Wednesday, April 2, 2025
Homeតារាខ្មែរសួស វីសាៈ ពិនិត្យផ្ទៃពោះ ត្រៀមសម្រាលកូនប្រុស

សួស វីសាៈ ពិនិត្យផ្ទៃពោះ ត្រៀមសម្រាលកូនប្រុស

ភ្នំពេញ ៖ តារាចម្រៀង សួស វីសា ដែលកំពុងពពោះលើកទី២ ជាកូនប្រុស គ្រប់ខែ រង់ចាំតែថ្ងៃសម្រាល ត្រូវបានស្វាមី នាំទៅពិនិត្យផ្ទៃពោះនិងសុខភាព ដើម្បីត្រៀមវះកាត់សម្រាលកូនប្រុស តាមថ្ងៃកំណត់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ហើយជាលទ្ធផល បង្ហាញថា ទាំងមាតានិងបុត្រ មានសុខភាពល្អណាស់។

តារាចម្រៀង សួស វីសា កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានបង្ហោះឃ្លីបវីដេអូមួយនៅក្នុងទំព័របណ្តាញសង្គមរបស់ខ្លួន បង្ហាញពីសកម្មភាពដែលស្វាមីបាននាំនាងទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យមួយកន្លែង ដើម្បីត្រៀមសម្រាលកូនប្រុស នៅពេលដ៏ខ្លីខាងមុខ ដោយភ្ជាប់ជាមួយសំណេរថា “ម្តាយគ្រប់រូប លះបង់អស់ហើយដើម្បីកូន អរគុណកូនប្រុស ដែលចូលមកក្នុងជីវិតម៉ាក់និងប៉ា ពេលនេះម៉ាក់និងកូន មានសុខភាពល្អណាស់ តែក៏ចង់សុំកម្លាំងចិត្តពីបងប្អូន អ៊ំពូមីងផងណា៎! កាន់តែកៀកថ្ងៃហើយ ថ្ងៃទី០៣ ខែ០៤ ឆ្នាំ២០២៥ ខាងមុខនេះ បានជួបមុខកូនប្រុស ថង សាតារាពិសិទ្ធិ ហៅអូន ចននី ហើយបងប្អូន អ៊ំពូមីង…”។

គួរបញ្ជាក់ថា តារាចម្រៀង សួស វីសា បានកំណត់ថ្ងៃវះកាត់សម្រាលកូនប្រុសរបស់ខ្លួន ដើម្បីយកហុងស៊ុយ ដោយសម្រេចមិនសម្រាលកូនតាមធម្មជាតិឡើយ បន្ទាប់ពីគន់គូរវេលាល្អសម្រាប់ស្វាគមន៍កូនប្រុសរបស់ខ្លួន មកកាន់ពិភពលោកថ្មី។

ចាប់តាំងពីមានផ្ទៃពោះកូនទី២ មក តារាចម្រៀង សួស វីសា បានផ្អាកទាំងស្រុងពីការងារចម្រៀង ដើម្បីទុក ពេលមើលថែសុខភាព និងមុខរបរកស៊ីផ្ទាល់ខ្លួនវិញ ខណៈដែលនាងទទួលបានការស្រឡាញ់ថ្នាក់ថ្នមខ្លាំងពីស្វាមី លោកប៊ុនថុល ប៊ុនថង ហៅថមមី ។ ជាមួយនេះ តារាចម្រៀង សួស វីសា បានកំណត់ពេលវេលាដើម្បីសម្រាលកូនទី២ ដោយនាងបញ្ជាក់ថា នាងបានសម្រេចចិត្តសម្រាលកូនដោយការវះកាត់ ដោយកំណត់យកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៦ព្រឹក ជាថ្ងៃល្អ ថ្ងៃហុងស៊ុយ សម្រាប់កូនទី២ របស់នាង មកកាន់ពិភពលោកថ្មីនេះ។

សួស វីសា បានបញ្ជាក់ប្រាប់ពីមូលហេតុដែលនាងសម្រេចចិត្តមិនសម្រាលកូនដោយធម្មជាតិ គឺដោយសារតែកត្តាជាច្រើន ជាពិសេសគឺកត្តាសុខភាពតែម្តង ទើបនាងសុខចិត្តសម្រាលកូនដោយការវះកាត់។ វីសា ប្រាប់ថា នាងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីសម្រាលកូនទី២ និងមានជំនឿចិត្តថា កូនទី២ របស់នាង នឹងនាំលាភ ជ័យជាច្រើនមកឱ្យនាងនិងក្រុមគ្រួសារ។

គួររំលឹកថា សួស វីសា បានរៀបការជាមួយលោកប៊ុនថុល ប៊ុនថង  ហៅថមមី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចាប់ដៃគ្នាជាង ៥ឆ្នាំនេះ អ្នកទាំងពីរមានជីវភាពធូរធារ រស់នៅផ្ទះវីឡាប្រណីត និងជិះរថយន្តទំនើបៗជាច្រើនគ្រឿង។ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ គូស្វាមីភរិយាតារាមួយគូនេះ នឹងទទួលបានចំណងដៃកូនប្រុស សមតាមបំណង បន្ទាប់ពីពួកគេបានទទួលបានកូនទី១ ជាកូនស្រី សមតាមបំណងរួចហើយផងដែរ៕

RELATED ARTICLES