Friday, March 14, 2025
Homeតារាខ្មែរសុខ ស្រីនាងៈ ៨ខែ ចេញមុខម្ដង

សុខ ស្រីនាងៈ ៨ខែ ចេញមុខម្ដង

ភ្នំពេញ ៖ តារាចម្រៀង សុខ ស្រីនាង បង្ហាញខ្លួននៅថ្ងៃមង្គលការប្អូនប្រុសរបស់នាងកាលពីខែកក្កដា ឆ្នាំ២០២៤ ហើយក៏បាត់ស្រមោលទៅវិញឈឹង ក្រោយផ្អាកឡើងឆាកតន្រ្ដី ៤ឆ្នាំទៅហើយ ដោយគ្មានមូលហេតុ។ ប៉ុន្តែកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ ស្រីនាង បានផុសរូបថ្មីរបស់ខ្លួនម្ដងទៀត នៅលើទំព័រហ្វេសប៊ុក របស់នាង ពោលគឺ ៨ខែគត់ ទើបព្រមចេញមុខវិញនាលើកចុងក្រោយនេះ ធ្វើឲ្យ Fan ចូលទៅខម្មិនសួរសុខទុក្ខនាងជាច្រើន ពិសេសគេចង់ដឹងបទចម្រៀងថ្មីរបស់នាង ចេញពេលណា? ហើយនាងឡើងឆាកតន្រ្ដីវិញថ្ងៃណា? និងខ្លះឆ្ងល់ថា ហេតុអីបានជានាងឈប់ច្រៀង? ប៉ុន្ដែរាល់សំណួរទាំងឡាយ គ្មានចម្លើយតបពីស្រីនាង ឡើយ ។

 អ្នកយកព័តមានយើងបានព្យាយាមទាក់ទងទៅសុខ ស្រីនាង ជាច្រើនលើក តែមិនអាចទាក់ទងបានទេ ។ ចំណែកអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដី ដែលធ្លាប់ហៅស្រីនាង ទៅច្រៀងនោះ បានប្រាប់យ៉ាងខ្លីថា មិនដឹងពីស្ថានភាពចុងក្រោយរបស់ស្រីនាង នោះទេ ព្រោះនាងមិនទទួលឡើងឆាក តាំងពីឆ្នាំ២០២១ ម៉្លេះ ។ ទោះជាយ៉ាងណា ការផុសរូប ៣សន្លឹករបស់នាងក្រោយបាត់មុខពីបណ្ដាញសង្គម ៨ខែនេះ គឺចំពេលដែលកំពុងមានព័ត៌មានជាច្រើនសង្ស័យអតីតតារាហង្សមាស រូបនេះអាចសម្ងំមានកូន បានជានាងលែងបង្ហាញខ្លួនបែបនេះ ។ ប៉ុន្តែតាមរយៈរូបភាពចុងក្រោយនេះ ស្រីនាង បានបង្ហាញឲ្យគ្រប់គ្នាមើលឃើញថា នាងនៅធម្មតា ពោលគឺអត់ដូចគេថាឡើយ ព្រោះរូបភាពនោះ គ្មានផ្ទៃពោះ ឬកូននោះទេឡើយ ។

សុខ ស្រីនាង បានដើរចេញពីផលិតកម្មរស្មីហង្សមាស ដោយគ្មានបានជូនដំណឹងទៅFan របស់ខ្លួនទេ ទើបផ្ទុះរឿងថា នាងត្រូវបានគូស្នេហ៍ថ្មីហួងហែង លែងឲ្យរាំច្រៀងទៀតហើយ បើទោះជាមុនដកខ្លួនចេញនេះ នាងឡើងកូដ ច្រៀង ១កម្មវិធី តម្លៃជាង ១ពាន់ដុល្លារ ពោលគឺអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារ ក្នុង១ឆ្នាំៗក៏ដោយ តែនាងគ្មានស្ដាយស្រណោះលុយសិល្បៈនោះទេ។

មានការសង្ស័យថា ម្ចាស់បេះដូងរបស់ស្រីនាង ប្រាកដជាមានទ្រព្យមិនចាញ់សេដ្ឋីនោះទេ ទើបប៉ាវផ្ដាច់លែងឲ្យនាងច្រៀងរាំរកលុយ ទាំងដែលនាងកំពុងមានទីផ្សារបែបនេះ  តែស្រីនាង មិនខ្វល់ពីពាក្យចចាមអារ៉ាមទាំងឡាយឡើយ ហើយជម្រើសរបស់នាង នៅតែមិនកំណត់ពេលវេលាវិលរកឆាកតន្រ្ដីដដែល ហើយទំនងអាចនឹងបញ្ចប់អាជីពចាស់របស់ខ្លួនទៀតផង ។ ប៉ុន្ដែភ្លាមៗនោះ លោក Eco Vak Song អ្នកដឹកនាំសម្ដែងនៅហង្សមាស បានចេញមុខការពារស្រីនាង ថានាងមូលហេតុដែលលែងច្រៀង ព្រោះតែនាងជាប់រវល់រកស៊ី ។

 សុខ ស្រីនាង បានប្រឡូកអាជីពចម្រៀង រយៈពេល ១៧ឆ្នាំ (២០០៤-២០២១) ហើយនាងជាតារាតែម្នាក់គត់ ដែលលាក់គូស្នេហាថ្មីបានយូរបំផុត ពោលគឺតាំងពីលែងប្តី លោកស៊ី សុវត្ថិ ឆ្នាំ២០១០ មក នាងមិនដែលបង្ហាញមុខគូស្នេហ៍ថ្មី ជាសាធារណៈម្ដងណាទេ អស់រយៈពេល១៥ឆ្នាំមកនេះ ។ អតីតតារា K.H, សាន់ដេ និងហង្សមាស រូបនេះនៅរក្សាសម្រស់បានពីធម្មជាតិ ពោលគឺគ្មានដំណឹងនាងកែកុនសម្រស់នោះទេ តាំងពីប្រឡូកសិល្បៈមក ហេតុនេះហើយបានជាធ្វើឲ្យប្រុសៗវ័យចំណាស់ ចង់តែធ្វើជាគូស្នេហ៍ស្រីនាង ខណៈដែលមុនបោះបង់កាន់ក្បាលមីក្រូឡើងឆាកនេះ ស្រីនាង បានចេញទៅដើរលេងកម្សាន្ដជាច្រើនប្រទេស ទាំងនៅអាស៊ី និងប៉ែកអឺរ៉ុប ដែលនោះជាឱកាសនាងពិសោធស្នេហ៍ថ្មីផងដែរ ។

 គេរង់ចាំមើលថា សុខ ស្រីនាង ពិតជាបញ្ចប់អាជីពទាំងស្រុង ព្រោះសម្ពាធគូស្នេហ៍មែន ឬមួយនាងនៅតែអាល័យអាជីពចាស់ ហើយសម្ងំត្រៀមបញ្ចេញអ្វីដែលថ្មីបំផុត?  …៕ 

     

RELATED ARTICLES