Wednesday, March 12, 2025
Homeព័ត៌មានជាតិត្រណមនយោបាយ មេបក្សសន្តិភាពជាតិ ថាធ្វើឲ្យសម រង្ស៊ី ងាប់គ្មានដីកប់

ត្រណមនយោបាយ មេបក្សសន្តិភាពជាតិ ថាធ្វើឲ្យសម រង្ស៊ី ងាប់គ្មានដីកប់

ភ្នំពេញ ៖ មេបក្សសន្តិភាពជាតិ និងជាអ្នកវិភាគនយោបាយ-សង្គម លោក រស់ សារ៉ុម បានលើកឡើងថា ត្រណមនយោបាយ បានធ្វើឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលម្តងត្រូវជាមួយអ្នកនេះ វាយអ្នកនោះ ម្តងត្រូវជាមួយអ្នកនោះ វាយអ្នកនេះ ព្រមទាំងបណ្ដុះកូនធម៌ឲ្យបន្តវេននោះ នឹងងាប់គ្មានដីកប់ ។

លោក រស់ សារ៉ុម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថា «ត្រណមនយោបាយ ងាប់គ្មានដីកប់ ម្តងត្រូវជាមួយអ្នកនេះ វាយអ្នកនោះ ម្តងត្រូវជាមួយអ្នកនោះ វាយអ្នកនេះ លទ្ធផលចុងក្រោយ ដូចលោក សម រង្ស៊ី កូនបង្កើតបណ្តុះមិនបាន អាងកូនធម៌ (លីពូ) ហើយកូនធម៌ បណ្តុះបាន ងាប់ដោយសារក្រទៅៗ តាមពាក្យបណ្ឌិតសេដ្ឋកិច្ចតែងតាំងខ្លួនឯង។ ស្ពៃ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថា នៅក្នុងនយោបាយប្រឆាំងរបស់លោកសម រង្ស៊ី ដំបូងត្រូវជាមួយសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច វាយសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ហើយបន្ទាប់មកត្រូវជាមួយសម្ដេចហ៊ុន សែន កម្ចាយសម្ដេចក្រុមព្រះ តាមរយៈយល់ព្រមបង្កើតរូប៥០បូក១ និងចុងក្រោយ ត្រូវជាមួយកឹម សុខា វាយសម្តេចហ៊ុន សែន តាមរយៈការបង្កើតគណបក្សសង្រ្គោះជាតិ តែមកដល់ពេលនេះ ខាងសម្ដេចក្រុមព្រះ ក៏សត្រូវជាមួយសម រង្ស៊ី ខាងក្រុមរបស់កឹម សុខា ក៏សត្រូវរបស់សម រង្ស៊ី និងក្រុមរបស់សម្ដេចហ៊ុន សែន ក៏សត្រូវរបស់សម រង្ស៊ី  ដែលមានន័យថា ដោយសារត្រណមនយោបាយនេះហើយ ដែលធ្វើឲ្យសម រង្ស៊ី អន្តរាយនយោបាយដូចបច្ចុប្បន្ននេះ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “បាទ! នឹងចំណុចទី១ ដែលខ្ញុំលើកឡើងថា ត្រណមនយោបាយ ងាប់គ្មានដីកប់ ម្តងត្រូវជាមួយអ្នកនេះ វាយអ្នកនោះ ម្តងត្រូវជាមួយអ្នកនោះ វាយអ្នកនេះ គឺខ្ញុំចង់លើកឡើងដល់កត្តាប្រវត្តិសាស្រ្តនយោបាយយូរហើយ តាំងពីការចាប់ផ្ដើមមានមនុស្សរស់នៅលើផែនដីនេះ អ្នកនយោបាយ គឺតមកន្លែងហ្នឹង គេមិនឲ្យមានទេ បើសិនជាចង់ធ្វើនយោបាយមួយ ឆ្ពោះទៅរកភាពជោគជ័យពិតប្រាកដ ។ អ៊ីចឹងចំណុចទី១នេះ ខ្ញុំចង់ជម្រាបទៅលោកសម រង្ស៊ី ដំបូងត្រូវជាមួយសម្ដេចក្រុមព្រះ វាយសម្ដេចហ៊ុន សែន ហើយបន្ទាប់មកត្រូវជាមួយសម្ដេចហ៊ុន សែន កម្ចាយក្រុមព្រះ ៥០បូក១ ដល់ពេលចុងក្រោយត្រូវជាមួយកឹម សុខា វាយហ៊ុន សែន វិញ ។ អ៊ីចឹងជីវិតនយោបាយគាត់ចុងក្រោយ ក្រុមក្សត្រ ខាងសម្ដេចក្រុមព្រះ ក៏សត្រូវជាមួយសម រង្ស៊ី ក្រុមរបស់កឹម សុខា ក៏សត្រូវរបស់សម រង្ស៊ី ហើយក្រុមរបស់សម្ដេចហ៊ុន សែន ក៏សត្រូវរបស់សម រង្ស៊ី ។ អ៊ីចឹងនៅពេលដែលសត្រូវរបស់សត្រូវ ក្លាយទៅជាមិត្ត អ៊ីចឹងសម រង្ស៊ី ចប់បណ្ដោយ ។ អ៊ីចឹងត្រណមនយោបាយហ្នឹងហើយ ដែលធ្វើឲ្យសម រង្ស៊ី អន្តរាយនយោបាយដូចបច្ចុប្បន្ននេះ រកកន្លែងមិនឃើញទេ“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ចំណុចទី២ សម រង្ស៊ី កូនឯងអត់កើតទេ កូនចៅសម រង្ស៊ី ហាយសូជាងអ្នកមានអនឡាញនៅស្រុកខ្មែរមួយចំនួនហ្នឹងទៀត ។ អ៊ីចឹងសម រង្ស៊ី បណ្ដុះមិនបានទេកូនចៅបន្តវេននយោបាយនោះ អ៊ីចឹងបណ្ដុះបានតែកូនធម៌ ហើយកូនធម៌ បណ្ដុះបាន សុទ្ធតែលីពូ ទៀត មានន័យថា អំនួតពេញខ្លួន គ្មានអាណាធ្វើកើតទេ មានតែអញ ។ អ៊ីចឹងចុងក្រោយគឺឪធម៌របស់លីពូ អត់មានរស់ទេ គឺងាប់ដោយសារលីពូ សម្លាប់ចោល ។ អ៊ីចឹងសម រង្ស៊ី ក៏ដូចគ្នា បណ្ដុះកូនធម៌ គឺកូនធម៌អារកសម រង្ស៊ី ចោល ដូចភ្លើងទៀន អារកសម រង្ស៊ី កម្លាំងជាតិ ក៏អារកសម រង្ស៊ី មួយជំហានទៀត ។ អ៊ីចឹងកូនធម៌សម រង្ស៊ី គឺអារកសម រង្ស៊ី ហ្នឹងហើយ ហើយចំណុចទី២នេះ ដែលកូនធម៌សម រង្ស៊ី  សកម្មជនរបស់សម រង្ស៊ី ដែលបណ្ដុះបាន ហើយសម រង្ស៊ី ថាជាអ្នកស្នេហាជាតិនោះ វាមិនងាប់ដោយសារគណបក្សប្រជាជន វាយទេ តែវាងាប់ដោយសារតែខ្សោះខ្លួន វេទនា រស់ពិបាកជាងស្លាប់នៅក្នុងប្រទេសខ្មែរនេះ គឺដោយសារតែសម រង្ស៊ី គាបដូចកាកអំពៅអ៊ីចឹង ។ អ៊ីចឹងធ្វើឲ្យសម រង្ស៊ី គ្មានកម្លាំងណាទៅវាយបកជាមួយដៃគូបានទេ ព្រោះកូនធម៌ប្រភេទអ៊ីចេះៗ ទៅតស៊ូជាមួយគណបក្សកាន់អំណាច ម៉េចបាន ។ អ៊ីចឹងសម រង្ស៊ី ចប់ហើយជីវិតគាត់“ ។

លោក រស់ សារ៉ុម បានប្រសាសន៍បន្តទៀតថា “ហើយចំណុចទី៣ ពាក្យថា ស្ពៃ ហ្នឹង គឺសំដៅទៅលើលោកសម រង្ស៊ី ថា សកម្មភាពដែលគាត់កំពុងតែប្រឹងធ្វើរាល់ថ្ងៃនេះ វាអត់មានបង្កជាគុណសម្បត្តិដើម្បីងើបឡើងវិញ មានសក្ដានុពលតតាំងជាមួយគណបក្សប្រជាជន ទេ ទៅមិនរួចទេ ។ អ៊ីចឹងធ្វើអីក៏ស្ពៃដែរ ហើយក្ដីស្រមៃរបស់លោកសម រង្ស៊ី ចុងក្រោយនោះក៏រលាយសាបសូន្យ ដោយសារតែចរិតនយោបាយរបស់សម រង្ស៊ី ដែលហៅថា អំនួតពេញខ្លួន ហើយជាអ្នកនយោបាយមួយដែលគ្មានជំហរពិតប្រាកដ ហើយជាអ្នកនយោបាយមួយដែលធ្វើបដិវត្តន៍ក្លែងក្លាយ ។ អ៊ីចឹងអ្នកដែលរងគ្រោះពិតប្រាកដ គឺសកម្មជននិងអ្នកគាំទ្ររបស់គាត់ ។ អ៊ីចឹងចំណុចចុងក្រោយ គឺសកម្មភាពនយោបាយរបស់គាត់ គឺរលាយសាបសូន្យហើយ មានន័យថា ស្ពៃ!“ ៕ កុលបុត្រ

RELATED ARTICLES