តំបន់មជ្ឈិមបូព៌ា៖ ក្រសួងការពារជាតិ អាហ្វហ្គានីស្ថានបានបង្ហើបនៅថ្ងៃសុក្រនេះថាកងសន្តិសុខរបស់ខ្លួនបាន ដេញប្រមាញ់និងបោសសម្អាតពួក សកម្មប្រយុទ្ធជាច្រើននាក់ក្នុងខេត្តដែលមានភាពចម្រុងចម្រាស់និងបានសម្លាប់ ពួកបះបោរ ទាំងនោះ ចំនួន៦២នាក់ទៀតផងក្នុងប្រតិបត្តិការចុងក្រោយ។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការផ្សាយព័ត៌មានថ្មីបំផុតអំពី ប្រតិបត្តិការប្រចាំថ្ងៃនេះថា កម្លាំងសន្តិសុខជាតិរបស់អាហ្វហ្គានីស្ថានបានដឹកនាំប្រតិបត្តិការ យោធាបោសសម្អាតពួក សកម្មប្រយុទ្ធក្នុងខេត្ត Nangarhar , Paktika, Wardak, Ghazni, Kandahar, Farah, Badakhshan, Takhar និងខេត្ត Helmand កាលពី២៤ម៉ោង មុន ដែលក្នុងនោះ យើងបានសម្លាប់ក្រុម បះបោរបានចំនួន៦២នាក់ និងអ្នករបួស ២៨នាក់និងបានឃាត់ខ្លួនមក រក្សាទុកពីរនាក់ផ្សេងទៀត។
លើសពីនេះកងសន្តិសុខជាតិ ក៏បានស្វែងរកនិងដកហូតបានសព្វាវុធជាច្រើនផងដែរ ហើយក្នុង នោះដែរមេបញ្ជាការ តាមតំបន់របស់ពួកបះបោរទាំងនោះចំនួន៥នាក់ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវសម្លាប់ដែរ។
ទោះជាយ៉ាងណានៅក្នុង សេចក្តីថ្លែងការណ៍នោះក៏ បានបញ្ជាក់ផងដែរថាសរុបមកមានកងទ័ពអាហ្វហ្គានីស្ថាន ចំនួន៧នាក់បានពលីជីវិតនៅក្នុងការវាយ បំបែកក៏ដូចជាការប៉ះទង្គិចក្នុងអំឡុងពេលតែមួយនោះ។ដោយឡែកពួកតាលីបង់ មិនទាន់មានការលើកឡើងឬអធិប្បាយអំពី ករណីនេះនៅឡើយដែរ។