
ភ្នំពេញ ៖ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា សេរីភាពដែលគ្មានបាននិយាយការពិត គឺជាសេរីភាពខ្វាក់គថ្លង់ (ខ្វាក់ភ្នែក ត្រចៀកថ្លង់ និងក្លាយជាមនុស្សគ) ។ ដូច្នេះកុំរវល់តែខ្លាចគេស្អប់ មិនហ៊ាននិយាយការពិត គឺត្រូវហ៊ាននិយាយការពិត ឲ្យបានច្រើន ដើម្បីកុំឲ្យអ្នកនិយាយការពារ មានការកើនឡើង និងត្រូវតាមដានឲ្យជាប់ នូវដំណើរវិវត្តន៍របស់សង្គម ។
លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ថា “បើយើងរវល់តែខ្លាចគេស្អប់ មិនហ៊ាននិយាយការពិត នោះវានឹងកើនអ្នកនិយាយការពារ ដោយបាត់ហេតុផល ក្រៅពីជឿដោយងប់ងុល សួរថាតើសង្គមជាតិយើង វារឹតតែដើរឆ្ពោះទៅជាយ៉ាងណា? ត្រូវយល់ថា សេរីភាពដែលគ្មានបាននិយាយការពិត គឺសេរីភាពនៃការខ្វាក់ភ្នែក ត្រចៀកថ្លង់ និងក្លាយជាមនុស្សគ សម្រាប់ជីវិតហើយ“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ការដែលលោកថា សេរីភាពដែលគ្មាននិយាយការពិត វាជាសេរីភាពខ្វាក់គថ្លង់ គឺលោកចង់បង្ហាញថា កាលណាសង្គមមួយដែលគ្មានសេរីភាពក្នុងការបញ្ចេញមតិ និយាយស្ដី សិទ្ធិទូលំទូលាយពេញលេញក្នុងការធ្វើនយោបាយ ក្នុងការបង្ហាញអ្វីជាគ្រោះថ្នាក់ជាតិ អ្វីជាប្រយោជន៍រួម និងអ្វីជាអំណាចបុគ្គលហួសព្រំដែន នឹងធ្វើឲ្យពលរដ្ឋជាម្ចាស់ឆ្នោត ម្ចាស់ប្រទេស មិនមានសេរីភាពពេញលេញក្នុងការតវ៉ាតាមបែបអហិង្សា ដូចប្រទេសប្រជាធិបតេយ្យពិតប្រាកដ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “បាទ! ខ្ញុំនិយាយនេះ នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលគោរពនីតិរដ្ឋ គឺតុល្យភាពនៃអំណាច នីតិប្បញ្ញត្តិ (សភា) នីតិប្រតិបត្តិ (រដ្ឋាភិបាល) នីតិតុលាការ ។ អ៊ីចឹងដោយសារតែការមិនអនុវត្តនីតិរដ្ឋ នៃអំណាចទាំង៣ រួមទាំងអំណាចសារព័ត៌មានឯករាជ្យ ប្រកបទៅដោយវិជ្ជាជីវៈ ក្រមសីលធម៌ទៅទៀត ។ អ៊ីចឹងអ្វីដែលមិនអាចនិយាយការពិត ឃើញការពិត មិនបង្ហាញការពិត មិនពន្យល់អំពីអ្វីជាការពិត សេរីភាពទាំងនោះ ត្រូវបានគំរាមកំហែង បំភិតបំភ័យ ។ អ៊ីចឹងហើយ វាជាការរំលោភបំពាននៃអំណាច នៅក្នុងអំណាចមួយហួសព្រំដែន ដែលមិនបានគោរពនីតិរដ្ឋ ។ អ៊ីចឹងអាការគំរាមកំហែងបំភិតបំភ័យហ្នឹងបង្ខំឲ្យមនុស្សលែងហ៊ាននិយាយការពិត ក្រៅតែពីនយោបាយប្រជាភិថុតិ នយោបាយបញ្ចើចបញ្ចើ ភូតភរ កុហក អាជ័យ ធ្លាក់ទឹក ហៃអើ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងអ្នកដែលស្ថិតក្នុងសម្ពាធឥទ្ធិពលនយោបាយ ឬក៏សម្ពាធនៃការគំរាមកំហែងបែបណា ធ្វើឲ្យអ្វីៗហ្នឹង វាអាចជាការមើលឃើញថា អាហ្នឹងស ប៉ុន្តែមិនហ៊ានថា ស ថាប្រផេះ ឬក៏ខ្មៅ ឃើញខ្មៅ ថា ស វាបាយបិណ្ឌ បាយបាតនៅក្នុងសង្គមប្រជាធិបតេយ្យមួយ ដែលវាកើតជាការិយាធិបតេយ្យ នយោបាយបញ្ចើបញ្ចើ នយោបាយភូតភរកុហកហ្នឹងហើយ ដែលភ្នែកមើលឃើញថា អាហ្នឹងគឺជាសត្វខ្លាហើយ បែរជាថាអាហ្នឹងជាឆ្មា ទៅវិញ ហើយត្រចៀកឮហើយ បែរជាធ្វើមិនឮ ដាំដើមគ មាត់ដែលអាចនិយាយអ្វីជាសេរីភាព អ្វីជាការពិត បែរជាបិទមាត់ ។ អានេះជាបញ្ហាមួយដែលខ្ញុំចង់បង្ហាញថា សង្គមដែលវាអត់អាចសេរីភាពក្នុងការបញ្ចេញមតិ និយាយស្ដី សិទ្ធិទូលំទូលាយពេញលេញក្នុងការធ្វើនយោបាយ ក្នុងការបង្ហាញអ្វីជាគ្រោះថ្នាក់ជាតិ អ្វីជាប្រយោជន៍រួម អ្វីជាអំណាចបុគ្គលហួសព្រំដែនអី ។ ទាំងអស់ហ្នឹងហើយ ដែលខ្ញុំថា វាជាសេរីភាពដែលស្ថិតនៅក្នុងខ្វាក់គថ្លង់ ធ្វើឲ្យពលរដ្ឋជាម្ចាស់ឆ្នោត ម្ចាស់ប្រទេសមិនមានសេរីភាពពេញលេញក្នុងការបញ្ចេញមតិ ក្នុងការតវ៉ាតាមបែបអហិង្សា ជួបជុំគ្នាក្នុងកម្រិតកំណត់កម្រិតមួយឲ្យនៅមួយកន្លែង មិនមានការហែ បង្ហាញមតិដូចជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ“។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “នៅប្រទេសអាស៊ីយើង យើងមើលដូចជានៅប្រទេសថៃ នៅប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន អីហ្នឹង ហើយយើងមិនបាច់និយាយទៅដល់លោកខាងលិច ដូចជាសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប គឺថាសេរីភាពពេញលេញក្នុងការបង្ហាញអ្វីជាការពិត ភ្នែកមើលឃើញក ថា ក ខ ថា ខ ត្រចៀកស្ដាប់ពិតជាឮអ្នកហ្នឹងនិយាយ ដែលមិនអាចទទួលយកបាន អ្នកហ្នឹងនិយាយក្នុងការប្រមាថកាតទាន រំលោភសិទ្ធិមនុស្ស គំរាមកំហែង ហើយនិងមាត់មិនអាចចង់បង្ហាញអំពីអ្វីជាការពិត និយាយក្នុងការភ័យខ្លាច ដោយការគំរាមកំហែង បំបិទសិទ្ធិសេរីភាពអីហ្នឹង អាហ្នឹងហើយជាអ្វីដែលខ្ញុំបង្ហាញអំពីបញ្ហាដែលប្រជាធិបតេយ្យមួយ មិនមានការឲ្យគុណតម្លៃនៃសិទ្ធិពលរដ្ឋម្ចាស់ឆ្នោត ម្ចាស់ប្រទេស ហើយការគោរពនីតិរដ្ឋ ក្នុងនាមអ្នកដឹកនាំជាអ្នកបម្រើប្រជាពលរដ្ឋ បម្រើប្រទេសជាតិ បែរជាដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ការគោរពនីតិរដ្ឋ ហើយអំណាចហួសព្រំដែន ដោយប្រើឥទ្ធិពលនយោបាយ ការដឹកនាំរបស់ខ្លួន ទៅនឹងឥទ្ធិពលនយោបាយបក្ស គ្របដណ្ដប់នយោបាយជាតិ ហើយនិងប្រជារាស្រ្ត អាហ្នឹងហើយជាការផ្ទុយ“ ។
គួរបញ្ជាក់ដែរថា កាលពីរសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានដឹកនាំថ្នាក់ដឹកនាំនៃគណបក្សជំនាន់ថ្មី ដែលមានលោក ប៉ាត មុន្នី និងលោក ជឹង វិទ្យាឫទ្ធិ អនុប្រធានគណបក្ស រួមជាមួយនឹងលោក ញឹម ស៊ីថា អគ្គនាយកកិច្ចការបរទេស ចូលជួបសម្តែងការគួរសមជាមួយលោក ដេរិច យីប (Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា និងលោក ស្តូត ប្រាយអិន (Mr.Stuart Bryan) លេខាទី២ ទទួលបន្ទុកកិច្ចការនយោបាយ ក្នុងការជជែកពិភាក្សារយ:ពេលមួយម៉ោងកន្លះ ស្តីពីលំហលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន ៕ កុលបុត្រ

