ភ្នំពេញ ៖ ស្ថិតក្នុងវ័យទើបតែ១៣ ឈានចូល១៤ឆ្នាំ កុមារី សក្ខី បុត្រធីតា ដែលប្រឡូកក្នុងអាជីពសម្ដែង រយៈពេល៥ឆ្នាំមកហើយនោះ បានលេចមុខតាមភាពយន្ដ ស្ពតពាណិជ្ជកម្ម និងសកម្មភាពសិល្បៈជាច្រើនទៀត ដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ ព្រោះនាងមិនត្រឹមតែមានរូបសម្រស់គួរឲ្យទាក់ទាញ ថែមទាំងមានទេពកោសល្យសិល្បៈល្អ មិនចាញ់រៀមច្បងប្រឡូកអាជីពនេះរាប់សិបឆ្នាំមកហើយនោះទេ ដែលធ្វើឲ្យផលិករជា ច្រើន ទាក់ភ្នែក ពេញចិត្តនូវសមត្ថភាពកុមារីរូបនេះ ដោយភាគច្រើន ក្រុមផលិតករទាំងនោះ ឲ្យនាងសម្តែងជាតួឯកកាលនៅពីក្មេង និងលាន់មាត់សរសើរថា នាងពូកែសម្ដែង ហើយថែមទាំងឆាប់ចាំប៉ារ៉ូលបានលឿនទៀតផង។ ជាក់ស្ដែងដូចជាថ្មីៗនេះ កញ្ញាសក្ខី បុត្រធីតា បានលេចមុខនៅក្នុងភាពយន្ដ រឿង «សាសនាងងឹត» របស់ផលិតកម្មអិលឌី (LD) ផងដែរ ហើយនាងស្រឡាញ់ចូលចិត្ត និងចង់យកគំរូតាមព្រះនាងតូច នរោត្តម ជេនណា។

ព្រះនាងតូច ជេនណា
ដោយហេតុថា កញ្ញាសក្ខី បុត្រធីតា នៅក្មេងពេក មិនសូវចេះនិយាយ ឬឆ្លើយទៅនិងសំណួរអ្នកសារព័តមាន ទើបអ្នកស្រី ជីមី មីនី ដែលត្រូវជាម្ដាយ ជាអ្នកគ្រងគ្រង(Manager) ការងារថតសម្ដែងកូន បានឆ្លើយជំនួសធីតា នូវរាល់សំណួររបស់អ្នកសារព័តមាន។ អ្នកស្រី មីនី ប្រាប់ថាសក្ខី បុត្រធីតា ទើបហក់ចូលប្រឡូកក្នុងវិស័យថតភាពយន្ដ នៅឆ្នាំ២០២០ តាមរយៈថតរឿងដំបូង «លោកប្ដី ៣៦៥ថ្ងៃ» និងបន្ដបន្ទាប់មកទៀត ថតរឿង «នាងកែវមុខសេះ», «ក្រយាស្នេហ៍» និងថតជាមួយព្រះនាងតូច នរោត្តម ជេនណា រឿង «បណ្ដាសានាងរាត្រី» រួមទាំងភាពយន្ដមួយចំនួនទៀត ខណៈដែលស្ពតពាណិជ្ជកម្ម ធីតា បានថតហើយទទួលបានការគាំទ្រច្រើន គឺស្ពតធនាគារ ABA ក្រុមហ៊ុន Smart និងក្រុមហ៊ុនមួយចំនួនទៀត។


ម្ដាយកញ្ញាធីតា បន្ថែមថា កូនស្រីស្រលាញ់សិល្បៈ តាំងពីមានអាយុ៧ឆ្នាំ ដែលពេលនោះ ធីតា បានតាមដាន ការសម្ដែងរបស់ព្រះនាងតូច នរោត្តម ជេនណា រឿង «ទេពធីតាព្កុលមាស» គឺមើលភ្លេចបាយភ្លេចទឹកតែម្ដង ហើយពេលនោះ កូនស្រីប្រាប់ថា នាងចង់ធ្វើជាតារាសម្ដែង និងតារាចម្រៀង ហើយអ្នកស្រីក៏យល់ស្របតាមការនិយាយរបស់កូន តែនឹកស្មានថាកូននិយាយចោល ព្រោះគ្នានៅក្មេង ប៉ុន្ដែតាមពិត កូនស្រីពិតជាស្រលាញ់សិល្បៈនេះខ្លាំង តាំងពីតូចមែន។

សក្ខី បុត្រធីតា ជាកូនទោលក្នុងគ្រួសារ ដែលឪពុកបានស្លាប់ កាលពីឆ្នាំ២០១៣ ដោយគ្រោះថ្នាក់ចរាចរណ៍ ពោលគឺតាំងពីនាងមានអាយុ៧ឆ្នាំ ខណៈដែលបច្ចុប្បន្នម្ដាយរបស់នាងអ្នកស្រី ជីមី មីនី ធ្វើការជាអ្នកគ្រប់គ្រងនៅហាងស្ប៉ា មួយកន្លែង។ ធីតា មានជីតាឈ្មោះ ឡេង សក្ខី អតីតមន្រ្ដីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែនាងមិនបានចូលរៀនជំនាញសិល្បៈនេះពីសាលាណាទេ ប៉ុន្ដែផលិតករបែរជាសរសើរមិនដាច់ពីមាត់ នូវទេពកោសល្យសិល្បៈរបស់នាង ថាទោះជាវ័យនៅជំទង់មែន តែកុមារីរូបនេះ ថតដាក់អារម្មណ៍បានល្អ ពូកែចាំប៉ារ៉ូលបានលឿន និងធ្វើបានទៅតាមអ្នកដឹកនាំចង់បាន។

អ្នកស្រី ជីមី មីនី ថាលោកស្រីសប្បាយចិត្តដែលខាងផលិតករ អ្នកដឹកនាំរឿង(Director) ពេញចិត្តនិងសរសើរពីស្នាដៃសម្ដែងរបស់កូនស្រីថាពូកែ និងឆាប់ចាំប៉ារូលណាស់។ អ្នកស្រីបន្ថែមថាធីតា បច្ចុប្បន្នរៀននៅសាលាប៊ែលធី ថ្នាក់ទី៧ និងរៀនភាសានៅសាលាខាងក្រៅបន្ថែមទៀត ទើបរវល់ល់ការសិក្សាច្រើន អ៊ីចឹងហើយរាល់ការងារសិល្បៈរបស់នាង គឺអ្នកស្រីជាម្ដាយ ជាអ្នកគ្រប់គ្រង។

អ្នកស្រី ជីមី មីនី និយាយថា «ខ្ញុំមានជីវភាពធូរធារមធ្យម អាចមានលទ្ធភាពឲ្យកូនរៀនបាន តែកូនស្រលាញ់សិល្បៈ តាំងពីតូច អ៊ីចឹងហើយខ្ញុំបំពេញបំណង និងគាំទ្រកូនស្រី។ ប៉ុន្ដែក្នុងវ័យនេះ ការសិក្សាសំខាន់ណាស់ ហេតុនេះហើយបានជាខ្ញុំមិនទាន់ឲ្យកូនទទួលថតរឿងភាគ ដែលប្រើពេលជាច្រើនថ្ងៃនោះទេ ព្រោះខ្លាចប៉ះ ពាល់ដល់ការសិក្សាររបស់កូនស្រី។ កូនស្រីខ្ញុំ ថ្ងៃទី១ ដែលចូលថតដំបូង ក៏ធ្វើបានដូចជាអ្នកអាជីពដែរ ។ ក្រុមការងារខាង Director គេសរសើរថា គាត់មានដុង ព្រោះអត់ខ្លាចកាមេរ៉ា ស្ដាប់អ្នកដឹកនាំងាយយល់ ការ ថតមិនយូរ ។ ខ្ញុំទទួលស្គាល់ថា កូនស្រលាញ់សិល្បៈ ប៉ុន្ដែចំណេះដឹង ចំណេះវិទ្យាទូទៅក៏សំខាន់ដែរ ព្រោះបើយើងចង់ឲ្យវិស័យសិល្បៈដើរទៅមុខ យើងក៏ត្រូវតែបណ្ដុះចំណេះដឹង ចំណេះវិជ្ជា ភាសាឲ្យបានច្រើន គឺលើកស្ទួយវិស័យសិល្បៈខ្មែរយើងផង និងលើកស្ទួយខ្លួនឯង ដើម្បីឲ្យមានតម្លៃផង»។

អ្នកស្រី ជីមី មីនី បន្តថា កូនស្រីសក្ខី បុត្រធីតា បានចាត់ទុកព្រះនាងនរោត្តមជេនណា ជានិមិ្មតរូប (Idol) របស់ខ្លួន ហើយក្រៅពីអាជីពសម្ដែង នាងក៏ចង់ក្លាយទៅជាតារាចម្រៀងអាជីពម្នាក់ នាពេលអនាគតផងដែរ ស្រប ពេលដែលថ្មីៗនេះ កូនស្រីក៏ទើបថត MV បាន២បទឲ្យហង្សមាស ផងដែរ ៕


