Sunday, February 23, 2025
Homeតារាខ្មែរស្រីតូច ចំណានៈ ខួប៤២ឆ្នាំ ប្ដី«អូនជាផ្កាយសំណាង »

ស្រីតូច ចំណានៈ ខួប៤២ឆ្នាំ ប្ដី«អូនជាផ្កាយសំណាង »

ភ្នំពេញ៖អតីតតារាតូច សម្ដែង និងពិធីការិនី បច្ចុប្បន្នជាប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា​ម៉ៅ សុចំ ណាន ហៅស្រីតូច ចំណាន ប្រារពខួបកំណើតគម្រប់អាយុ៤២ឆ្នាំ នៅថ្ងៃទី២១ ខែ២ ឆ្នាំ២០២៥ ដោយស្វាមីនាងអ្នកឧកញ៉ាគិត ម៉េង បានចាត់ទុកភរិយាលោកថាជា​«ផ្កាយសំ​ណាង​ » និងជាស្រី្ដដែលលោកស្នេហ៍លើសអ្វីៗទាំងអស់ ។

 អ្នកឧកញ៉ាគិត ម៉េង ថ្លែងសារនៅថ្ងៃខួបកំណើតភរិយា លោក​ថា«រីករាយថ្ងៃខួប​កំ​ណើត​អូន ចំណាន ភរិយា ដៃគូជីវិត និងជាផ្កាយសំណាងរបស់បង ការរៀបមង្គលការធ្វើជា​ស្វាមីអូនហាក់ដូចជាបានឈ្នះរង្វាន់ដ៏មហា សាលនៅក្នុងជីវិត។ រៀងរាល់ថ្ងៃ ក្រោកពីដំណេក អូនជាពិភពលោករបស់បងដែលផ្តល់នូវផាសុកដល់បង។អូនជាពន្លឺបំភ្លឺជីវិតបងគ្រប់ពេលវេលា​។ អូនជាបេះដូងរបស់គ្រួសារយើង ជាពន្លឺដែលផ្តល់​ក្តីសង្ឃឹមក្នុងជីវិតរស់នៅរបស់​គ្រួសារ​យើង និងជាប្រភពដែលធ្វើឱ្យជីវិតបងរីករាយ និងមាន​ន័យបំផុត។ក្នុងនាមជាម្តាយមួយរូប អូនប្រៀបដូចជាផ្ទះដែលជាទីកន្លែងផ្តល់នូវក្តីស្រទ្បាញ់ និង​សុវត្ថិ​ភាព។ អូនជាស្ត្រីទន់ភ្លន់ ប៉ុន្តែរឹងមាំ អត់ធ្មត់ និងពោរពេញដោយថាមពល។ អូនមើលថែ​គ្រួសារយើងប្រៀបដូចជាព្រះ​អាទិត្យ​ជះចូលតាមបង្អួច ដែលផ្តល់ភាពកក់ក្តៅ និងពន្លឺ​ដល់​យើង។ក្នុងឋានៈជាអ្នកដឹកនាំ អូនជាមគ្គនាយិកាមួយរូបដែលរឹងមាំ ហើយផ្តល់ការគាំទ្រ​ដោយឥត​ងាករេ ទោះបីក្នុងស្ថាន​ភាពប្រឈមនានាក៏ដោយ។ អូនដឹកនាំសមាគមសិល្បករខ្មែរ និង​មនុស្សជុំវិញខ្លួន ដោយ​ប្រើ​វិធីសាស្រ្តដែលផ្តល់ភាពស្មើគ្នា ហើយមានក្តីសប្បុរស និងការ​គោរព។ អូនមិនត្រឹមតែដឹក​នាំ​ដោយប្រាជ្ញានោះទេ ប៉ុន្តែ ដោយបេះដូងផងដែរ។ ទង្វើទាំង​នេះរបស់អូន​ធ្វើឱ្យមនុស្សគ្រប់​រូប​នៅជុំវិញអូនតែងតែស្ងើចសរសើរអូន។ថ្ងៃនេះប្រាថ្នាតែមួយគត់របស់បងគឺសូមឱ្យពិភពលោកនេះផ្តល់ឱ្យអូនដូចដែលអូនផ្តល់ដល់យើងទាំងអស់គ្នា នោះគឺក្ដីស្រឡាញ់ ភាពរីករាយ ​និងភាព​ភ្ញាក់ផ្អើលដែលធ្វើឱ្យអូនញញឹម និងមានអារម្មណ៍ថាទទួលបានក្តីស្រឡាញ់ដែល​គ្មានលក្ខខណ្ឌ។ អូនស័ក្តិសមនឹង​ទទួលបាន​នូវ​ក្តី​ស្រទ្បាញ់និងសោមនស្សហើយបង​នឹងចំ​ណាយ​ពេលពេញមួយជីវិតរបស់បង ដើម្បីឱ្យ​ប្រាកដថាអូនទទួលអារម្មណ៍នៃក្តី​ស្នេហ៍ដ៏ពិត​ប្រាកដនិងមានន័យ។រីករាយថ្ងៃខួបកំណើតស្ត្រីដែលបងស្នេហ៍លើសពីអ្វីៗទាំងអស់។ រីករាយ​ថ្ងៃខួបកំណើត អូន ចំណាន! »។

 ចំណែកលោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន បានថ្លែងសារថា«កើនអាយុមួយ​ឆ្នាំទៀត​ហើយ!សម្រាប់នាងខ្ញុំ ថ្ងៃខួបកំណើតមិនត្រឹមតែជាការឆ្លងកាត់ដំណាក់​កាលជីវិតពីមួយឆ្នាំ​ទៅមួយឆ្នាំនោះទេ ពោលគឺវាជាឱកាសសម្រាប់ឱ្យនាងខ្ញុំបានដកឃ្លាបន្តិចដើម្បីឆ្លុះបញ្ចាំង និងគោរពទទួលស្គាល់ចំពោះបុគ្គល និងបទពិសោធនានាដែលជួយត្រួសត្រាយ​ដំណើរជីវិត​របស់នាងខ្ញុំ។ចំពោះលោកពុក! ពាក្យទូន្មានគ្រប់ម៉ាត់ និងភាពរឹងមាំរបស់ពុក ជាត្រីវិស័យ​សម្រាប់កូន។ លោកពុកបានបង្រៀនកូនឱ្យប្រឹងឈររឹងមាំដើម្បីប្រឈមនឹងឧបសគ្គនានា ឱ្យចេះបន្ទាបខ្លួន​ក្នុងការដឹកនាំ និងព្យាយាមជានិច្ចដើម្បីសម្រេច​បាននូវអ្វីដែលកាន់​តែប្រ​សើរ។ គ្រប់ជំហាន កូនតែងចាំនូវមេរៀនដែលលោកពុកបានប្រៀន​ប្រដៅជានិច្ច។ចំពោះ​ស្វាមីជាទីស្រឡាញ់! បងជាបង្អែកដ៏រឹងមាំ និងជាកន្លែងដែលផ្ដល់នូវ​សុវត្ថិភាពបំផុត​សម្រា​ប់អូន។ មិនថាមានរឿងអ្វីក៏ដោយ ក្ដីស្រឡាញ់របស់បងចំពោះអូនមិនប្រែប្រួលឡើយ ហើយ​ការគាំទ្ររបស់បងជាគ្រឹះដ៏រឹងមាំសម្រាប់អូន។  អរគុណដែលបងតែងតែជឿជាក់លើអូន សូម្បី​តែពេលខ្លះអូនមិនមានទំនុកចិត្តលើខ្លួនឯងក៏ដោយ។

ចំពោះកូនៗជាទីស្រឡាញ់របស់ម៉ាក់! កូនជាភាពរីករាយ និងមោទនភាពដ៏ធំធេងរបស់ម៉ាក់។ ស្នាមញញឹមនិងសំណើចដ៏រីករាយរបស់កូនជាក្ដីសុខក្នុងជីវិតរបស់ម៉ាក់ហើយក្ដីសុបិនរបស់កូនៗជាក្ដីសង្ឃឹមរបស់ម៉ាក់ទៅអនាគត។ ឃើញកូនម៉ាក់ធំធាត់គ្រប់គ្នាពីមួយថ្ងៃទៅមួយថ្ងៃ ជាអំ​ណោយដ៏ថ្លៃថ្លាបំផុតសម្រាប់ជីវិតម៉ាក់។ចំពោះសហសេវិកទាំងអស់! អ្នកទាំងអស់គ្នាជា​ចង្វាក់​ដង្ហើមនៃទស្សនវិស័យរបស់នាងខ្ញុំ។ ការលះបង់ ភាពច្នៃប្រតិដ្ឋ និងការជឿជាក់របស់​បងប្អូន​ចំពោះគោលបំណងរួមរបស់យើង តែងតែកម្លាំងចិត្តសម្រាប់នាងខ្ញុំជារៀងរាល់ថ្ងៃ។ រួមគ្នា យើងបានសម្រេចនូវសមិទ្ធ​ផលដែល​ស្ទើរតែ​មិនគួរឱ្យជឿថាអាចទៅរួច ហើយនាងខ្ញុំពិត​ជា​មានមោទ នភាព​បំផុតចំពោះអ្នកទាំង​អស់គ្នា។ថ្ងៃនេះនាងខ្ញុំពិតជារំភើប និងសូមអរគុណចំ​ពោះ​រាល់បញ្ហាដែល​បានដុស ខាត់ឱ្យនាង​ខ្ញុំមាន​ថ្ងៃ​នេះ ភាពរីករាយដែលតែងលើកទឹកចិត្តខ្ញុំ និងអ្នកគ្រប់គ្នាដែលបានដើរផ្លូវរួម​គ្នាជាមួយ​នាងខ្ញុំ។ អ្នកគ្រប់គ្នា​បានផ្ដល់នូវចំ​ណែកនៃក្ដី​ស្រ​ឡាញ់ដើម្បីបំពេញន័យជីវិតរបស់ខ្ញុំ ហើយ​នាងខ្ញុំនឹងចងចាំទុកក្នុងចិត្តជានិច្ច។នេះគឺជាទំព័រថ្មី ដែលពោរពេញដោយគោលដៅ ក្ដីស្រឡាញ់ និងការដឹងគុណគ្មានទីបញ្ចប់។ អរគុណ​គ្រប់​គ្នា​ដែលបានចូលមកក្នុងជីវិតរបស់នាងខ្ញុំ ហើយអ្នកទាំងអស់គ្នាគឺ​ជាពរជ័យដ៏​អស្ចារ្យបំផុត​សម្រាប់​​ខ្ញុំ »។

 សម្រាប់សមាគមសិល្បករខ្មែរ បានចេញសារជូនពរអ្នកឧកញ៉ាម់ៅ ចំណាន នៅថ្ងៃ​ខួបនាងដែរថាសូមឲ្យមាន សុខភាពល្អបរិបូរណ៍ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុ​យឺនយូ ដើម្បីបន្ដដឹកនាំសមាគមមួយនេះឲ្យឲ្យសម្រេចបានជោគជ័យថ្មីៗទៀត …។

 គួររំលឹកថាអតីតតារាសម្ដែងស្រីតូច ចំណាន មានឈ្មោះពិតថាម៉ៅ សុចំណាន មានអាយុ៤២ឆ្នាំ កើតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៨៣ មានស្រុកកំណើតនៅខេត្តស្វាយរៀង ឪពុកឈ្មោះម៉ៅ នី អាយុ៧៥ឆ្នាំ មុខរបរជាមន្រ្ដីកងយោធពលខេមរភូមិន្ទ(ចូលនិវត្តន៍) ម្ដាយ​ឈ្មោះគង់ សោម៉ា អាយុ៦៥ឆ្នាំ មុខរបរមេផ្ទះ ។អ្នកនាងស្រីតូច ចំណាន បានរៀប​ការជា​មួយ​អ្នកឧកញ៉ាគិត ម៉េង នៅថ្ងៃទី២០ខែ៣ ឆ្នាំ២០១៥ ក្រោយមានកូន៤នាក់ (ស្រី២) ហើយ​នាង​ត្រូវបានសិល្បករបោះឆ្នោតឲ្យធ្វើជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ នៅ​ថ្ងៃទី ២ ខែ៥ ឆ្នាំ២០២៤ ដែលនាងកាន់តួនាទីនេះដល់ឆ្នាំ២០២៩ ៕

RELATED ARTICLES