការងារបាន មិនមែននៅដេកមួយកន្លែង ក្រោកមិនរួច ឬជាប្រភេទអ្នកជំងឺធ្ងន់នោះ ទើបលោកចាប់ផ្ដើមទទួលការងារសិល្បៈវិញ គឺទទួលសម្ដែងក្នុងកម្មវិធីកាត់សក់ និងលេងល្ខោនបាសាក់ នៅដើមខែមីនា ខាងមុខនេះ ។

 ចំពោះការចំណាយថវិកាក្នុងការវះកាត់ ព្យាបាលជំងឺនេះ គឺអស់ច្រើនគួរសមដែរ ប៉ុន្តែលោកសុំមិនបញ្ជាក់ថាអស់ប៉ុន្មាននោះទេ គ្រាន់តែប្រាប់ថា ថវិកាទាំងអស់នេះ ជាថវិការបស់ក្រុមគ្រួសារ ជាពិសេសរបស់កូនៗលោក ដែលបានប្រមូលគ្នាជួយ ហើយកូនរបស់លោក នៅតែលើកទឹកចិត្តលោក កុំឲ្យគិតច្រើន គឺអស់ប៉ុន្មាន កុំគិត បើមានទ្រព្យសម្បត្តិ អាចបញ្ចេញបាន ឬលក់បាន ក៏លក់ទៅ សំខាន់ឲ្យតែបានជាសះស្បើយ ព្រោះលុយ អាចរកបាន ឯអាយុជីវិត មិនងាយរកបាននោះទេ ។

 នាយកុយ បញ្ជាក់ថា លោកពិតជានឹកសរសើរដល់ទឹកចិត្តរបស់កូនៗ ដែលបារម្ភពីសុខភាពរបស់ឪពុក រហូត បានលើកឡើងថា មិនចាំបាច់ទៅធ្វើបុណ្យនៅឯណា ធ្វើបុណ្យតែជាមួយឪពុក យកមិនអស់ ។ លោកពិតជារំភើប ជាមួយនឹងសម្ដីរបស់កូនៗ ដែលជាការលើកកម្លាំងចិត្ត ឲ្យលោកឆាប់បានជាសះស្បើយពីជំងឺមហារីកនេះ ។

យ៉ាងណា នាយកុយ បញ្ជាក់ថា លោកត្រូវតែបន្តការងារសិល្បៈ ដើម្បីយកប្រាក់ចំណូលមកដោះស្រាយជីវភាព ទោះបីត្រូវសម្ដែងម្ដង បាន៥០ដុល្លារ ៨០ដុល្លារ ១០០ដុល្លារ ក៏លោកសន្សំទុកដែរ ។

 ជាមួយនេះ លោកជួង ជី ហៅនាយកុយ ក៏មិនភ្លេចថ្លែងអំណរគុណដល់បណ្តាសប្បុរសជននានា និងទស្ស និកជនទាំងអស់ ដែលបានជួយឧត្ថម្ភដល់លោក និងបានជូនពរលោកឲ្យឆាប់ជាសះស្បើយ បន្ទាប់ពីបានដឹងដំណឹងពីការចូលវះកាតើ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក នាពេលនេះ ហើយលោកចង់ប្រាប់ពួកគាត់ថា លោកពិតជាអរគុណពួកគាត់ ដែលបានបារម្ភពីសុខភាពរបស់លោក និងគាំទ្រការសម្ដែងរបស់លោក តាំងពីដើមមក អស់រយៈកាលជិត ៤០ឆ្នាំ ។

 លោកជួង ជី ហៅនាយកុយ បានមានប្រសាសន៍ថា “បាទ! អរគុណណាស់! ចុងក្រោយនេះ ខ្ញុំក៏សូមផ្ញើសារជូនដល់បងប្អូនកូនក្មួយទាំងអស់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលនិយមចូលចិត្តគាំទ្រវិស័យសិល្បៈកំប្លែងរបស់ខ្ញុំបាទ ដែលបានចូលតាំងពីឆ្នាំ១៩៨០ ជាងមក រហូតមកដល់ពេលនេះ ខ្ញុំមានជំងឺកាចសាហាវ គឺជំងឺមហារីកពោះវៀនធំ ដែលត្រូវបានកាត់ដុំមហារីកចោលហើយ ប៉ុន្តែគេនឹងព្យាបាលបន្តទៀត ចាក់ថ្នាំគីមី ។ អ៊ីចឹងជំងឺខ្ញុំសព្វថ្ងៃនេះ រោគក្នុងខ្លួនខ្ញុំនេះ អត់មានអ្វីពិបាករហូតដួលដេកនៅមួយកន្លែង ដើរមិនកើតទេ គឺខ្ញុំដើរកើត ហើយខ្ញុំទៅសម្ដែងបាន គឺសំខាន់សុខភាពខ្ញុំ ខ្ញុំដឹងខ្លួនខ្ញុំ ។ អ៊ីចឹងសុខភាពល្អឡើងវិញ ៨០% ហើយ ។ ដូច្នេះជាថ្មីម្ដងទៀត អរគុណណាស់ដល់បងប្អូន កូនក្មួយទាំងអស់ ដែលជួយអាណិតនិងជួយស្រលាញ់ ស្រណោះដល់ខ្ញុំបាទ ដែលធ្លាប់សម្ដែងនៅតាមស្រុកស្រែចម្ការ ក៏ដូចជាតាមជនបទនានា តាមបណ្ដាខេត្តមួយចំនួន គាំទ្រខ្ញុំច្រើនសន្ធឹកសន្ធាប់ ។ មានតែពាក្យជូនពរឲ្យបងប្អូនជួបតែសំណាងល្អ សុខភាពល្អ កុំឲ្យមានជំងឺកាចសាហាវដូចខ្ញុំ សូមឲ្យបានចៀសវាងជំងឺមួយហ្នឹង ប៉ុន្តែចំពោះខ្ញុំ គឺខ្ញុំអត់មានព្រួយបារម្ភអីទេ បងប្អូនកុំព្រួយ ដោយសារទី១ ខ្ញុំបានវះកាត់សាច់ទាំងឡាយចេញអស់ហើយ ប៉ុន្តែនៅព្យាបាលបន្ត តែបីបួនខែទៀត គឺខ្ញុំជាដាច់ហើយ“ ៕ កុលបុត្រ

RELATED ARTICLES