Wednesday, April 16, 2025
Homeតារាខ្មែរហេង ប៊ុនលាភ ចូលឆ្នាំ ទៅសៀមរាប ចោលអាមេរិក

ហេង ប៊ុនលាភ ចូលឆ្នាំ ទៅសៀមរាប ចោលអាមេរិក

ភ្នំពេញ ៖ លោកហេង ប៊ុនលាភ បានឲ្យដឹងថា គម្រោងទៅច្រៀងសម្ដែងនៅអាមេរិករបស់លោក នាអំឡុងខែមេសា ឆ្នាំ២០២៥ នេះ ត្រូវបានអាក់ខានវិញ ហេតុនេះលោកត្រូវនៅក្នុងស្រុក ហើយចូលឆ្នាំខ្មែរ ៣ថ្ងៃនេះ លោកនៅខេត្តសៀមរាប ប៉ុន្ដែមិនមែនជាការច្រៀងសម្ដែងទេ តែលោកទៅលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ នៅទីនោះ ជាមួយបងប្អូននៅអង្គរសង្រ្កាន្ដ សៀមរាប  ។ យ៉ាងណា លោកប៊ុនលាភ   ប្រាប់ថា ក្រោយចប់បុណ្យចូលឆ្នាំខ្មែរ លោកនឹងរៀបគម្រោងចេញទៅអាមេរិក ជាថ្មីម្ដងទៀត ខណៈដែលកន្លងមក លោកធ្លាប់បានចេញទៅច្រៀង សម្ដែង និងដើរកម្សាន្ដនៅបរទេស ជាញឹកញាប់ ក្នុងរយៈពេលខ្លីៗ ព្រោះប្រញាប់វិលមកស្រុកវិញ ដោយសារតែលោកខ្លាចប៉ះពាល់ការងារក្របខ័ណ្ឌរដ្ឋ របស់លោក ។

  លោកហេង ប៊ុនលាភ ប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ថា «ខ្ញុំអាក់ខានទៅអាមេរិក ជើងនេះ ដោយសារតែខែមេសា ហ្នឹង ខ្ញុំជាប់រវល់នៅក្នុងស្រុកដែរ ទាក់ទងការងាររាជការ។ ម្យ៉ាងវិញទៀត ទីតាំងដែលត្រូវទៅនោះ ក៏មិនមែនជាកន្លែងដែលយើងចង់ទៅដែរ អីចឹងក៏លើកពេលសិនទៅ ។ អាចចូលឆ្នាំខ្មែររួច ខ្ញុំនឹងរៀបចំគម្រោងចេញទៅអាមេរិក ម្ដងទៀត ដែលម្ដងនេះ អាចទៅបានគ្នាខ្លះ តែបើខ្ញុំចេញទៅនៅខែមេសា ហ្នឹងគម្រោងទៅតែម្នាក់ឯងទេ ហើយជាទម្លាប់ខ្ញុំ ទៅបរទេស យ៉ាងយូរ ២អាទិត្យអីអស់ហើយ មិនដែលយូរជាងនេះទេ ដោយសារតែខ្ញុំជាប់ការងាររដ្ឋក្នុងស្រុក អីចឹងមិនអាចទៅណាបានយូរ ចោលកន្លែងបានទេ»។

  គួរបញ្ជាក់ថា អតីតតារាចម្រៀង SSB លោកហេង ប៊ុនលាភ អាយុ៤៧ឆ្នាំ ល្បីបទ «ទឹកភ្នែកស្វាមីស្រីឡង់សេ» កាលពីតុលា ឆ្នាំ២០២៤ ធ្លាប់បានចេញទៅច្រៀងសម្ដែង នៅបារាំង រយៈពេល ១ខែ ហើយទោះជារយាលៗពីសិល្បៈ ប៉ុន្ដែតារាកូន ៣ (ស្រី១)  រូបនេះ នៅតែត្រូវបានគេស្គាល់ និងចងចាំច្បាស់ ពិសេសអាណិកជនខ្មែរ នៅបរទេស ដែលចូលចិត្តស្ដាប់បទចាស់ៗរបស់លោក ឡើងវិញ ។ លោកប៊ុនលាភ ដោយសារតែមិនទៅណាឆ្ងាយពីសង្វៀនសិល្បៈ ហេតុនេះសព្វថ្ងៃលោកផ្ដោតលើអាជីពចាស់នេះ ខ្ទង់៦០% ខណៈដែលការងាររដ្ឋលោកធ្វើ ៤០% ពោលគឺនៅតែបន្ដការងារទាំងពីរខាងលើព្រមគ្នាតែម្ដង ។

លោកប៊ុនលាភ តាំងចិត្តព្រោះតែមានដុង និស្ស័យសិល្បៈ ហើយបានតស៊ូជាច្រើនឆ្នាំ ហេតុនេះលោកប្ដេជ្ញាថា នឹងបន្ដអាជីពសិល្បៈ រហូតដល់ថ្ងៃស្លាប់តែម្ដង ។

  មានការកត់សម្គាល់ថា ក្រៅពីលោកហេង ប៊ុនលាភ អតីតតារាចម្រៀង SSB មួយចំនួនទៀត ក៏មិនមានចេញបទចម្រៀងណាលេចធ្លោដូចមុនទៀតដែរសព្វថ្ងៃ ដូចជាលោកប៊ុន ស័ក្ក, ម៉េង ប៊ុនលី, ម៉េង ប៊ុនឡូ និងឃុំ ប៉ុណ្ណាដែត ជាដើម ប៉ុន្ដែលោកកែវ វាសនា បែរជារាសីឡើងខ្ពស់រស់នៅក្នុងកម្រិតជីវភាពធូរធារ មានផ្ទះវីឡាតម្លៃរាប់សែនដុល្លារ និងជិះរថយន្ដទំនើបៗមិនចាញ់សេដ្ឋីឡើយ ។ សម្រាប់លោកប៊ុនលាភ វិញ លោកច្រើនតែប្រើជីវិតយ៉ាងសាមញ្ញ ជិះរថយន្ដកញ្ចាស់ ហើយចុងក្រោយនេះ លោកលេចមុខនៅសមាគមសិល្បករខ្មែរ ជាញឹកញាប់ជាងមុន  និងប្រកាសថា ទទួលថតរឿងខ្លីៗ ស្ពត និងខារ៉ាអូខេ ជាធម្មតា។

លោកប៊ុនលាភ ថាក្នុងវ័យជ្រេបន្ដិចនេះ លោកមិនប្រកាន់ថាទាល់តែតួឯក បានថតនោះទេ ពោលគឺជាតួឪ ក៏បាន សំខាន់ឲ្យតែចរចាតម្លៃត្រូវរ៉ូវគ្នា លោកនឹងទទួលសម្ដែង។

  លោកហេង ប៊ុនលាភ បន្ថែមថា «នៅសមាគមសិល្បករខ្មែរ ខ្ញុំគ្មានតួនាទីអីទេ ប៉ុន្ដែជាសិល្បករម្នាក់ ខ្ញុំបានចូលរួមកម្មវិធីជាបន្ដបន្ទាប់ ចុងក្រោយនេះ។ ខ្ញុំឃើញការដឹកនាំរបស់ប្រធានសិល្បករខ្មែរថ្មី មានសកម្មភាពច្រើន ទោះមិនទាន់លេចធ្លោអ្វីមួយខ្លាំងក៏ដោយ។ ខ្ញុំនៅតែទៅចូលរួមកម្មវិធីក្រោយៗរបស់សមាគម ជាបន្ដទៀត» ។

  ក្រៅពីលោកហេង ប៊ុនលាភ ដែលខកជើងទៅរកលុយនៅក្រៅស្រុក នារដូវបុណ្យចូលឆ្នាំខ្មែរនេះ ក៏មានលោ កសាយ សៀរ៉ា ម្នាក់ទៀតដែរ ដែលថារៀបចំឯកសារទៅអូស្រា្ដលី មិនទាន់ ទើបលោកងាកមករៀបគម្រោងត្រៀមទៅលេងល្បែងប្រជាប្រិយ ប្រពៃណីខ្មែរ នៅតាមទីវត្តអារាម នាស្រុកកំណើតរបស់ខ្លួន នៅស្រុកស្រី សន្ធរ ខេត្តកំពង់ចាម ។ ចំពោះលោកប៊ុនលាភ ប្រាប់ថា ក្រោយចប់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែររួច លោកក៏មិនទាន់ត្រៀមថតរឿងថ្មីៗដែរ ព្រោះបើថតរឿងខ្លីៗបាន តែបើថតរឿងភាគ ប្រើពេលយូរថ្ងៃ លោកមានផលវិបាក ដោយសារតែខ្លាចប៉ះពាល់ការងាររដ្ឋ និងមួយវិញទៀត លោកនៅតែថា ទទួលថតភាពយន្ដ ទាល់តែបានកញ្ចប់ថវិកាសមរម្យ ពោលគឺទាល់តែត្រូវថ្លៃគ្នា ទើបលោកព្រមថត ៕

RELATED ARTICLES