Saturday, March 22, 2025
Homeព័ត៌មានសិល្បៈហ្គាឡាក់ស៊ី ណាវ៉ាត្រាៈ ទទួលសិទ្ធិពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផលិតកម្រងចម្រៀងសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី»

ហ្គាឡាក់ស៊ី ណាវ៉ាត្រាៈ ទទួលសិទ្ធិពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផលិតកម្រងចម្រៀងសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី»

ភ្នំពេញ៖ ផលិតកម្មGalaxy Navatra បានរៀបចំប្រារព្ធពិធីដ៏ធំទទួលសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិត Album កម្រងចម្រៀងដកស្រង់ចេញ​ពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី” កាលពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៥ ដែលជារឿងប្រវត្តិ​សាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិ ដោយមានអ្នកជំនាញសិល្បៈ និងបណ្ដារស្ថាប័នសាព័តមានជាច្រើនចូលរួម។

ពិធីទទួលសិទ្ធិធ្វើឡើងក្រោមការអញ្ជើញជាកិត្តិយសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ទីប្រឹក្សាផលិតកម្ម ផលិតករ អ្នកនិ​ពន្ធ តារាចម្រៀង សិល្បករសិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលប្រាព្ធធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងគោរពនូវការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តប្រកបដោយគុណធម៌ដ៏ជ្រាលជ្រៅផ្តល់ឱកាសឲ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ទទួលសិទ្ធិផលិត Album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី” ដោយអ្នកឧកញ៉ាបង្ហាញនូវមោទកភាពដ៏ខ្ពង់ខ្ពស់យ៉ាងក្រៃលែងសម្រាប់ផលិតកម្ម ហ្គាឡាក់ស៊ី និងក្នុងនាមអ្នកឧកញ៉ាផ្ទាល់ដែលបានទទួលនូវភារកិច្ចដ៏មាន​តម្លៃ​ជាប្រវត្តិសាស្រ្តក្នុងការផលិត Album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី”។អ្នកឧកញ៉ាមានប្រសាសន៍ក្នុងឱកាសនោះ អមដោយបន្លឺឡើងសំឡេងជយឃោសរំលេចពាក្យ «អរគុណសន្តិភាព, អរគុណសម្តេចតេជោដែលបានស្វែងរកសន្តិភាព, អរគុណសម្តេចមហាបវរធិបតីដែលបន្តការពារសន្តិភាព, សន្តិភាពជារនាំងការពារអាយុជីវិតយើងទាំងអស់គ្នា»។

អ្នកឧកញ៉ាមានប្រសាសន៍ថា «ខ្ញុំបាទ ក្នុងនាមក្រុមហ៊ុន ជាមួយឯកឧត្តម ហ៊ឹម នភា លោក ខេម មានមោទ​នភាពយ៉ាងក្រៃលែង ទទួលបានការអនុញ្ញាតិណែនាំជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងនិងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ការងារប្រវត្តិសាស្រ្តសម្រាប់​ការផលិតកម្រងចម្រៀងជូនសម្តេចទាំងទ្វេ ដើម្បីទុកជាមរតកដល់អ្នកជំនាន់ក្រោយបានដឹង និងឈ្វេងយល់ពីដំណើររឿង ដោយសាររឿងនេះជាដំណាក់កាលប្រវត្តិសាស្ត្រ និងជារឿងពិតដែលនិយាយពីសាច់រឿងរបស់សម្តេចតេជោ ក្នុងកំឡុងពេលចូលព្រៃ ហើយធ្វើការតស៊ូនឹងស្វែងរកការផ្សះផ្សារនាំសុខសន្តិភាពជូនជាតិមាតុភូមិ»។

 ជាមួយគ្នានេះដែរអ្នកឧកញ៉ាមានប្រសាសន៍ដោយក្តីអំណរដោយទទួលការងារមួយមួយនេះ ព្រោះភារកិច្ចដ៏ធំធេងគឺមានតម្លៃមហាសាលក្នុងជីវិតអ្នកឧកញ៉ា ដែលរកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយអ្នកឧកញ៉ារួមជាមួយឯកឧត្តម ហ៊ឹម នភា តារាចម្រៀង ដែលទទួលបានការណែនាំផ្ទាល់ពីសម្តេចតេជោ គឺមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតកម្រង Album កម្រងចម្រៀងរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី” ដើម្បីផលិតជូនដោយក្តីគោរពបំផុតជូនសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្សល់ទុកកម្រងចម្រៀងដល់អ្នកជំនាន់ក្រោយបានដឹងគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ដែលសាច់រឿង និងចម្រៀងនេះ គឺជាប្រវត្តិ​សាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយរាប់ជំនាន់ អាចសិក្សារៀនសូត្រនិងស្វែងយល់បន្ថែមពីតថភាពនៃជីវិតពិតៗ របស់ សម្តេច ក្នុងបុព្វហេតុប្តូរសាច់ស្រស់ ឈាមស្រស់តស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត និងដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់ការស្រាវជ្រាវ និងអាចរក្សាសិទ្ធិបានពេញលេញ។

នៅក្នុងរបារាយការណ៍ស្តីពីការរៀបចំផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ឯកឧត្តម ជា លីសែ ទីប្រឹក្សាផលិតកម្ម Galaxy Navatra បានលើកឡើងថា អមជាមួយវណ្ណកម្មដ៏ថ្លៃថ្លានៃខ្សែភាពយន្តភាគខ្នាតធំ និងស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ផលិតកម្ម Galaxy Navatra បានទទួលមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការទទួលបានសិទ្ធិដើម្បីផលិតជា Albums ចម្រៀងផ្លូវការរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាជំហានដំបូង ក្នុង ១ Album នឹងមានប្រហែលចន្លោះពី ៨ Vol. ទៅ 10Vol. ដែលក្នុង Vol. នីមួយៗ នឹងមាន ១០ បទ សរុបប្រហែលចន្លោះពី ៨០ បទទៅ ១០០បទ ក្នុងមួយ Album។ ជារួមសរុបទាំង 2 Albums ទាំងបទ លំនាំបទដើម និង មេឡូឌីថ្មី ប្រហែលជាជិត ២០០ បទ។

 ឯកឧត្តមទីប្រឹក្សា ជា សីលែ បានបញ្ជាក់ថា សម្រាប់ការងារ Media ដើម្បីធ្វើការផ្សព្វផ្សាយនូវបទចម្រៀង ក្រោយពីបានផលិតរួចរាល់ទាំងអស់ឱ្យបានទូលំទូលាយ សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដោយអនុញ្ញាតជូនផលិតកម្មGalaxy Navatra ផលិត រក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់ និងផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យបានទូលំទូលាយ ព្រមទាំងប្រគល់ជូនក្រុមការងារ Media របស់ សម្តេចតេជោ ដើម្បីផ្សព្វផ្សាយផងដែរ។

នៅក្នុងឱកាសនេះ ក៏មានរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីពិធីទទួលសិទ្ធិពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បង្កើត Album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី” ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group ឯកឧត្តម ហ៊ឹម នភា ទីប្រឹក្សាផលិតកម្ម Galaxy Navatra និងតារាចម្រៀង ខេម ដើម្បីបញ្ជាក់ពីបន្ថែមពីគោលបំណង បេសកកម្ម ចក្ខុវិស័យក្នុងការផលិត Album ចម្រៀងរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី” ផងដែរ។

 លោកខេម បានថ្លែងថាលោកជាតារាចម្រៀងសម័យម្នាក់តែមានភាពបត់បែនអាចច្រៀងបទប្រពៃណីបាន ហើយលោកមានមោទកនភាពបំផុតដែលបានបកស្រាយចម្រៀងទាក់ទងសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី” ដែលជាប្រវត្តិសម្ដេចតេជោ។លោកថានៅពេលដែលបានច្រៀងចម្រៀងសម្ដេចទើបលោកយល់ថាមិនមែនជាការងាយស្រួល​ទេ ដែលស្វែងរកសន្ដិភាព ។លោកថាចម្រៀងក្នុងសាច់រឿងនេះមានគ្រប់រសជាតិ ទាំងការរៀនសូត្រ ស្នេហា ការបែកបាក់ និងការជួបជុំ។លោកថាពេលបងប្អូនទស្សនាចម្រៀងជាប្រវត្តិនៃការតស៊ូរបស់សម្ដេចតេជោ នោះអ្នកទាំងអស់គ្នា និងយល់ច្បាស់ពីសារៈសំខាន់នៃសន្ដិភាពដែលរកបានដោយពិបាកដោយសម្ដេចតេជោ ។

 ចំណែកអ្នកនាងសុន ស្រីពេជ្រ វិញបានប្រាប់ដែរថានាងរំភើបខ្លាំងណាស់ដែលត្រូវបានជ្រើសរើសឲ្យច្រៀងនូវបទដែលទាក់ទងប្រវត្តិសម្ដេចតេជោក្នុងសាច់រឿង”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី”ព្រមទាំងបានចាប់ដៃគូជាលើកដំបូងជាមួយលោកខេម ។នាងថាបានផ្ចង់អារម្មណ៍ ដោយប្រុងប្រយ័ត្នបំផុតសម្រាប់ការច្រៀងបទទាំង​នោះហើយមានប៉ារ៉ូលខ្លះនាងស្រក់ទឹកភ្នែកទៀតផង ព្រោះភាពតស៊ូ កម្សត់របស់សម្ដេចតេជោ ដោយសារ​តែនាងក៍ធ្លាប់បានទស្សនារឿង”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី” ដែរដែលធ្វើឲ្យអារម្មណ៍របស់នាងដក់ជាប់ក្នុងចិត្តជានិច្ច  ហើយនាងថតបទចម្រៀងបាន១០បទហើយដូចជាបទ«ម៉ារីនី វីរៈនារីស្នេហាជាតិ» និងបទ«អាយុ១៩ឆ្នាំចូលធ្វើទាហាន »ជាដើម ខណៈសព្វថ្ងៃកំពុងបន្ដថតបទថ្មីថែមទៀត ៕

RELATED ARTICLES