ខេត្តកំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ ១៤-១៥ ស្ថិតក្នុងភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ស៊ិន វីរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋ កិច្ច បានសហការឃាត់រថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-3775 ម្ចាស់គេចខ្លួន ដឹកគ្រឿងសមុទ្រចម្រុះ នាំចូលមកពីក្រៅប្រទេស គ្មានលិខិតអនុញ្ញាត និងគ្មានបញ្ជាក់គុណភាពសម្រាប់ការដឹកជញ្ជូន វេចខ្ចប់ខុសលក្ខណៈស្ដង់ដារក្រសួង។

លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង បានបញ្ជាក់ថា ករណីឃាត់រថយន្ដដឹកគ្រឿងសមុទ្រខាងលើ គឺដោយមានព័ត៌មានពីបណ្ដាញដែលផ្ដល់មកសមត្ថកិច្ចនគរបាល និងដើម្បីថែរក្សាសុខភាពចំណីអាហារពលរដ្ឋកម្ពុជា លើការបរិភោគ ទិញទំនិញគ្មានគុណភាព នាំឲ្យប៉ះពាល់ដល់សុខភាព ងាយនឹងកើតជំងឺ ទៅថៃ្ងអនាគត ជាក់ស្ដែងសមត្ថកិច្ចបានធ្វើការចាប់យកនូវវត្ថុតាង រួមមាន ៖ -រថយន្ត ០១គ្រឿង -មឹកកក ចំនួន ០២កេស -ម៉ឹកទឹក ចំនួន ១៩កេស -បង្គារ ចំនួន ០៤កេស -ព្រុយត្រីសាលម៉ុន ចំនួន ០៤កេស -ត្រីឆ្ពុង ចំនួន ០១កេស សរុប ចំនួន ៣០កេស ស្មើនឹង ២,៥តោន។

វត្ថុតាងជាទំនិញខាងលើ ត្រូវបានឯកឧត្ដមព្រះរាជអាជ្ញា សម្រេចឲ្យសហការជាមួយជំនាញសាខា ក.ប.ប ខេត្តកំពង់ស្ពឺ និងជំនាញជលផល ដើម្បីធ្វើការបំផ្លាញចោល នៅរសៀលថៃ្ងទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានចាក់សំរាម តាម៉ុល ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។

សំណូមពរ ៖ អាជីវករទាំងអស់ មេត្ដាបញ្ឈប់ការនាំចូលនូវទំនិញមិនស្របតាមស្ដង់ដារ និងមិនមានប្រភពដើមច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋកម្ពុជា៕