ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវដល់សាធារណជន ជាពិសេស អាចារ្យរៀបចំពិធីមង្គលការ និងម្ចាស់សម្អាងការ សូមកុំបន្តយកកិច្ច “ពិធីបូជាព្រះសិវលិង្គ” មកប្រារព្ធក្នុងពិធីរៀប អាពាហ៍ពិពាហ៍ ដើម្បីចៀសវាងការអនុវត្តខុស ប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។

សេចក្តីអំពាវនាវ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ មានខ្លឹសារទាំងស្រុងថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា កាលពីថ្មីៗនេះ ក្រសួង បានពិនិត្យឃើញមានគេហទំព័រហ្វេសប៊ុក មួយចំនួន កំពុងផ្សព្វផ្សាយអំពីការយក “ពិធីបូជាព្រះសិវលិង្គ” ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ខ្មែរ។
ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រ នាសម័យបុរាណ។ ជាទូទៅគេធ្វើនៅក្នុងតួប៉ម នាចំណុចកណ្តាលនៃប្រាសាទ ដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿលើព្រះឥសូរ។ ក្នុងបរិបទព្រហ្មញ្ញសាសនា ព្រាហ្មណ៍ដែលមានឋានៈខ្ពង់ខ្ពស់ ជាអ្នករៀបចំកិច្ចពិធីនេះ ដោយគេធ្វើក្នុងន័យគោរពបូជាថ្វាយព្រះសិវលិង្គ ដើម្បីភ្ជាប់ខ្លួនទៅនឹងទេព ជម្រះមន្ទិល ប្រាថ្នាទទួលបាននូវថាមពលនិងសេចក្តីចម្រើនពីព្រះឥសូរ។

ដោយឡែក ពិធីអាពាហ៍ពិពាហ៍ ជាពិធីដ៏មង្គលមួយ ដែលរៀបចំផ្សំផ្គុំកូនប្រុស កូនស្រី ឱ្យក្លាយជាគូស្វាមីភរិយា។ ពិធីនេះមានកិច្ចច្រើន ក្នុងនោះមានកិច្ចមួយចំនួនអាចទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនា តួយ៉ាងដូចជាពិធីបង្វិលពពិល ជាដើម ដែលគេយល់ថា ពពិល ទំនងជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។ អ្នកស្រុកភាគ ច្រើន យកទៀន តំណាងជាលិង្គព្រះឥសូរ និងយកស្លឹកម្លូ ឬសន្លឹកពពិល ជាយោនីនាងឧមា ដែលប្រារព្ធឡើងក្នុងគោលបំណងឱ្យគូស្វាមីភរិយាថ្មី កើតកាលវាលគុម្ព ជាកូន ជាចៅ សុខចម្រើនតរៀងទៅ។

កិច្ចពិធីបូជាព្រះសិវលិង្គនេះ ពុំមានភ័ស្តុតាងណាមួយនៃប្រវត្តិសាស្ត្រ ដែលធ្វើជាកិច្ចក្នុងពិធីអាពាហ៍ពិពាហ៍នៅ ក្នុងប្រទេសកម្ពុជា ហើយពិធីនេះ មិននាំមកសិរីមង្គលដល់គូស្វាមីភរិយាថ្មីឡើយ។ អាស្រ័យហេតុនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់សាធារណជន ជាពិសេស លោកអាចារ្យរៀបចំពិធីមង្គលការ និងម្ចាស់សម្អាងការ សូមកុំបន្តយកកិច្ចពិធីនេះ មកប្រារព្ធក្នុងពិធីរៀបអាពាហ៍ពិពាហ៍បន្តទៀត ដើម្បីចៀសវាងការ អនុវត្តខុស ប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ»៕