ខេត្តកណ្តាល ៖ បុរសម្នាក់ ជិះម៉ូតូពេលយប់តែម្នាក់ឯង ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបើក បុកទាំងកំរោល បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្បែរម៉ូតូ ចំណែករថយន្តបង្កហេតុ បានបើកគេចខ្លួនបាត់ស្រមោល រហូតដល់ព្រឹក ឡើង ទើបមានអ្នកដំណើរប្រទះឃើញសព ជនរងគ្រោះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកព្រលឹម ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិត ក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ។
សពជនរងគ្រោះ ដែលត្រូវរថយន្តបុក ស្លាប់ក្បែរចិញ្ចើមផ្លូវខាងលើ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ មានអ្នកដំណើរបាន ធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុក៏ប្រទះឃើញ សពបុរសម្នាក់ដេកស្លាប់នៅក្បែរម៉ូតូលើចិញ្ចើម ផ្លូវជាតិលេខ១ ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ ទីតាំងកើតហេតុនិងបានពិនិត្យឃើញថា សព ជាមនុស្សប្រុស មានសម្បុរខ្មៅស្រអែម កម្ពស់ ១,៦៨ម៉ែត្រ ស្លៀកខោខូវប៊យជើងវែង ពណ៌ ខ្មៅ ពាក់អាវសាច់ក្រណាត់ដៃវែងក្រឡាការ៉ូ ពណ៌ខ្មៅលាយស និងជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FW-3347។ សព ជនរងគ្រោះត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្បែរម៉ូតូលើចិញ្ចើមផ្លូវជាតិ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះអាចត្រូវរថយន្តធុនធំបើកបុក និងកិន បន្ថែម ខណៈដែលកំពុងជិះម៉ូតូតែម្នាក់ឯងទាំង កណ្តាលយប់ស្ងាត់ ឬវេលាទៀបភ្លឺ ខណៈដែល ជនរងគ្រោះធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ១ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅអ្នកលឿង។ យ៉ាងណាមិនមានសាក្សីណាម្នាក់ ប្រទះឃើញ ហេតុការណ៍ផ្ទាល់ភ្នែកនោះទេ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវផ្តល់ដំណឹង ដល់សាច់ញាតិជនរងគ្រោះ ដើម្បីមកទទួលយក សពទៅរៀបចំធ្វើបុណ្យតាមព្រពៃណី និងស្វែងរករថយន្តបង្កហេតុនាំយកមកដោះស្រាយតាម នីតិវិធី៕ សិលា