Thursday, March 6, 2025
Homeតារាខ្មែរនាយកុយ បន្តចេញសម្តែងវិញ ក្រោយវះកាត់ដុំសាច់មហារីក

នាយកុយ បន្តចេញសម្តែងវិញ ក្រោយវះកាត់ដុំសាច់មហារីក

ភ្នំពេញ ៖ កំពូលតារាកំប្លែងជើងចាស់ ល្បីឈ្មោះ លោកជួង ជី ហៅនាយកុយ បានចូលសម្តែងតាមបណ្តាកម្មវិធីផ្សេងៗវិញហើយ បន្ទាប់ពីបានទទួលការវះកាត់ដុំសាច់មហារីកពោះវៀនធំ ដោយជោគជ័យ នៅឯមន្ទីរពេទ្យបាងកក ប្រទេសថៃ កាលពីខែកុម្ភៈ កន្លងទៅ ទោះបីជាបច្ចុប្បន្នសុខភាពលោកមិនទាន់វិលរកភាពប្រក្រតី ១០០ ភាគរយ តែលោកអាចចេញសម្តែងតាមបណ្តាខេត្តបាន។

គួរបញ្ជាក់ថា តារាកំប្លែង លោកជួង ជី ហៅនាយកុយ បានចាប់ផ្តើមចេញសម្តែងវិញ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅឯកម្មវិធីកាតសក់ មង្គលការមួយ នៅខេត្តកំពត។ បន្ទាប់មក នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោកបានបន្តដំណើរទៅកាន់ខេត្តបាត់ដំបង ដើម្បីចូលរួមកម្មវិធីសម្តែងមួយទៀត នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។

លោកជួង ជី ហៅនាយកុយ បានឱ្យដឹងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ថា លោកបានធូរស្រាលហើយ ប៉ុន្តែមិន ទាន់បានជាស្រឡះទេ ដោយសារមានដុំសាច់កាច ត្រូវទៅបន្តទៅពេទ្យថៃ ព្យាបាលបន្តទៀត ដោយត្រូវចាក់គីមី ។

នាយកុយ បានបញ្ជាក់ថា ខាងពេទ្យថៃ គេណាត់ជាក់គីមី នៅខែមេសា ដូច្នោះនៅថ្ងៃទី២ ខែមេសា លោកត្រូវឡើងទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចាក់គីមីបន្តទៀត។ លោកសូមអរគុណដល់បងប្អូន កូនក្មួយទាំងអស់ ដែលបានអាណិតអាសូរ និងគាំទ្រដល់រូបលោកដែលមានជំងឺវះកាត់ជាបន្ទាន់។

នាយកុយ បានបន្តថា ពេលនេះ សុខភាពលោកបានធូរច្រើនមែនទែន ដោយសារលោកខំហូប ដើម្បីយកសុខភាព គីឡូឡើង កាលណាគីឡូឡើង អាចទៅចាក់គីមី បំបាត់មេរោគសាច់កាច (មហារីក) ដែលនៅក្នុងខ្លួនបាន ហើយពេលកម្ចាត់ចេញអស់ទៅ នឹងជាសះស្បើយ។

នាយកុយ បានថ្លែងថា «ឥឡូវវានៅ៥០-៥០ កាលណាយើងមិនទៅចាក់គីមីទេ វាអាចបកចូលមករាតត្បាតក្នុងខ្លួនយើងវិញ វាតោងត្រង់នេះ តោងត្រង់នោះ អ៊ីចឹងខ្ញុំត្រូវធ្វើតាមវេជ្ជបញ្ជាពេទ្យ ពេទ្យគេថា ឱ្យដាច់ខាតត្រូវទៅ។ អរគុណកូនក្មួយទាំងអស់ដែលបានចូលរួមអាណិតអាសូរដល់រូបខ្ញុំបាទ សួរសុខទុក្ខ ចែករំលែកតាមបណ្តា ញសង្គម តាមបណ្តាញទិកតុក សួរខ្ញុំបាទ ឥឡូវខ្ញុំបាទបានធូរហើយ…”។

លោកជួង ជី ហៅនាយកុយ បានបន្តថា “តាមពិតខ្ញុំចូលពេទ្យ នៅថ្ងៃ១១ ថ្ងៃវះកាត់ កាត់ចែសហើយ ខ្ញុំវិល ត្រឡប់មកខ្មែរវិញ ថ្ងៃ១៤-១៥ ឥឡូវខ្ញុំវះកាត់បាន ៣អាទិត្យហើយ បានធូរស្រាលខ្លាំងមែនទែន។ អរគុណដល់បងប្អូន កូនក្មួយ ដែលតែងផ្តល់កម្លាំងចិត្តដល់ខ្ញុំបាទ គិតថាជំងឺ យើងៗមើលមិនឃើញទេ។ ការពិតខ្ញុំស្រ លាញ់សុខភាពខ្ញុំណាស់ ខ្ញុំទៅឆែករាល់ឆ្នាំ ប៉ុន្តែឆែកអត់បានឆែកពោះវៀន ឆែកតែមើលឈាម មើលអីចឹងទៅ ពេទ្យគេថាអត់អីទេ អត់មានឈឺអីទេ តែដល់យើងឈឺ គឺឈឺអាពោះវៀនហ្នឹងហ្មង គឺពោះវៀនដុះសាច់នៅពោះវៀនធំហ្នឹង អ៊ីចឹងបណ្តាលឱ្យយើងចុក កាលណាយើងចុកទៅ វាហូបអីចុក ស្មានតែជាក្រពះអីទេ ហើយខ្ញុំអត់បានសុងមើល ប្រហែសអាត្រង់ហ្នឹងមួយ អ៊ីចឹងក៏ចុកទៅ កូនសម្រេចចិត្តថា យកទៅថៃ ទាន់ពេលវេលា ទៅវះនៅថៃ បណ្តោយទៅ។ អរគុណចំពោះទឹកចិត្តដ៏ល្អៗរបស់កូនក្មួយ ឥឡូវនេះ ដោយសារខ្ញុំបាទទទួលគេយូរ ហើយ អ៊ីចឹងហើយកុំឱ្យចោលគេ អាណិតគ្នាអ្នកមើល ធ្វើដំណើរទៅបាត់ដំបង យប់ថ្ងៃទី០១ ខ្ញុំទៅលេងនៅកំពត ហើយថ្ងៃហ្នឹង ទៅលេងបាត់ដំបង មានទៅលោតហក់អី គ្រាន់តែលេងពាក្យសម្តីនាយអាយអីហ្នឹង…”។

នាយកុយ បានបញ្ជាក់ថា “ឥឡូវយើងអាចដើរហាត់ប្រាណបាន ដើរហាត់ប្រាណបាន ១គីឡូ ២គីឡូអីដែរ ដើរទៅ ១គីឡូ មក១គីឡូ នៅមាត់ទន្លេអីចឹងទៅ។ ធម្មតាតែកាលណាយើងវះកាត់ ត្រូវអស់ឈាមច្រើន អ៊ីចឹងយើងត្រូវបន្ធូរបន្ថយឈាមច្រើន ធ្វើឱ្យយើងអស់កម្លាំង ប៉ុន្តែយើងត្រូវខំហូប ខំហូបបន្ថែមទៀត បើគិតទៅខ្ញុំស្រក ១០គីឡូ វះកាត់ហើយ ស្រក១០គីឡូ ប៉ុន្តែគេឱ្យឡើងគីឡូវិញ ឥឡូវឡើងបាន ៣គីឡូវិញហើយ ធ្វើម៉េចឱ្យឡើងបាន ៧គីឡូទៀត អ៊ីចឹងទៅ យើងមានកម្លាំងកំហែងខ្លាំងជាងមុន បើមិនបានច្រើនជាងមុខ ក៏បានត្រឹមយើង ៨០ភាគរយអីចឹងទៅក៏ល្អដែរ។ អរគុណដល់បងប្អូន កូនក្មួយ បងប្អូនសិល្បករមួយចំនួន ក៏លោកបានចុះមកសួរសុខទុក្ខដល់ខ្ញុំបាទ មិនបានសួរសុខទុក្ខ ក៏បានឆាតមកសួរ តេមកសួរ ក្រឹម អីក៏គេមកមើល យកផ្លែឈើស្អីៗមក អរគុណច្រើន ដែលបានយកចិត្តទុកដាក់សិល្បករដូចគ្នា។ អ៊ីចឹងខ្ញុំគ្រាន់តែចង់ជម្រាបបងប្អូនថា ខ្ញុំបានធូរស្រាលហើយ គ្រាន់តែត្រូវចាក់គីមីបន្តទៀត នៅខែ៤ ខាងមុខ…”។

គួរបញ្ជាក់ថា តារាកំប្លែងល្បីប្រចាំប្រទេសកម្ពុជា លោកជួង ជី ហៅនាយកុយ  ស្រាប់តែធ្លាក់ខ្លួនឈឺ ត្រូវចូលពេទ្យភ្លាមៗ ហើយត្រូវបានគ្រូពេទ្យជំនាញពិនិត្យឃើញថា មានដុំសាច់ក្នុងពោះវៀនធំ តម្រូវឱ្យវះកាត់ជាបន្ទាន់ នៅមន្ទីរពេទ្យបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រកបដោយជោគជ័យ។

តាមរយៈបទសម្ភាសន៍ជាមួយ “នគរធំ” កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ លោកជូង ជី ហៅនាយកុយ បានបញ្ជាក់ពីស្ថានភាពជំងឺ របស់លោកថា បើតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត នៃមន្ទីរពេទ្យបាងកក ប្រ ទេសថៃ លោកពិតជាមានជំងឺមហារីកពោះវៀនធំ បន្ទាប់ពីបានវះកាត់ និងយកសាច់ទៅពិនិត្យរួចហើយ ដោយគ្រូពេទ្យតម្រូវឱ្យបន្តព្យាបាលដោយការចាក់ថ្នាំគីមី គឺលោកត្រូវទៅចាក់គីមី នៅដើមខែមេសា ឆ្នាំ២០២៥ ខាង មុខនេះហើយ ទៅតាមការណាត់របស់ក្រុមគ្រូពេទ្យ។ លោកថាការចាក់គីមីនេះ គ្រូពេទ្យប្រាប់ថា ជាការសម្លាប់មេរោគ កុំឱ្យងើបឡើងវិញ ។

 លោកជួង ជី ហៅនាយកុយ បញ្ជាក់ថា លោកមិនមានការបារម្ភឬធ្លាក់ទឹកចិត្តនៅពេលប្រឈមនឹងជំងឺមហារីក នេះទេ ព្រោះគ្រូពេទ្យបានប្រាប់ច្បាស់ហើយថា ក្រោយចាក់ថ្នាំគីមី ក្នុងរយៈពេល បីទៅបួនខែ ជំងឺនេះនឹងបានមកល្អប្រសើរដូចដើមវិញ។ លើសពីនេះ ដោយសារតែពេលនេះ លោកដឹងខ្លួនឯងថា អាចធ្វើការងារបាន មិនមែននៅដេកមួយកន្លែង ក្រោកមិនរួច ឬជាប្រភេទអ្នកជំងឺធ្ងន់នោះ ទើបលោកចាប់ផ្តើមទទួលការងារសិល្បៈ វិញ គឺទទួលសម្តែងក្នុងកម្មវិធីកាត់សក់ និងលេងល្ខោនបាសាក់ នៅដើមខែមីនា នេះ ។

 ចំពោះការចំណាយថវិកាក្នុងការវះកាត់ ព្យាបាលជំងឺនេះ គឺអស់ច្រើនគួរសមដែរ ប៉ុន្តែលោកសុំមិនបញ្ជាក់ថាអស់ប៉ុន្មាននោះទេ គ្រាន់តែប្រាប់ថា ថវិកាទាំងអស់នេះ ជាថវិការបស់ក្រុមគ្រួសារ ជាពិសេសរបស់កូនៗលោក ដែលបានប្រមូលគ្នាជួយ ហើយកូនរបស់លោក នៅតែ លើកទឹកចិត្តលោក កុំឱ្យគិតច្រើន គឺអស់ប៉ុន្មាន កុំគិត បើមានទ្រព្យសម្បត្តិ អាចបញ្ចេញបាន ឬលក់បាន ក៏លក់ទៅ សំខាន់ឱ្យតែបានជាសះស្បើយ ព្រោះលុយ អាចរកបាន ឯអាយុជីវិត មិនងាយរកបានទេ៕

RELATED ARTICLES