ភ្នំពេញ ៖ ខណៈពេលដែលតារាភាគច្រើនលាក់និងបន្ថយអាយុ ព្រោះខ្លាចគេថាចាស់ ឬខ្លាចគេដឹងមានអាយុ ច្រើន លែងត្រូវប៉ាន់នោះ តារាចម្រៀង ញឹម ចាន់ថន ឯណេះវិញ បានប្រកាសថាឆ្នាំ២០២៥ នេះ នាងមានអាយុ៤៥ឆ្នាំហើយ ។ ចាន់ថន និយាយទាំងស្រងូតស្រងាត់ថា វ័យកាន់តែចាស់ តែអត់ដឹងប្ដីកូននៅឯណាទេ ? វាចាបែបនេះរបស់ចាន់ថន គេអាចសន្និដ្ឋានបានថា នាងកំពុងបារម្ភរឿងវ័យជ្រេ ពិបាករកគូគាប់ ឬប្រឈមនឹងគ្មានកូនបន្ដពូជ ។

ក្នុងជំនួបតាមទូរស័ព្ទជាមួយ «នគរធំ» ញឹម ចាន់ថន បាននិយាយថា នាងមិនចេះលាក់ប្រវត្តិ ឬអាយុពិតទេ ។ នាងថាតើ លាក់អាយុ បានប្រយោជន៍អីទៅ? ចាន់ថន បន្ថែមថានាងមិនខ្វល់ថា ត្រូវមានគ្រួសារ ឬរស់នៅតែឯងរហូតឡើយ ព្រោះបច្ចុប្បន្ន អត់អ្នកស្រលាញ់ ឬចង់បានទេ ហេតុនេះនាងក៏មិនដឹងជាត្រូវធ្វើយ៉ាងម៉េចដែរ ។

ញឹម ចាន់ថន វាចាថា «សួរថាកាលណាការប្ដី? ការជាមួយណាទៅ? អត់ដឹងថាត្រូវការយ៉ាងម៉េច បើខ្ញុំអត់មានអ្នកស្រលាញ់ អត់មានអ្នកគេយកយើងអ៊ីចឹង? ខ្ញុំមិនខ្លាចប្រាប់អាយុពិតទៅ គ្មានគេស្រលាញ់យើងនោះទេ ព្រោះឆ្នាំហ្នឹង ខ្ញុំ៤៥ឆ្នាំមែន ។ ពិបាកណាស់ ជីវិតខ្ញុំមួយនេះ គ្មានអ្នកណាយល់ចិត្តយើងទេ អីចឹងខ្ញុំមានតែប្រឹងប្រែងតទៅទៀត ដើម្បីក្រុមគ្រួសារនិងខ្លួនយើងផ្ទាល់»។

ញឹម ចាន់ថន ប្រាប់ថា នាងជាមនុស្សដែលជួបការលំបាកក្នុងជីវិត មិនចង់ឲ្យគេដឹង ហើយនាងក៏មិនដែលពឹងសុំឲ្យអ្នកណាជួយដែរ គឺជំហរនេះនឹងរក្សាតទៅមុខទៀត។ ប៉ុន្ដែនាងថារឿងគូជីវិតនោះ គឺពិតជាពិបាក ព្រោះនាងគ្មានអ្នកណាយល់ចិត្តឡើយ ។

ញឹម ចាន់ថន បានប្រឡូកក្នុងសិល្បៈ រយៈពេលជាង ២០ឆ្នាំមកហើយ ដែលក្រៅពីជាតារាចម្រៀងអាជីពម្នាក់ នាងក៏ជាអ្នកសម្ដែងភាពយន្ដ ដែលមានទេពកោសល្យមិនធម្មតាដែរ ។ គេចាំបានថា កាលអ្នកដឹកនាំសម្ដែងភាពយន្ដ លោកកៅ សីហា នៅមានជីវិត ចាន់ថន បានថតឲ្យហង្សមាស ច្រើន ព្រោះលោកសីហា ពេញចិត្តសមត្ថភាពរបស់នាង ។ ប៉ុន្ដែក្រោយលោកសីហា លាចាកលោកជាង៤ខែនេះ ចាន់ថន ថានាងនៅតែចេញ ថតភាពយន្ដច្រើនដដែល ដូចជានៅដើមឆ្នាំ២០២៥ នេះ នាងថាបានទទួលថត ៣រឿងហើយ។ ចាន់ថន ថែមទាំងថា តារាខ្លះត្រូវផលិតករជំពាក់លុយ អត់ព្រមសង តែនាងមិនធ្លាប់ជួបរឿងបែបនេះទេ គឺថតចប់ ទូទាត់លុយ ហើយនាងព្រមថតសម្ដែងរឿងមួយ គឺទាល់តែតម្លៃត្រូវគ្នា ទើបនាងថត ។

ប្រភពបានឲ្យដឹងថា ការដែលញឹម ចាន់ថន ពិបាករកប្ដី ដោយសារតែនាងធ្លាប់ជាស្រីស្រលាញ់ស្រី ហេតុនេះហើយទោះជាបានបែកគូស្នេហ៍ចាស់មែន តែអារម្មណ៍នាងនៅតែបែងចែកមិនដាច់ស្រឡះថា គួរតែយកប្ដី ជាប្រុសឬស្រី ទើបពន្យារពេលរហូតដល់វ័យ៤៥ឆ្នាំ ដែលមិត្តភក្ដិនាង សឹងគ្រប់គ្នា ពួកគេមានកូនកំលោះ ក្រមុំទៅអស់ហើយ។ ប្រសិនបើចាន់ថន នៅតែមិនប្រញាប់គិតគួររឿងប្ដីសីនេះ ឲ្យបានឆាប់ទេ ហើយអូសក្រឡាដល់ទៅ ១០ឆ្នាំទៀតនោះច្បាស់ជាយឺតពេល ឬជួបហានិភ័យជាមិនខាន ។

អតីតពិធីការិនី CTN រូបនេះបន្ថែមថា នាងមិនចង់និយាយរឿងអតីតកាលទេ ហើយពេលនេះក៏មិនដឹងថា យកប្ដីជាស្រី ឬប្រុសដែរ ព្រោះសំខាន់អត់មានអ្នកយក។ ប៉ុន្ដែគេជឿថានោះគ្រាន់តែជាការនិយាយបែបដាក់ខ្លួនរបស់ចាន់ថន ប៉ុណ្ណោះ ព្រោះតារាវ័យ៤៥ឆ្នាំ នៅតែស្រស់ស្អាត ដូចនាង ហើយជាថៅកែហាងទៀត បើចង់បានគូស្នេហ៍ គឺមិនពិបាកពេកឡើយ ខ្លាចតែនាងមិនទទួល។

សូមបញ្ជាក់ថា ញឹម ចាន់ថន បានបើកហាងលើទូកទេសចរណ៍ ដែលសម្ពោធកាលពីខែឧសភា ឆ្នាំ២០២៣ ដោយចំណាយទុនដល់ទៅ ៤ម៉ឺនដុល្លារ នៅម្ដុំកំពង់ចម្លងអរិយក្សត្រ តែពេលនេះ បានផ្លាស់ហាង មកនៅលើកគោកវិញម្ដង ស្ថិតម្ដុំផ្សារ TK ទួលគោក ។ ចាន់ថន ឲ្យដឹងថា នាងមិនបានចេញទៅច្រៀងប្រចាំនៅហាងណាទេ ព្រោះជាប់មើលខុសត្រូវនៅហាងថ្មីរបស់នាង ដែលទើបដំណើរការបានជាង១ខែ តែគ្មានគម្រោងធ្វើពិធីសម្ពោធដូចមុនឡើយ ៕
