Tuesday, April 1, 2025
Homeព័ត៌មានជាតិមេបក្សជំនាន់ថ្មី បំភ្លឺ លក់ក្បាល ២លានដុល្លារ

មេបក្សជំនាន់ថ្មី បំភ្លឺ លក់ក្បាល ២លានដុល្លារ

ភ្នំពេញ ៖ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានប្រតិកម្មទៅនឹងការចោទលក់ក្បាល ២លានដុល្លារ ដោយលោកបានបញ្ជាក់ថា បើលោកលក់ក្បាល ២លានដុល្លារ មិនមែនសុខចិត្តយកប្លង់ដីម៉ែ ទៅបញ្ចាំ ដើម្បីបើកគណបក្សនោះទេ ហើយលោកក៏មិនអាចក្បត់បណ្ដាំម្ដាយ ដែលឲ្យកូនតស៊ូក្នុងនយោបាយ ដោយឆន្ទៈ មនសិការ ឧត្ដមគតិរបស់ខ្លួនឯងពិតប្រាកដនោះដែរ ។

លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “អ្នកឯងបំផ្លាញម៉ែរបស់ខ្ញុំ រីងរៃរហូតគាត់ចែកឋានទៅបាត់ ហេតុអី្វឱ្យបន្តការឈឺចាប់ដល់ខ្ញុំទៀត បើខ្ញុំលក់ក្បាល បាន២លាន$ ខ្ញុំមិនចាំយកប្លង់ម៉ែខ្ញុំ ទៅបញ្ចាំគេ បើកបក្ស និងធ្វើចេតិយម៉ែខ្ញុំ ដែលត្រូវគេឈូសចោល ខ្ញុំមិនក្បត់បណ្តាំម៉ែខ្ញុំ ហើយអត់ធ្វើថោកទេ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ថា ការចោទប្រកាន់ថា លោកលក់ក្បាល ២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបើកបក្ស ធ្វើនយោបាយនេះ មិនមែនជាការពិតឡើយ ព្រោះលោកបានស្បថសច្ចា បានផឹកទឹកសម្បថក្នុងនាមជាអ្នកនយោបាយរួចហើយថា លោកមិនអាចក្បត់បណ្ដាំម្ដាយរបស់លោក និងមិនអាចធ្វើអ្វីឲ្យផ្ទុយពីបេះដូង ខួរក្បាល និងឧត្ដមគតិ មនសិការរបស់លោកបានទេ តែលោកក៏ចូលរួមធ្វើនូវអ្វីដែលលោកមើលឃើញថា ជាទង្វើល្អ ក្នុងនាមជាអ្នកនយោបាយ ទោះមានទស្សនៈផ្ទុយគ្នា បក្សនយោបាយខុសគ្នាក៏ដោយ តែយើងឈរនៅលើជំហរនៃផ្លូវត្រូវ ផ្លូវដែលជាសុភមង្គលសម្រាប់មនុស្សជាតិ សម្រាប់ប្រទេសជាតិ ។ 

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំមិនមែនជាព្រះអរហន្ត ឬក៏អានន្ទ អី ដែលថាមិនក្រេវក្រោធ មិនខឹងសម្បាទេ អំណត់ជាអំណាចក៏ដោយ ប៉ុន្តែការអត់ធ្មត់ក៏វាមានព្រំដែនរបស់វា បើទោះបីយើងជាបុថុជ្ជន យើងមិនអាចទៅឃាត់មាត់អ្នកដែលគេនិយាយពីយើង លាបពណ៌ពីយើង ហើយសូម្បីតែព្រះពុទ្ធ ក៏មារផ្ចាញ់ដែរ ចុះទម្រាំយើងបុថុជ្ជន យើងទៅឃាត់មាត់គេ មិនឲ្យគេរិះគន់ មិនឲ្យគេនិយាយយ៉ាងម៉េចបាន? ប៉ុន្តែយើងក៏ត្រូវមានសិទ្ធិការពារនូវអ្វីជាទង្វើល្អរបស់យើង ជាសុចរិតភាពរបស់យើង ជាសច្ចភាពដែលយើងធ្វើដោយមិនទៅក្បត់ឧត្ដមគតិ មនសិការ សតិសម្បជញ្ញៈរបស់ខ្លួន ត្រឹមតែអាហារ ៣ពេល ក្នុងនាមជាអ្នកនយោបាយ យើងមិនអាចមិនឲ្យគេរិះគន់បានទេ តែយើងធ្វើនយោបាយ ក្លាយជាអ្នកនយោបាយ ត្រូវតែមានការរិះគន់ ប៉ុន្តែយើងត្រូវតែបង្ហាញថា ការរិះគន់របស់គេនោះ ការលាបពណ៌គេហ្នឹង យើងមិនតបតខ្លះ យើងមិនបង្ហាញខ្លះ វាអាចធ្វើឲ្យការលាបពណ៌យូរទៅៗ វាអាចថាជាការពិតក៏ថាបាន ។ អ៊ីចឹងហើយ ដូចជាការចោទប្រកាន់ថា ខ្ញុំលក់ក្បាល ២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបើកបក្ស មកធ្វើនយោបាយអីៗហ្នឹង គឺថាខ្ញុំបានស្បថសច្ចា បានផឹកទឹកសម្បថក្នុងនាមជាអ្នកនយោបាយ ហើយខ្ញុំក៏មិនអាចក្បត់បណ្ដាំម្ដាយរបស់ខ្ញុំ ដែលគាត់បានចែកឋានទៅជាង១ឆ្នាំ មកហើយនេះ គឺថាខ្ញុំមិនអាចធ្វើអ្វីឲ្យផ្ទុយពីបេះដូង ខួរក្បាល និងឧត្ដមគតិ មនសិការខ្ញុំបានទេ តែខ្ញុំក៏ចូលរួមនូវអ្វីដែលខ្ញុំមើលឃើញថា ជាទង្វើល្អ ក្នុងនាមជាអ្នកនយោបាយ ទោះយើងមានទស្សនៈផ្ទុយគ្នា យើងបក្សនយោបាយខុសគ្នាក៏ដោយ តែយើងឈរនៅលើជំហរនៃផ្លូវត្រូវ ផ្លូវដែលជាសុភមង្គលសម្រាប់មនុស្សជាតិ សម្រាប់ប្រទេសជាតិ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “អ៊ីចឹងក្នុងនាមជាបក្សកាន់អំណាច ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល គឺយើងធ្វើការជាមួយគ្នា ក្នុងន័យតុល្យភាពនៃអំណាច អ្នកដែលប្រកួតប្រជែងគោលនយោបាយឈ្នះ-ឈ្នះ ដោយថ្លៃថ្នូរ កាន់ប្រទេស ដឹកនាំប្រទេស កសាងប្រទេសទៅ អ្នកដែលចាញ់ ចាញ់ដោយអស់ចិត្ត ហើយជាប់អាសនៈនៅក្នុងរដ្ឋសភា ក្នុងនាមអ្នកតំណាងរាស្រ្ត តំណាងឲ្យពលរដ្ឋម្ចាស់ឆ្នោត ដែលគេបោះឆ្នោតឲ្យ យើងធ្វើក្នុងនាមជាអំណាចនីតិប្បញ្ញត្តិ ហើយយើងតុល្យភាពជាមួយនឹងនីតិប្រតិបត្តិ នៃរដ្ឋាភិបាលបក្សកាន់អំណាច ឈ្នះឆ្នោត ថាតើគេពិតជាធ្វើត្រឹមត្រូវតាមគោលនយោបាយ តាមការអះអាងរបស់គេ គោរពនីតិរដ្ឋបែបណា? ឃើញល្អ យើងលើកតម្កើងគេ ចូលរួមជំរុញសហការដើម្បីជួយកសាងជាតិ ជួយស្ដារកត្តាជីវភាពប្រជាពលរដ្ឋ ។ បើឃើញគេខុស ឃើញគេធ្វើមិនគប្បី ផ្ទុយនឹងច្បាប់ ធ្វើនយោបាយជិះសេះលែងដៃ យើងរិះគន់ស្ថាបនា និងបង្ហាញតាមរយៈអំណាចនៅរដ្ឋសភា ដើម្បីធ្វើការរិះគន់ ដើម្បីធ្វើសារ ឬក៏លិខិតស្ដីបន្ទោសណា តាមរយៈអំណាចរដ្ឋសភា ក្នុងនាមយើងជាអ្នកតំណាងរាស្រ្តនៃបក្សក្រៅរដ្ឋាភិបាល បក្សជំទាស់ ។ អ៊ីចឹងហើយ នេះជាការដែលខ្ញុំចង់បង្ហាញថា ខ្ញុំមានផលវិជ្ជមានច្រើនជាងផលអវិជ្ជមាន ក្នុងការធ្វើនយោបាយ តែសម្រាប់ការធ្វើនយោបាយ គឺខ្ញុំអត់មានទៅជាប់ចំណង ទៅចំណុះគណបក្សនយោបាយណា ឬក៏ទៅរណបមេដឹកនាំ ឬក៏អ្នកនយោបាយកំពូល ឥស្សរជនណាទេ ក្រៅតែពីខ្ញុំធ្វើទៅតាមចក្ខុវិស័យ គោលបំណងរបស់ខ្ញុំ តាមរយៈបេសកកម្មនយោបាយមួយ ដែលមានទស្សនទាន មានគោលនយោបាយ មានកម្មវិធីនយោបាយ មានយុទ្ធសាស្រ្ត ផែនការត្រឹមត្រូវ តាមរយៈការបង្កើតនូវគណបក្សជំនាន់ថ្មី“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយ ខ្ញុំធ្វើបក្សនយោបាយនេះ ខ្ញុំអត់មានទៅជាប់ចំណងអ្នកនយោបាយណា ទៅយកលុយអ្នកនយោបាយណា ឬក៏បក្សណា ដើម្បីមកធ្វើបក្សគ្រាន់តែកំដរអ្នកនយោបាយ អ្នកដឹកនាំបក្សកាន់អំណាច គឺដាច់ខាតហើយ ។ អ៊ីចឹងហើយខ្ញុំធ្វើនយោបាយនេះ គឺថវិកាដែលខ្ញុំបានពីការបញ្ចាំប្លង់ដីម្ដាយខ្ញុំ ពីមិត្តរួមសហការីការងារបក្ស យើងស្រាក់លុយគ្នា លុយពីពលរដ្ឋម្ចាស់ឆ្នោត ដែលគាត់ស្រលាញ់គណបក្សជំនាន់ថ្មី គាត់ស្រលាញ់ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា ក៏ដូចជាសហការី ដែលមានកាតព្វកិច្ចទៅតាមលក្ខន្តិកៈ ទៅតាមច្បាប់បង្កើតគណបក្សនយោបាយ ទៅតាមច្បាប់ក្រសួងមហាផ្ទៃ ទៅតាមច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺថាយើងមានលុយ​ ជាកាតព្វកិច្ចប្រចាំខែ ហើយមានសប្បុរសជនដែលគេជួយទាំងក្នុង និងក្រៅប្រទេស តែជាខ្មែរ មិនមែនជាលុយរបស់បរទេសណាទេ ។ អ៊ីចឹងហើយ យើងយកអាហ្នឹងមកធ្វើ ហើយក្នុងកាលៈទេសៈនេះ គឺត្រូវការទឹកចិត្ត​ ៥០% ដែលពលរដ្ឋម្ចាស់ឆ្នោត ក៏ដូចជាសកម្មជននយោបាយ អ្នកគាំទ្រ គឺថាគេស្រលាញ់ចូលចិត្ត គឺមិនសំខាន់ថា ទឹកលុយ អាចទិញទឹកចិត្តបានទេ គឺថាទឹកចិត្ត ៥០% ហ្នឹងហើយ ដែលធ្វើឲ្យគណបក្សជំនាន់ថ្មី មានកំណើតជាង៩ខែមកនេះ គឺបានចេញពីទឹកចិត្ត ៥០% ទឹកលុយ ៥០% នៃការស្រាក់គ្នាធ្វើនយោបាយ ប៉ុន្តែឲ្យធ្វើថោកទាប ត្រឹមអាហារ ៣ពេល ហើយទៅយកលុយយកកាក់ពីឥស្សរជននយោបាយណា ឬក៏ឲ្យរណបគណបក្សណា យកលុយគេមកធ្វើ គឺដាច់ខាតហើយ ជាលុយទុច្ចរិត ខ្ញុំមិនអាចធ្វើបាន ហើយយើងធ្វើតាមអ្វីដែលប្រជាពលរដ្ឋចង់បាន ព្រោះគណបក្សជំនាន់ថ្មី គឺជាគណបក្សចេញពីគុណតម្លៃរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ សម្រាប់ប្រជាពលរដ្ឋ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងហើយ បេសកកម្មនៃគណបក្សជំនាន់ថ្មី គឺទស្សនវិស័យនេះ គឺថាទស្សនទានជាថ្នាលបណ្ដុះធនធានមនុស្ស បណ្ដុះអ្នកនយោបាយវ័យក្មេង អ្នកជំនាន់ក្រោយ ដើម្បីឲ្យគាត់មានគុណធម៌នយោបាយ មានចំណេះដឹងផ្នែកវិទ្យាសាស្រ្តនយោបាយ ក្នុងការធ្វើជាអ្នកបន្តវេន ចូលរួមសកម្មក្នុងនយោបាយនៃគណបក្សជំនាន់ថ្មី ដើម្បីប្រកួតប្រជែងគោលនយោបាយ កម្មវិធីនយោបាយ ទៅការប្រកួតប្រជែងគ្នាឆ្នាំ២០២៧-២០២៨ ដើម្បីទៅរកជ័យជម្នះដឹកនាំប្រទេស កសាងប្រទេស ហើយមិនបានជាប់ដឹកនាំប្រទេស ក៏មានអាសនៈនៅក្នុងរដ្ឋសភា យើងធ្វើតាមតុល្យភាពអំណាច នៃនីតិប្បញ្ញត្ត និងនីតិប្រតិបត្តិ ។ អ៊ីចឹងខ្ញុំមានការប្រតិកម្មម្ដងម្កាលហ្នឹង ព្រោះខ្ញុំមិនមែនព្រះអរហន្ត ព្រះអានន្ទ ឬក៏ជាព្រះទេ គឺថាខ្ញុំត្រូវការពារកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្ញុំ ទៅនឹងការលាបពណ៌ ការញុះញង់បែបណាដែលវាមិនមែនជាការពិត ហើយខ្ញុំក៏មិនអាចទៅឃាត់មាត់អ្នកដែលលាបពណ៌ រិះគន់ទេ ព្រោះគេច្រឡំខ្លួនគេ កុំឲ្យតែខ្លួនខ្ញុំច្រឡំខ្លួនខ្ញុំ ។ អានេះគឺជាការចង់បង្ហាញដើម្បីឲ្យដឹងពីភាពស្អាតស្អំរបស់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយ ជាប្រមុខដឹកនាំនៃបក្សក្រៅរដ្ឋាភិបាល ប្រធានគណបក្សជំនាន់ថ្មី ខ្ញុំត្រូវបង្ហាញនូវឆន្ទៈ នូវការលះបង់ នូវសច្ចៈរបស់ខ្ញុំ ទៅនឹងអ្វីដែលខ្ញុំរក្សាភាពស្អាតស្អំ សុចរិតភាព តម្លាភាព ដើម្បីក្លាយជាអ្នកនយោបាយមួយមានការគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោត ។ អ៊ីចឹងហើយវោហារសាស្រ្ត វោហារសព្ទរបស់ខ្ញុំ ទៅនឹងគោលនយោបាយ ទៅនឹងគោលការណ៍ ទៅនឹងយន្តការ យុទ្ធវិធី យុទ្ធសាស្រ្តបែបណា គឺថា វោហារសាស្រ្ត វោហារសព្ទរបស់ខ្ញុំ ខ្ញុំនឹងបង្ហាញ និងពន្យល់ និងធ្វើសេចក្ដីថ្លែងការណ៍ ឬក៏វាគ្មិនបែបណា ដើម្បីឲ្យការគាំទ្រ ឆក់យកបេះដូងពលរដ្ឋម្ចាស់ឆ្នោត​ នៅឯមូលដ្ឋាន ។ នេះជាគោលបំណងប្រាថ្នារបស់ខ្ញុំមាជ សុវណ្ណារ៉ា“ ៕ កុលបុត្រ

RELATED ARTICLES