Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធ្លា.../ក់ឧទ្ធម្ភាគចក្រពន្លត់ភ្លើងឆេះព្រៃ ស្លាប់ពីឡុត នៅប្រទេសកូរ៉េខាងត្បូង

ធ្លា…/ក់ឧទ្ធម្ភាគចក្រពន្លត់ភ្លើងឆេះព្រៃ ស្លាប់ពីឡុត នៅប្រទេសកូរ៉េខាងត្បូង

កូរ៉េខាងត្បូង ៖ ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿង ដែលមានអ្នកបើកម្នាក់ បានធ្លាក់ ខណៈកំពុងហោះហើរពន្លត់ភ្លើងឆេះព្រៃដ៏ធំមួយ ក្នុងស្រុកអ៊ុយសឹង (Uiseong) ភាគអាគ្នេយ៍កូរ៉េខាងត្បូង បណ្ដាលឲ្យអ្នកបើកបរស្លាប់។

តាមប្រភព Yonhap បានរាយការណ៍នៅថ្ងៃទី២៦ ខែមីណា ឆ្នាំ២០២៥ ថា យោងតាមរបាយការណ៍របស់ទីភ្នាក់ ងារព្រៃឈើកូរ៉េ ឧទ្ធម្ភាគចក្រ បានធ្លាក់នៅលើភ្នំមួយ ក្នុងស្រុកអ៊ុយសឹង ដែលនៅឆ្ងាយពីទីក្រុងសេអ៊ូល ទៅ ភាគអាគ្នេយ៍ ចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ នៅវេលាម៉ោង ១២និង៥៤នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក)។ អ្នកបើក (ពីឡុត) អាយុ ៧៣ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ។

ឧទ្ធម្ភាគចក្ររងគ្រោះ ប្រភេទ S-76 ផលិតក្នុងឆ្នាំ១៩៩៥ អាចផ្ទុកទឹកបាន ១២០០លីត្រ និងបានបម្រើការប្រ ហែល ៣០ឆ្នាំមកហើយ។ ទីភ្នាក់ងារព្រៃឈើកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានបញ្ឈប់ការហោះហើរឧទ្ធ ម្ភាគចក្រពន្លត់អគ្គិភ័យទាំងអស់ បន្ទាប់ពីឧបទ្ទវហេតុនេះ។ មន្ត្រីបាននិយាយថា មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ។

អ្នកពន្លត់អគ្គិភ័យ កំពុងប្រញាប់ប្រញាល់គ្រប់គ្រងភ្លើងឆេះព្រៃ ដែលកំពុងរាលដាលពាសពេញតំបន់ភាគ អាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង។ មានមនុស្ស យ៉ាងតិច ១៨នាក់ បានស្លាប់ ។ ខ្យល់បក់ខ្លាំង និងស្ថានភាពស្ងួត នៅតែជាឧបសគ្គក្នុងការទប់ស្កាត់ការរីករាលដាលនៃអគ្គិភ័យ។

ក្រុមអ្នកពន្លត់អគ្គិភ័យ បានចល័តឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង។ បុគ្គលិកប្រហែល ៥០០០នាក់ និងឧបករណ៍ពន្លត់អគ្គិភ័យ ៥៦០ប្រភេទ ត្រូវបានប្រើប្រាស់ ប៉ុន្តែភ្លើងឆេះព្រៃ ដែលបានចាប់ផ្តើមនៅក្នុងស្រុក សានឆឹង ក្នុងខេត្ត សៅឃ្យុងសាង កាលពីថ្ងៃសុក្រសប្តាហ៍មុន បានរីករាលដាលពាសពេញភូមិភាគឦសាននៃតំបន់ ដោយបានឆាបឆេះព្រៃនៅទីក្រុងអ៊ុយសឹង ក្បែរនោះ អស់រយៈពេលប្រាំថ្ងៃ ហើយបានរាលដាលដល់ទីក្រុងក្បែរនោះ ដូចជា អានដុង (Andong), ឆឹងសឹង (Cheongseong), យឹងយ៉ាង (Yeongyang) និង យឹងដឹក(Yeongdeok)។

ក្រុមមន្ត្រី បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង ១៨នាក់នោះ មាន២នាក់ ត្រូវបានរកឃើញនៅទីក្រុងអានដុង ៣នាក់នៅទីក្រុង ឆឹងសឹង ៦នាក់នៅទីក្រុងយឹងយ៉ាង និង៧នាក់ នៅទីក្រុងយឹងដឹក។ នៅក្នុងទីក្រុងយឹងយ៉ាង ជនរងគ្រោះ ៤នាក់ ក្នុងចំណោមជនរងគ្រោះ ៥នាក់ត្រូវបានរកឃើញថាត្រូវបានភ្លើងឆេះស្លាប់ប់នៅលើផ្លូវ នៅម៉ោងប្រហែល ១១:០០នាទី យប់ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥។

នៅថ្ងៃពុធ ទី២៦ ខែមីណា ឆ្នាំ២០២៥ លោក ហាន ដឹក-ស៊ូ (Han Deok-su) ប្រធានាធិបតីបណ្ដោះអាសន្ន នៃប្រទេសកូរ៉េខាងត្បូង បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីជួយទប់ស្កាត់ភ្លើងឆេះព្រៃ កុំឲ្យ រាលដាលទៅមុខទៀត។ លោកបានហៅភ្លើងឆេះព្រៃនេះថាជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុត មិនធ្លាប់មាន ដែលរហូតមកដល់ពេលនេះ ភ្លើងបានឆេះបំផ្លាញព្រៃឈើ អស់ ១០៦ ២៥០រ៉ៃ និងផ្ទះសម្បែង រោងចក្រ ជាង ២០៩។

ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនេះ ក៏បានបំផ្លាញប្រាសាទ ហ្គួនសា (Gounsa) ក្នុងស្រុកអ៊ុយសឹឆង ផងដែរ ដែលជាប្រាសាទបុរាណ បានកសាងឡើងក្នុងឆ្នាំ៦៨១ ក្នុងរាជវង្សស៊ីឡា។ ភ្លើងឆេះព្រៃនេះ ក៏បានបង្កហានិភ័យដល់ភូមិហាហូ (Hahoe) ក្នុងស្រុកអានដុ (Andong) ដែលមានចម្ងាយប្រហែល ១៩០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ហើយជាភូមិប្រពៃណីដ៏ល្បីល្បាញ និងពេញនិយមបំផុតមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ភូមិនេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្នុងឆ្នាំ២០១០ ។ ភូមិនេះ នៅតែរក្សាបាននូវផ្ទះសម្បែង និងទំនៀមទម្លាប់បុរាណ តាំងពីសម័យរាជវង្ស ចូសឹន (Joseon)៕

RELATED ARTICLES