Friday, March 14, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដៈ លែងឲ្យភ្លាត់ស្នៀត

ខេមរៈ សិរីមន្ដៈ លែងឲ្យភ្លាត់ស្នៀត

ភ្នំពេញ ៖ តារាចម្រៀង ខេមរៈ សិរីមន្ដ បានចេញបទកន្ទឹ្រម «សៅអើយ នាងសៅ» និងត្រៀមចេញបទ «មករាំកន្ទ្រឹមឆ្នាំថ្មី» សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រណៃណីជាតិខ្មែរ នាពេលខាងមុខ ដែលនេះជាការបត់មកលេង ស្ទីលចាស់ ដូចកាលនៅផលិតកម្មមុនឡើងវិញ ដើម្បីកុំឲ្យជាន់ដានចាស់ ដូចបទ «ឆ្នាំហ្នឹងសប្បាយខ្លាំង» ដែលលោកប៊ុនថៃ ច្រៀងសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ ផ្ទុះការិះគន់ខ្លាំង រហូតបង្ខំចិត្តលុបចោលទាំងសោកស្ដាយ ។ ប៉ុន្ដែពេលនេះ សិរីមន្ដ ចាប់ផ្ដើមព្យាយាមលួងលោមចិត្ត Fan របស់ខ្លួនឡើងវិញ បន្ទាប់ពីលោកបានដឹងថា ការលេងស្ទីលបែបស្រុកស្រែ របស់ខ្លួន ដូចកាលច្រៀងនៅផលិតកម្មសាន់ដេ នៅតែជាទី ពេញនិយម លើសការផលិតបទបែបស្ទាវ ។

ជាក់ស្ដែងដូចជាពេលសិរីមន្ដ ងាកមកច្រៀងបទ «ដាច់ឆ្នាំថ្មី សល់អ្វីខ្លះ?» និងបទ «គេងលើភ្លើង» នោះ លោកថៃ ទទួលបានការគាំទ្រគួរសម ពិសេសអ្នកដែលចង់ធ្វើពហិការ លើបទចម្រៀងរបស់លោក ក្រោយមិនពេញ ចិត្តតារាកូន៣នេះ ចេញមុខយ៉ាងសកម្ម ការពារថៅកែ ខ្លះព្រមស្ដាប់បទរបស់លោកវិញ ។

 គួរបញ្ជាក់ថា ខេមរៈ សិរីមន្ដ ត្រូវបានអ្នកជំនាញសិល្បៈ លើកឡើងថា លោកមិនងាយធ្លាក់ចុះទេ ព្រោះមាន ខ្នងក្រាស់ នោះគឺបងប្រុសរបស់ខ្លួន លោកខេមរៈ ភារុណ ដែលជាអ្នកសរសេរបទចម្រៀងឲ្យច្រៀង តាំងពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែតាំងពីចូល Galaxy មក លោកប៊ុនថៃ ត្រូវបានអ្នកនិពន្ធវ័យក្មេងជាច្រើន និពន្ធចម្រៀងឲ្យច្រៀង ដែលបញ្ហានេះត្រូវបានលោកភារុណ ប្រាប់អ្នកយកព័តមានយើងថា ព្រោះតែអ្នកនិពន្ធថ្មីៗមានស្នាដៃល្អ តែលោកក៏ធ្វើការជា Part Time ឲ្យ Galaxy ដែរ ហេតុនេះលោកនៅតែបន្ដសរសេរបទ ចម្រៀងឲ្យប្អូនច្រៀង ពេលទំនេរពីការងាររដ្ឋ។

 ទស្សនិកជនសង្កេតឃើញថា ខេមរៈ សិរីមន្ដ ជ្រកនៅ Galaxy ជាង៣ឆ្នាំនេះ អុកឡុកទីផ្សារចម្រៀងជាងគេ ពោលគឺធ្វើឲ្យសិស្សច្បង ព្រាប សុវត្ថិ ពេលខ្លះក៏ពិបាកទប់ទល់ម្ដងៗដែរ ខណៈដែលលោកខេម ជាតួឯកនៅផលិតកម្មនេះ មុនឆ្នាំ២០២០ ឥឡូវធ្លាក់មកដល់លេខរៀងទី៣ ទៅហើយ ។ យ៉ាងណា អ្នកលេងបណ្ដាញសង្គមជាច្រើន តែងតែចេញមុខរិះគន់ ជេរប្រមាថមកលើលោកប៊ុនថៃ ចំៗតែម្ដង នៅពេលដែលលោកចេញមុខការ ពារថៅកែ ឬអ្នកនយោបាយ ដែលបញ្ហានេះ លោកប៊ុនថៃ ផ្ទាល់ខ្លួនក៏បានដឹងច្បាស់ដែរ ប៉ុន្ដែលោកធ្លាប់ប្រាប់ថា ទំនាក់ទំនងរវាងលោកនិងថៅកែ លើសពីបងប្អូនទៅទៀត ហេតុនេះហើយបានជាគេមើលឃើញថា ទោះជាមហាជនរិះគន់យ៉ាងណា ក៏តារាវ័យ៤០ឆ្នាំ រូបនេះ នៅតែតាមការពារថៅកែដដែល ។

 ក្រៅពីខេមរៈ សិរីមន្ដ តារាដែលច្រៀងបទបែបស្រុកស្រែ មានការគាំទ្រជាងបទសម័យបែកស្លុយ មានដូចជា លោកព្រាប សុវត្ថិ, ឆាយ វីរៈយុទ្ធ និងលោកខេម ជាដើម ។ ប៉ុន្តែចំពោះបទកន្ទ្រឹម សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ គេនៅមិនទាន់ឃើញមានតារារូបណាចេញមកប្រជែងទីផ្សារលោកប៊ុនថៃ ឡើយ ដែលចំណុចនេះ ធ្វើឲ្យ Fan អតីតតារាហង្សមាស រូបនេះថាតារាកូន៣ អាចមានយីអ៊ុនល្អជាងគេ ឆ្នាំ២០២៥ ជាមិនខាន បើទោះជាតាំងពីឡើងជាឧកញ៉ា ជាង៣ឆ្នាំមកនេះ លោកមិនសូវចេញមុខសកម្មតាមឆាកតន្រ្ដី ដោយច្រៀងភាគច្រើនតែជាការរៀបចំរបស់ Galaxy ក្ដី។

Fan របស់ខេមរៈ សិរីមន្ដ នៅតែលើកឡើងថា ប្រសិនបើតារាកូន៣នេះ បន្ថយចេញមុខការពារថៅកែ នោះអាចនឹងប្រមូលអ្នកគាំទ្រខ្លួនដូចអំឡុងច្រៀងឲ្យនៅសាន់ដេ វិញជាមិនខាន ប៉ុន្ដែបញ្ហានោះពិបាកទៅរួច ព្រោះតារាស្និទ្ធលោកប៊ុនថៃ និយាយថា «គាត់បានប្រយោជន៍ពីថៅកែដែរ អីចឹងបើមិនឲ្យការពារថៅកែ តើឲ្យសិរីមន្ដ ទៅការពារអ្នកណា?»៕

RELATED ARTICLES