Wednesday, May 6, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានជួលឱ្យជនល្មើសឆបោកអនឡាញ ម្ចាស់មានឯកសារគ្រប់គ្រាន់ ប្រគល់ឲ្យវិញ

ឡានជួលឱ្យជនល្មើសឆបោកអនឡាញ ម្ចាស់មានឯកសារគ្រប់គ្រាន់ ប្រគល់ឲ្យវិញ

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមត្ថកិច្ចនឹងប្រគល់រថយន្តដែលបានជួលទៅឱ្យជនបរទេសដែលត្រូវបានចាប់ខ្លួនក្នុងបទល្មើសឆបោកអនឡាញ (Online Scam) វិញ ក្នុងករណីម្ចាស់រថយន្ត មានឯកសារជួលនិងឯកសារកម្មសិទ្ធិច្បាស់លាស់គ្រប់គ្រាន់។

លោក រ៉េន រតនៈ អ្នកនាំពាក្យរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ថា  នៅក្នុងកិច្ចប្រជុំណែនាំ ក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមត្ថកិច្ចនឹងប្រគល់រថយន្តដែលបានជួលទៅឱ្យជន បរទេសដែលត្រូវបានចាប់ខ្លួនក្នុងបទល្មើស Online Scam វិញ ក្នុងករណីម្ចាស់រថយន្ត មានឯកសារជួល និងឯកសារកម្មសិទ្ធិច្បាស់លាស់។ ប៉ុន្តែជាមួយនេះ លោករដ្ឋមន្ត្រី បានហាមដាច់ខាត មិនឱ្យសមត្ថកិច្ចគាបសង្កត់ ទារប្រាក់ពីម្ចាស់រថយន្ត ជាថ្នូរនឹងការធ្វើបែបបទប្រគល់រថយន្តនោះទេ។

លោក រ៉េន រតនៈ បានស្រង់សម្តីលោកបណ្ឌិត ស សុខា យ៉ាងដូច្នេះថា “ដាច់ខាតមិនត្រូវឱ្យមានការគាបសង្កត់ទាមទារប្រាក់ ជាថ្នូរនឹងការបំពេញបែបបទប្រគល់រថយន្តជូនទៅប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ត”។

យ៉ាងណា ពាក់ព័ន្ធនឹងផ្លូវច្បាប់វិញ ករណីប្រគល់រថយន្តទៅម្ចាស់ដើមវិញ លុះត្រាតែម្ចាស់ទ្រព្យ មិនជាប់ពាក់ព័ន្ធនឹងការផ្សំគំនិត និងផ្តើមគំនិតជាមួយក្រុមឧក្រិដ្ឋជនអនឡាញ។ នេះបើតាមលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានពន្យល់ក្នុងសន្និសីទសារព័ត៌មាន ស្តីពីសេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

លោករដ្ឋមន្ត្រីយុត្តិធម៌ បានពន្យល់ថា ក្នុងករណីរឹបអូសទ្រព្យសម្បត្តិម្ចាស់ផ្ទះជួល ម្ចាស់អគារ ឬម្ចាស់យានយន្តណាមួយ លុះត្រាតែម្ចាស់ទីតាំង និងម្ចាស់ទ្រព្យទាំងនោះ មានការជាប់ពាក់ព័ន្ធនឹងការផ្សំគំនិតនិងផ្តើមគំនិតជាមួយក្រុមឧក្រិដ្ឋជនអនឡាញ៕

RELATED ARTICLES