ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចឲ្យអភិបាលស្រុកកងមាស បញ្ចប់មុខតំណែងមន្ត្រីសាលាស្រុកកងមាស ម្នាក់ បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋប្តឹងពាក់ព័ន្ធករណីស៊ីលុយ ៣៦០ ដុល្លារ កែតម្រូវសំបុត្រកំណើត។

យោងតាមលិខិតចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម ជម្រាបជូនលោកអភិបាល នៃគណៈអភិបាលស្រុក កងមាស បានបញ្ជាក់ថា ៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងតាមបណ្តាញសង្គម គណនីហ្វេសបុក ឈ្មោះ Chheng Sokly បានចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ករណីយកប្រាក់ ចំនួន៣៦០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្មៅ ស្រុកកងមាស ខេត្តកំពង់ចាម។ រដ្ឋបាលខេត្ត បានចាត់ឱ្យក្រុមការងារដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត បានចុះសិក្សាស្រាវជ្រាវលើករណីខាងលើ គឺពិតជាមានករណីដូចក្នុងបណ្តាញសង្គម គណនីហ្វេសបុកឈ្មោះ Chheng Sokly ប្រាកដមែន។
ដូចនេះ ដើម្បីអនុវត្តវិធានការទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ឱ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់លោកអភិបាលនៃគណៈអភិបាលស្រុកកងមាស ដូចខាងក្រោម ៖

១-ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោកហែម គឹមសាធ ពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងៗទៀត។
២-រដ្ឋបាលស្រុក ត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំ លើការបំពេញតួនាទី ភារកិច្ចរបស់លោកហែម គឹមសាធ ក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀត ត្រូវមានវិធានការតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
៣-អភិបាលស្រុក ត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួន តាមលិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ។
៤-ត្រូវពង្រឹងកិច្ចការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ឱ្យមានប្រសិទ្ធភាព ស្របតាមគោល ការណ៍កំណត់ (ពេលវេលានិងតម្លៃសេវា) និងអាចទទួលយកបាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
៥-ត្រូវរៀបចំកិច្ចប្រជុំ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពង្រឹងតួនាទីនិងភារកិច្ចរបស់ខ្លួន ជារៀងរាល់ខែ។
៦-ក្នុងករណីមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងនៅរដ្ឋបាលស្រុក បន្តទៀត រដ្ឋបាលខេត្ត នឹងមានវិធានការតាមនីតិវិធីនៃច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលស្រុកកងមាស អនុវត្តការងារនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ …៕