ភ្នំពេញ ៖ បុរសជាអគ្គនាយកក្រុមហ៊ុនម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ)។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅចំណុចហាងកាហ្វេ ប៊ឺឡេប ចំការដូង តាម បណ្តោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនត្រូវចោទ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះជុំ សុខា ភេទប្រុស មុខរបរអគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល (ខេមបូឌា) SBL (CAMBODIA)CO.,LTD ស្នាក់នៅផ្ទះលេខ១១ផ្លូវ៤៣២ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទចំនួន១នាក់ឈ្មោះជុំ សុខា នៅចំណុចហាងកាហ្វេ ប៊ឺឡេប ចម្ការដូង ផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក លឹម ប៊ុនហេង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
ជនត្រូវចោទ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕