Wednesday, April 16, 2025
Homeតារាខ្មែរកែវ វាសនា ឡើងឧកញ៉ា ?

កែវ វាសនា ឡើងឧកញ៉ា ?

ភ្នំពេញ ៖ នៅលើបណ្ដាញសង្គម ទិកតុក មានការចែកចាយ (Share) ថា ភរិយាលោកកែវ វាសនា អ្នកនាងលឹម សុគន្ធារី ហៅស៊ីស៊ី គ្រាន់តែចំណាយលុយទៅលើការទិញម្ហូម អស់ទឹកប្រាក់ ក្នុង១ខែ ដល់ទៅ៤០០០ដុល្លារ ។ ទឹកលុយនេះខ្ពស់ខ្លាំង បើប្រៀបធៀបទៅការចំណាយរបស់ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ពិសេសកម្មកររោង ចក្រ ដែលចាយលើការទិញម្ហូបក្នុង ១ខែ មិនលើសពី ៥០ដុល្លារ និងតារាខ្លះ អត់ការងារសិល្បៈ ប្រឈមដាច់ បាយ ប្រកាសសុំជំនួយនោះ ប៉ុន្ដែលោកវាសនា បែរជាស្ថិតក្នុងកម្រិតជីវភាពធូធារ គ្រាន់តែចាយលុយទិញម្ហូបក្នុង១ខែៗ ស្មើតម្លៃដីនៅជាយក្រុង មួយឡូត៍ ខណៈដែលអ្នកសិល្បៈជិតស្និទ្ធហៅលោកថា «ឧកញ៉ា»។

អ្នកយកព័តមានយើង បានទូរស័ព្ទទៅកែវ វាសនា តែគ្មានអ្នកទទួលឡើយ ទើបមិនអាចសុំការបំភ្លឺបានទេ ។ ប៉ុន្ដែជាមួយគ្នានេះដែរ តារាចម្រៀងរួមទ្រនំជាមួយលោកកែវ វាសនា គឺកញ្ញាឃូន ស្រីនាថ ហៅអ៊ីវ៉ា កាលពីពេលថ្មីៗនេះ បានហៅលោកថា «ឧកញ៉ា» ដែលនេះជាសញ្ញាមួយបញ្ជាក់ថា អ្នកជិតស្និទ្ធបំផុតរបស់លោក ដឹងពីកម្រិតជីវភាព ក៏ដូចជាឋានៈរបស់លោកវាសនា នាពេលបច្ចុប្បន្ន ។

សូមបញ្ជាក់ថា កែវ វាសនា ត្រូវបានគេមើលរំលង ដោយមិនចាត់ចូលក្នុងចំណោមតារាដែលមានទ្រព្យច្រើន នាពេលបច្ចុប្បន្ននោះទេ ព្រោះតែភាគច្រើនគេគិតថាតារាស្រុកខ្មែរ អ្នកមានទ្រព្យច្រើន មានតែព្រាប សុវត្ថិ, ចា រិទ្ធី, យុគ ចិន្ដា, ខាត់ សុឃីម និងកែវ ស្រីនាង  ជាដើមដែលផ្ដោតលើរយៈពេលនៃការចូលសិល្បៈរបស់ពួកគេ និងមុខជំនួញក្នុងដៃ ។ ប៉ុន្ដែបើក្រឡេកមកមើលជីវភាពរបស់លោកវាសនា នាពេលបច្ចុប្បន្ន មិនចាញ់តារារៀមច្បងខាងលើទេ ពោលគឺលោករស់នៅផ្ទះវីឡាប្រណីត តម្លៃរាប់សែនដុល្លារ និងជិះរថយន្ដថ្លៃៗ ដូចជា Rolls Royce, Mercedes, Escalade និង Porsche  ជាដើម ដែលផ្ទុយគ្នាដូចមេឃនិងដី បើប្រៀបធៀបអំឡុងពេលដែលចូលច្រៀងនៅ SSB ដំបូង ជិះតែម៉ូតូកញ្ចាស់ និងស្លៀកពាក់ខោអាវក្រោមឆត្រ មិនដូចតារាល្បីៗផ្សេង ទៀត ។ ប៉ុន្តែពេលនេះ លោកវាសនា បានធ្វើឲ្យគេភ្ញាក់ផ្អើលព្រោះតែលោកមានទ្រព្យសរុប ចូលលានដុល្លារទៅហើយ។

យ៉ាងណា នៅលើគណនីបណ្ដាញសង្គមរបស់លោកកែវ វាសនា បានសរសេរសារថា «លើលោកនេះ គ្មានអ្វីទៀងទាត់ទេ  ហើយក៍គ្មានអ្វីជារបស់យើងរហូតដែរ អ៊ីចឹងគេចង់យកវិញថ្ងៃណាក៏បាន សូម្បីតែជីវិត អ្វីដែលទៀងទាត់បំផុតនោះគឺសេចក្ដីស្លាប់។ សាងល្អឲ្យបានច្រើន» ។

គួររំលឹកថា កែវ វាសនា បានរៀបការជាមួយអ្នកនាង លឹម សុគន្ធារី ជាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រយៈពេលជាង៩ឆ្នាំ មានកូន៣នាក់(ស្រី២) ដែលសព្វថ្ងៃប្រាក់ចំណូលរបស់ភរិយាលោករកស៊ីលក់ Online ច្រើនជាងអាជីពចម្រៀងរបស់លោកទៀតផង ។ អតីតតារាចម្រៀងSSB, M និងថោន រូបនេះបានវិលចូលសាន់ដេជាលើកទី២ ហើយពេលខ្លះលោកចាប់ដៃជាមួយអ៊ីវ៉ា  ។ ប៉ុន្ដែលោកវាសនា ហាក់ពិបាកប្រជែងជាមួយតារាចម្រៀងជើងខ្លាំងរបស់សាន់ដេ លោកឆាយ វីរៈយុទ្ធ បើទោះជាលោកត្រូវបានគេមើលឃើញថា ជាតារាម្នាក់មានសមត្ថភាពក្ដី ។ តារារួមអាជីពជាច្រើន បានសរសើរលោកវាសនា ដែលតស៊ូជម្នះឧបស័គ្គគ្រប់បែបយ៉ាងទាំងអស់ ដើម្បីបានរៀបការជាមួយភរិយា ព្រោះតែក្រុមគ្រួសារខាងស្រី ដំបូងប្រឆាំង តែពេលនេះលោករស់នៅជាមួយប្រពន្ធកូន យ៉ាងមានក្ដីសុខ ខណៈឪពុកម្ដាយក្មេកលោក ក៏មិនជំទាស់ទៀតដែរ ។ ប៉ុន្តែតាមរយៈការបញ្ចេញសាររបស់តារាសាន់ដេ កាលពីពេលថ្មីៗនេះ បញ្ជាក់ថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការប្រែប្រួលនៃជីវិត ក៏ដូចជាអាជីពចម្រៀង នាពេលខាងមុខ ដោយសារតែលោកយល់ថា លើលោកនេះ គ្មានអ្វីទៀងទាត់ឡើយ ក្រៅពីក្ដី «ស្លាប់» ដែលសារនេះបញ្ជាក់ថា លោកវាសនា មិនត្រេកត្រអាលនឹងទ្រព្យសម្បត្ដិ ឬភាពល្បីល្បាញរបស់ខ្លួន ហួសហេតុពេកឡើយ ៕

RELATED ARTICLES