
ភ្នំពេញ ៖ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានរំលឹកសម្ដីលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម ដែលជាគ្រូធំរបស់ខ្លួនថា សម្ដីល្អ មិនឮខ្លាំងដូចសម្ដីអាក្រក់ ដោយលោកយល់ថា សម្ដីនេះ ពិតជាត្រឹមត្រូវ ព្រោះតាមការឃើញជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្ន ការឲ្យតម្លៃទៅលើអំពើល្អ មិនទទួលបានការចាប់អារម្មណ៍ច្រើនដូចការឲ្យតម្លៃទៅលើអំពើអាក្រក់ អសុរោះវាចា ការប្រព្រឹត្តខុសឆ្គងនោះទេ ។
លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថា “បណ្ឌិតឡៅ ម៉ុងហៃ ៖ សម្តីល្អ មិនឮខ្លាំងដូចសម្តីអាក្រក់ទេ តែសម្តីល្អ ជួយឲ្យមានការប្រាស្រ័យទាក់ទងគ្នាល្អ ហើយសម្តីអាក្រក់ បង្កើតតែទំនាស់និងអរិភាពជាមួយគ្នា“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ថា លោកមិនយល់ស៊ីជម្រៅនៃទស្សនៈលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ដូចខាងលើនេះ ប៉ុន្តែសម្រាប់ការមើលឃើញរបស់លោក តាមរយៈការឆ្លុះបញ្ចាំងតថភាពនៃសង្គមកម្ពុជា បច្ចុប្បន្ន សម្ដីអាក្រក់ ឬទង្វើអាក្រក់ វាពិតជាឮខ្លាំងជាងសម្ដីល្អ ឬទង្វើល្អមែន ។ ពោលគឺបើនិយាយពីការផ្ដល់គុណតម្លៃ ការអត់ឱន អធ្យាស្រ័យ សន្ដោសប្រណី ស្នាមញញឹម ក្ដីសង្ឃឹមឲ្យគ្នា មិនប្រមាថកាតទានដល់គ្នានឹងគ្នា ព្រមទាំងគុណធម៌ សីលធម៌ សុជីវធម៌ ពុំសូវមានការចាប់អារម្មណ៍ទេ ប៉ុន្តែបើលេចលើស្មើក្រោម ការបង្ហាញសម្ដីអសុរោះ ជេរបញ្ចោរ ធ្វើអ្វីឲ្យប្លែក អាក្រក់ជួជាតិ អសីលធម៌ សម្ដីពាល កាប់ចាក់ បាតផ្សារ បែរជាក្លាយជាព័ត៌មានលឿនរហ័ស មានមនុស្សតាមដានច្រើនទៅវិញ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំមិនស៊ីជម្រៅទៅនឹងប្រសាសន៍ ទ្រឹស្ដីរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលមានប្រសាសន៍ទាក់ទងថា សម្ដីល្អ មិនឮខ្លាំងដូចសម្ដីអាក្រក់ តើសម្ដីអាក្រក់ វាផ្សាយបានលឿនជាងសម្ដីល្អឬយ៉ាងណានោះ? គឺថាតាមអ្វីដែលខ្ញុំមើលឃើញ ការឆ្លុះបញ្ចាំងតថភាពនៃសង្គមកម្ពុជា បច្ចុប្បន្ន អាចថា សម្ដីអាក្រក់ហ្នឹង វាឮខ្លាំងជាងសម្ដីល្អ វាលឿនបែបណា គេចាប់អារម្មណ៍បែបណា យើងគ្រាន់តែលើកហេតុផលថា សង្គមបច្ចុប្បន្ន បើអ្នកប្រាជ្ញបណ្ឌិត អ្នកដែលវិភាគក្ដី វាគ្មានល្អ មានចំណេះដឹងខ្ពង់ខ្ពស់អី គឺថា ផ្សព្វផ្សាយចង្អុលបង្ហាញ ទស្សនទាន ចក្ខុវិស័យណាដែលអាចជួយឲ្យសង្គមជាតិ មានការរីកចម្រើនជឿនលឿន ជាពិសេសទាក់ទងទៅនឹងសីលធម៌ គុណធម៌ សុជីវធម៌នៃការរស់នៅ ឲ្យវាមានបែបបទ សណ្ដាប់ធ្នាប់ល្អ វិន័យ ហើយមានការគោរពឲ្យតម្លៃគ្នា ការចេះចែករំលែកជួយគ្នា នូវអ្វីជាមេត្តាធម៌ ករុណាធម៌ ហើយបង្ហាញនូវអ្វីជាការវិវត្តនីនៃផ្នត់គំនិតល្អៗ រូមចំណែកក្នុងការកសាងប្រទេស រួមចំណែកក្នុងការឲ្យគុណតម្លៃគ្នា ការអត់ឱន អធ្យាស្រ័យ សន្ដោស អភ័យទានអីទាំងអស់ហ្នឹង គឺថាមិនសូវជាទទួលបានយកចិត្តទុកដាក់ដើម្បីតម្រង់ខ្លួន ដេកដើរឈរអង្គុយ ឲ្យល្អ សម្រាប់ចូលរួមចំណែកលើកតម្កើងនូវអ្វីជាគុណតម្លៃជាតិ អ្វីជាការបង្ហាញនៃស្នាមញញឹម ផ្ដល់ក្ដីសង្ឃឹមឲ្យគ្នា មិនប្រមាថកាតទាន មិនបៀតបៀន មិនច្រណែនឈ្នានីស មិនបំផ្លាញគ្នាក្នុងផ្លូវទុច្ចរិត ក្រៅពីសុចរិត ក្រៅពីតម្លាភាព ក្រៅពីអ្វីដែលជាការសន្ដោសប្រណី មានន័យថា យើងជួយឲ្យទាំងសង្គមជាតិ ទាំងប្រជារាស្រ្តហ្នឹងមានសុជីវធម៌ មានគុណធម៌ មានសីលធម៌ ក្នុងផ្លូវសុភមង្គល និងសុខដុមរមនានោះទេ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ប៉ុន្តែផ្ទុយទៅវិញ យើងឃើញហើយ អាលេចលើស្មើក្រោម ការបង្ហាញសម្ដីអសុរោះ ជេរបញ្ចោរ និងបញ្ហាដូចជាយើងតែងតែថាចាប់អារម្មណ៍ណាស់ ធ្វើអ្វីឲ្យប្លែក ទោះបីអាហ្នឹងវាអាក្រក់ វាជួជាតិ វាជាការមួយដែលសង្គមមិនអាចទទួលយកបានទាំងផ្លូវអាណាចក្រ ផ្លូវពុទ្ធចក្រ វាទៅជាអសីលធម៌ ទៅជាសម្ដីពាល កាប់ចាក់ បាតផ្សារអីហ្នឹង យើងឃើញហើយ គឺថាវាលឿន មនុស្សតាមដានច្រើន ដូចជាប្រព័ន្ធអន្តរបណ្ដាញ Social Medea អីហ្នឹង គឺថាបើជេរបញ្ចោរ បើប្រមាថកាតទាន លេចលើលេចក្រោមអីហ្នឹង វាមិនមែនអ្វីជាការពិត អ្វីដែលមិនគួរគប្បីធ្វើ វាបែរជាបង្ហាញនូវទង្វើអាក្រក់ ទង្វើដែលវាអាសអាភាស ទង្វើណាដែលវាធ្វើឲ្យបាត់នូវប្រពៃណី ធ្វើឲ្យវាល្មើសទៅនឹងផ្នែកសាសនា ឬក៏សង្គមស្អប់ខ្ពើមអី គឺថាមនុស្សចូលចិត្តតាមដាន ចូលចិត្តមើល ហើយអ្វីដែលជាតម្លៃសីលធម៌ គុណធម៌ហ្នឹង គឺថាមិនសូវយកមកទប់ស្កាត់ទេ ច្រើនតែជាការបណ្ដែតបណ្ដោយ ហើយបើយើងនិយាយអំពីអ្នករាជការ ឬក៏មន្រ្តីរាជការ រដ្ឋការ ឬក៏ឯកជន ឬក៏បែបប្រភេទណាក៏ដោយ គឺថាយើងតែងតែមិនត្រូវបានអប់រំ ទូន្មានប្រៀនប្រដៅ ឬដាក់វិន័យទេ ច្រើនតែលើកតម្កើងទំនើងមនុស្សដែលបាតផ្សារ មនុស្សដែលមានបទឧក្រិដ្ឋ មនុស្សដែលមិនធ្វើល្អហ្នឹង វាទៅជាមនុស្សហ្នឹងមានកិត្តិយស ហើយឡើងបុណ្យស័ក្ដិ មានសេចក្ដីថ្លៃថ្នូរតាមបែបទុច្ចរិត បែបបំផ្លាញជាតិ បែបធ្វើឲ្យមនុស្សជាតិ ធ្វើឲ្យប្រជាពលរដ្ឋ ធ្វើឲ្យសង្គមហ្នឹងមានការឈឺចាប់ ភាពអយុត្តិធម៌ គឺថាគាត់ក្លាយទៅជាមនុស្សមួយដែលឡើងដោយទង្វើពុករលួយ ទង្វើជិះជាន់ ទង្វើបំផ្លាញជាតិ បំផ្លាញភោគទ្រព្យ ទង្វើគាបសង្កត់គេហ្នឹង បែរជាការពារទៅដោយអ្នកដឹកនាំ ឬក៏អ្នកនយោបាយក្ដី អ្នកមានឥទ្ធិពលលុយកាក់អី វាទៅជាប្រែឲ្យសង្គមជាតិហ្នឹងដើរផ្ទុយទៅនឹងសីល ។ យើងមិនបាច់និយាយដល់សីល៥ទេ គឺនិយាយអំពីថា ធ្វើបាប ធ្វើឲ្យអន្តរាយដល់ជាតិ ដល់ប្រជារាស្រ្ត ជិះជាន់គេ គំរាមកំហែង បំភិតបំភ័យគេ បែរជាពួកគាត់ហ្នឹងក្លាយទៅជាឧកញ៉ា ក្លាយទៅជាអ្នកដឹកនាំជាន់ខ្ពស់អី ហើយយើងឃើញមានអតីតឃាតករ អតីតអ្នកប្រព្រឹត្តអំពើពុករលួយ ក្លាយជាអ្នកដឹកនាំ ជាអ្នកមាន ឧកញ៉ា ប៉ុន្តែចេញពីការបំផ្លាញសង្គម បំផ្លាញពលរដ្ឋ បំផ្លាញជាតិ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយ អាហ្នឹងចង់និយាយថា អាសម្ដីអាក្រក់ហ្នឹង គឺវាលឿនជាងអ្វីដែលជាសម្ដីល្អ ការចង់បង្ហាញឲ្យសង្គមមានសណ្ដាប់ធ្នាប់ មានសុជីវធម៌ មានគុណធម៌ មានក្ដីសន្ដោស អធ្យាស្រ័យឲ្យគ្នាហ្នឹង បែរជាមិនសូវមានអ្នកណាយកចិត្តទុកដាក់ទេ គឺមិនត្រឹមតែមិនឲ្យតម្លៃទេ ច្រើនតែគេទុកចោល ឬក៏គេមិនយកមកឲ្យជួយនូវអ្វីជាសេចក្ដីល្អសម្រាប់កែទម្រង់សង្គម ឬក៏ជួយក្នុងផ្នែកអភិបាលកិច្ច ឬក៏រដ្ឋបាលសាធារណៈណា ដើម្បីឲ្យវាមានគុណតម្លៃនៃជាតិសាសន៍ខ្មែរនេះ វាទៅជាយ៉ាងណា សេចក្ដីថ្លៃថ្នូរ កិត្យានុភាព កេរ្តិ៍ឈ្មោះ និងធ្វើអ្វីជាស្នាដៃល្អ ដើម្បីកសាងជាតិ កសាងខឿនសេដ្ឋកិច្ច និងធ្វើម៉េចអប់រំផ្លូវចិត្តឲ្យពលរដ្ឋខ្មែរហ្នឹង មានក្ដីស្រលាញ់គ្នា មានសុភមង្គល មានសុខដុមរមនា កុំឲ្យបង្កើតនូវហិង្សា កុំឲ្យបង្កើតនូវឧក្រិដ្ឋកម្មផ្សេងៗ ហើយនិងអាវប្បធម៌ដណ្ដើមគ្នារស់ ធ្វើឲ្យម្ខាងឈឺចាប់ ម្ខាងបានសុភមង្គលដោយការជាន់ឈ្លី ការកេងប្រវ័ញ្ច គាបសង្កត់ ។ អ្វីដែលជាទង្វើមិនមែនជាសេចក្ដីសុខសម្រាប់មនុស្សជាតិ មិនមែនជាសន្តិសុខសម្រាប់មនុស្សជាតិនៅក្នុងសង្គមមួយដែលគោរពនីតិរដ្ឋ ក្រៅតែពីជាសង្គមអនាធិបតេយ្យ សង្គមដែលបង្ហាញនូវសន្តតិវង្ស គឺថាក្រុមគ្រួសារ បក្ខពួក ចង់អ្នកណាងាប់អី ងាប់ទៅ ឲ្យតែក្រុមគ្រួសារអញ ឲ្យតែក្រុមអញមានអំណាច ធ្វើម៉េចឲ្យតែមានបាន ហើយគាបសង្កត់ ជិះជាន់គេឯង ដោយមិនយកការអនុវត្តនូវនីតិរដ្ឋ ច្បាប់ជាធំអីហ្នឹង គឺថា បាំងមុខទៅដោយការគោរពច្បាប់ ប៉ុន្តែក្រោយច្បាប់ គឺថាបង្កើតនូវបញ្ហាអនាធិបតេយ្យ នៃការដឹកនាំប្រទេសអី អាហ្នឹងគឺថា យើងត្រូវតែបញ្ចប់អាវប្បធម៌បែបហ្នឹង ។ អាហ្នឹងហើយជាអត្ថន័យនៃការគិតរបស់ខ្ញុំ ដែលបណ្ឌិតឡៅ ម៉ុងហៃ លោកមានទ្រឹស្ដីចង់បង្ហាញបែបណាផ្សេងទៀត អាហ្នឹងវាជាការធ្វើកិច្ចសម្ភាសន៍ដល់លោកបណ្ឌិត ឡៅ ម៉ុងហៃ ផ្ទាល់ តែសម្រាប់ខ្ញុំៗមើលឃើញបែបហ្នឹង បែបអត្ថាប្បដិរូប អត្ថានុរូប នៅក្នុងសង្គមមួយ ដែលបង្ហាញនូវតថភាព សភាពការណ៍ជាក់ស្ដែងនៃទិដ្ឋភាពរួម ដែលយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យសង្គមមួយមានសណ្ដាប់ធ្នាប់ មានវិន័យ ដែលយើងជាប្រជាពលរដ្ឋនេះត្រូវគិតចេញពីខ្លួនយើង គិតល្អ ធ្វើល្អ សង្គមជាតិវាល្អ ហើយអាណាព្យាបាល គ្រួសារ ក៏ដូចជាសង្គមសាធារណៈ មិនថាសាលារៀន មិនថាសមត្ថកិច្ច អាជ្ញាធរ រដ្ឋាភិបាល ក្រុមប្រឹក្សាឃុំសង្កាត់អីទាំងអស់ហ្នឹង។ សរុបមក យើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យវាវេញជាធ្លុងមួយ ជាព្រ័ត្រដែលយើងធ្វើដើម្បីភាពសាមគ្គី ដើម្បីភាពរុងរឿង ដើម្បីសណ្ដាប់ធ្នាប់ជាតិ ប្រកបទៅដោយគុណធម៌ សីលធម៌ ដើម្បីជាក្ដីសង្ឃឹមសម្រាប់អ្នកជំនាន់ក្រោយ អ្នកបន្តវេនតទៅមុខទៀត ឲ្យគាត់មានរបៀបនៅក្នុងស្មារតីស្រលាញ់ជាតិ នៅក្នុងស្មារតីដើរទៅតាមមាគ៌ា តាមផ្លូវដែលជាការមើលឃើញនៃក្ដីសុខសម្រាប់មនុស្សជាតិ គឺថា គិតល្អ ធ្វើល្អ សង្គមជាតិនឹងល្អទៅតាមហ្នឹង ហើយគោរពច្បាប់ទាំងអស់គ្នា ដោយមិនឈរទៅលើទង្វើទុច្ចរិត ក្រៅតែពីសុចរិត តម្លាភាព គណនេយ្យភាព ដែលមិនការវៀចវេរ ការបៀតបៀន ការជិះជាន់ ឬក៏ធ្វើឲ្យសង្គមអយុត្តិធម៌ ធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់ដោយសារតែភាពអយុតិ្តធម៌អីហ្នឹង“ ។
គួរបញ្ជាក់ថា នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម បានសរសេរថា “ សម្ដីល្អ មិនឮខ្លាំងដូចសម្ដីអាក្រក់ទេ តែសម្ដីល្អ ជួយឲ្យមានការប្រាស្រ័យទាក់ទងគ្នាល្អ ហើយសម្ដីអាក្រក់បង្កើតតែទំទាស់និងអរិភាពជាមួយគ្នា“ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរបន្ថែម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ថា “មុនឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ច្រើនមានការជំរុញឲ្យភាគីច្បាំងគ្នា ព្រមព្រៀងឈប់បាញ់គ្នា ។ ភាគីខ្មែរដែលធ្វើសង្គ្រាមពាក្យសម្ដីអសុរោះ ជេរប្រមាថគ្នាអាក្រក់ៗសព្វថ្ងៃ គួរតែគិតឈប់បាញ់គ្នាដែរ ដើម្បីបង្កលក្ខណ:ឲ្យមើលមុខគ្នាត្រង់ បញ្ចប់ជម្លោះ និយាយគ្នានិងរួមរស់ជាមួយគ្នាជាយថាហេតុ ។ ក្នុងប្រវត្តិសាស្ត្រ មានប្រជាជាតិជាសត្រូវនឹងគ្នា តែក្លាយជាមិត្តទៅវិញ ។ តើខ្មែរជាសត្រូវនឹងគ្នានៅពេលបច្ចុប្បន្នមិនអាចក្លាយជាមិត្តទេឬ?“។
ជុំវិញសំណេរខាងលើនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់ “នគរធំ” បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ថា ដើម្បីឲ្យសម្ដីល្អ ឮខ្លាំងជាងសម្ដីអាក្រក់វិញ ត្រូវចាប់ផ្ដើមតាំងពីនៅក្នុងផ្ទះ ត្រូវអប់រំពន្យល់កូនចៅឲ្យបានច្រើន និងចាប់ផ្ដើមពីមេដឹកនាំត្រូវរកដំណោះស្រាយរួមគ្នា ឈប់ទាស់គ្នា ងាកមកបង្កើតវប្បធម៌សន្ទនា អង្គុយជជែកគ្នាឡើងវិញ ដោយមិនត្រូវឲ្យមានសង្រ្គាមពាក្យសម្ដីនឹងគ្នាទៀតទេ ត្រូវបញ្ឈប់ឲ្យបាន ខណៈដែលសង្រ្គាមប្រដាប់អាវុធ យើងបានបញ្ចប់រួចហើយ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “នៅពេលដែលយើងនិយាយស្រួលនឹងគ្នា មិនសូវឮទេ បើយើងនិយាយអាក្រក់ពីគ្នាឡើងចុះ ហើយជជែកគ្នាឡើងចុះទៅ ហើយជេរប្រទេសផ្ដាសាទៅ ឮខ្លាំងឡើងៗ អាហ្នឹងគឺធម្មតាទេ ហើយបើសិនជាគេនិយាយមួយបែបទៀត គឺពាក្យសន្តិភាព ទន់ភ្លន់អីហ្នឹង គឺមិនឮសូរខ្លាំងដូចសំឡេងផ្ទុះកាំភ្លើងកាណុងទេ គឺបើសង្រ្គាមហ្នឹង គឺឮសូរណាស់ តែបើភាសាសន្តិភាពមិនសូវឮសូរទេ ហើយអំពើល្អហ្នឹងក៏មិនសូវឮសូរដែរ តែបើអំពើអាក្រក់វិញ ឮខ្លាំងហើយ ហើយសព្វថ្ងៃហ្នឹង គឺអំពើអាក្រក់ប្រព្រឹត្តនៅក្នុងប្រទេសមួយហ្នឹងឮពាសពេញប្រទេសហើយ ។ និយាយទៅ សង្គមបច្ចុប្បន្ននេះ ខ្ញុំថា ទី១ អំពើល្អ អ្វីដែលល្អ ដូចជាមិនសូវជាគេលើកឡើងទេ គេច្រើនតែលើកឡើងអំពើអាក្រក់ ម៉្លោះហើយវាបង្កើតការអួអាប់នៅក្នុងសង្គម ហើយហ្នឹងមិននិយាយដល់រឿងមារយាទរបស់ជាតិសាសន៍យើងទេ គឺពូជសាសន៍ ។ ពូជសាសន៍ហ្នឹង ដល់និយាយអ៊ីចឹង បានវាស្ដាប់បាន អាហ្នឹងគឺពូជសាសន៍ហ្នឹងអត់ចេះនិយាយគ្នាស្រួលប្រួលទេ ទាល់តែជេរស្ដីអីហ្នឹង អាហ្នឹងគឺជាពូជសាសន៍ខ្ញុំគេ ព្រៃផ្សៃ“ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “ដូច្នេះដើម្បីឲ្យសម្ដីល្អ ឮខ្លាំងជាងសម្ដីអាក្រក់វិញ ត្រូវចាប់ផ្ដើមតាំងពីនៅក្នុងផ្ទះ អប់រំកូនចៅហ្នឹង និយាយពន្យល់ឲ្យច្រើនទៅ ។ ទោះយើងមិនទទួលយក ឬប្រឆាំងនឹងពាក្យគេនិយាយ ប៉ុន្តែយើងឲ្យដំណោះសា្រយ មានបញ្ហាធ្វើខុស ប៉ុន្តែយើងអត់ថាធ្វើខុសទេ យើងគ្រាន់តែថា បើយើងវិញ ធ្វើអ៊ីចេះវិញបានល្អជាង ។ អាហ្នឹងរបៀបនិយាយ អាហ្នឹងគេហៅថា ភាសាវិចារណញ្ញាណ អាហ្នឹងនៅក្នុងផ្ទះគឺអ៊ីចឹង ដោយកុំប្រើពាក្យថា អ្ហែងកុំចេះជាងអញ! តែអាចប្រើពាក្យថា បើធ្វើអ៊ីចេះវិញល្អជាង ។ សម្រាប់អ្នកដឹកនាំអ៊ីចឹងដែរ ព្រោះអ្នកដឹកនាំចេញមកពីណា? មិនចេញមកពីប្រជាពលរដ្ឋសាមញ្ញធម្មតា? ដូច្នេះសម្ដីអាក្រក់របស់មេដឹកនាំ វាឆ្លុះបញ្ចាំងពីខ្លួនគាត់ហើយ ។ ដូច្នេះជារួម រឿងជម្លោះសង្រ្គាមពាក្យសម្ដីអសុរោះហ្នឹង ដែលខ្ញុំប្រើពាក្យសង្រ្គាម គឺឈប់បាញ់គ្នាទៅ ។ អាហ្នឹងគេឈប់បាញ់គ្នាសិន បានជាគេអាចអង្គុយនិយាយគ្នាបាន ។ យ៉ាងណាមិញ យើងឈប់ភាសាអសុរោះ ជេរប្រមាថអីអ៊ីចឹងទៅ យើងអាចមើលមុខគ្នាត្រង់ហើយ រួចចាប់ផ្ដើមពីហ្នឹងទៅ យើងអាចអង្គុយនិយាយគ្នា ឬមួយក៏រាប់អានគ្នា ជាពិសេសចុងក្រោយរួបរួមរស់នៅជាមួយគ្នាបាន ។ ឧទាហរណ៍នៅស្រុកខ្មែរ សម្ដេចតេជោ ហើយនិងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនទាស់គ្នាពីរឿងចែកអំណាច រឿងអីហ្នឹង? ជាប់គាំងក្នុងការបង្កើតរដ្ឋាភិបាលអីហ្នឹង អាហ្នឹងគេទាស់ទែងគ្នាមែន ប៉ុន្តែទៅអង្គុយជជែកគ្នា ហើយឱបថើបគ្នាទៅ ស្រុះស្រួលគ្នាទៅវិញទៅ ។ យ៉ាងណាមិញ សូម្បីតែគូបដិបក្ខរវាងសម្ដេចតេជោ និងលោកសម រង្ស៊ី ក៏អ៊ីចឹងដែរ គឺជាគូបដិបក្ខយូរហើយតើ! ក៏ប៉ុន្តែថ្ងៃមួយ ទាំងពីរនាក់ជួបជុំគ្នា ប្រើវប្បធម៌សន្ទនាអីជាមួយគ្នាទៅទៀត ប៉ុន្តែរយៈពេលខ្លី ។ ដូច្នេះអ៊ីចឹងៗ យើងគួរបន្តទៅទៀត គឺចង់ឲ្យមានវប្បធម៌សន្ធនាឡើងវិញ ហើយមិនចាំបាច់ដល់ថ្នាក់លើទេ ថ្នាក់ទាបក៏អ៊ីចឹងដែរ អាហ្នឹងអ្វីដែលធ្វើបានល្អហើយ យើងធ្វើបន្តទៀតទៅ ។ និយាយឲ្យចំទៅ ក្រៅពីបានបញ្ចប់សង្រ្គាមដោយប្រដាប់អាវុធហើយ យើងត្រូវបញ្ចប់សង្រ្គាមពាក្យសម្ដីនឹងគ្នាទៀត ព្រោះយើងស្រួលបួលនឹងគ្នាហើយ រឿងអីយើងទៅទាស់គ្នាទៀត? ហើយយើងខ្មែរដូចគ្នា ខ្ញុំឃើញហើយ កាលប្រជុំនៅទីក្រុងប៉ារីសហ្នឹង យើងនេះដើរចៀសគ្នាទេ នៅក្នុងសណ្ឋាគារជាមួយគ្នា ដើរចៀសគ្នា រួចអត់ហ៊ានអង្គុយកាហ្វេជាមួយគ្នាទេ សូម្បីតែពេលស៊ីញ៉េកិច្ចព្រមព្រៀងហ្នឹង បើខ្ញុំវិញ ១២នាក់ហ្នឹង យើងឱបថើបគ្នាទៅ នៅមុខអន្តរជាតិ ល្អទេអ៊ីចឹង? ពេលយើងទាស់គ្នា ទាត់ធាក់ទៅ ប៉ុន្តែពេលយប់ទាស់គ្នា ឱបថើបគ្នាទៅ!“ ៕ កុលបុត្រ