ភ្នំពេញ ៖ ស្វាមីមាស សុខសោភា លោកអ៊ិត រ៉ាដា បានប្រកាសជាសាធារណៈ កាលពីពេលថ្មីៗនេះថា លោកបានសម្រេចចិត្តលាឈប់ពីតំណែងជានាយក Camtrax Music ហើយក្រោយកាន់ការងារក្រុមហ៊ុន Camtrax Music ដែលមានមាស សុខសោភា ជា Digital Marketing អស់រយៈពេល៣ឆ្នាំ និងធ្វើការក្នុងវិស័យចម្រៀងអស់រយៈពេល ១៥ឆ្នាំ ។ លោករ៉ាដា មិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់នៃការបោះបង់ការងារដែលលោកបានប្រឹងធ្វើនាពេលកន្លងមកទេ ប៉ុន្ដែលោកថា ជាការសោកស្ដាយមួយ ខណៈដែលលោកក៏បានសង្កត់ធ្ងន់ថា លោកគ្មានទំនាក់ទំនងអ្វីជាមួយលោក វង្ស ចក្រាយយុទ្ធ ហៅតាសក់ស ភ្នំត្បែង ជាពិសេសគឺទាក់ទងនិងការ ថតបទចម្រៀងនាពេលកន្លងមក ឬខ្លឹមសារពាក់ព័ន្ធណាមួយឡើយ ។

ការលើកឡើងរបស់ប្តីមាស សុខសោភា បែបនេះ បន្ទាប់ពីសុខសោភា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សោ ភា បានចេញមុខនិយាយជាលើកដំបូងបំផុតទាក់ទងទៅនឹងរឿងនាងគោរពលោកពេជ្រ សង្វារ ហៅតាសក់ស ភ្នំត្បែង នៅខេត្តព្រះវិហារ និងបំភ្លឺជុំវិញដំណឹងថានាងឲ្យលុយលោកតាដល់ទៅចំនួន ៣០លានដុល្លារ ដើម្បីកសាងទីសក្ការបូជានៅទីនោះ ទៀតផង។ ប៉ុន្ដែដំណឹងនេះត្រូវបានសោភា ច្រានចោល ដោយអះអាងថា នាងរកលុយដូរឡានថ្មីជិះមិនបានផង មានលុយឯណារាប់សែន រាប់លានដុល្លារ បរិច្ចាគដូចគេថានោះ? យ៉ាងណា សោភា បង្ហើបថា អ្នកដែលធ្វើបាបនាងឲ្យមានការលេចឮបែបនេះ ដោយសារតែបុគ្គលម្នាក់ដែលនៅជិតដិតនាងបំផុត តែនាងមិនប្រាប់ថាជាអ្នកណាឡើយ ។


សោភា ទម្លាយថា នាងធ្លាប់កើតមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ អំឡុងផ្ទុះកូវីដ ហើយបើនាងមិនបានជួបលោកតាសក់សភ្នំត្បែង ទេ ម៉្លេះនាងក៏គ្មានជីវិតមកដល់បច្ចុប្បន្នដែរ ។ នាងថា លោកតា ជាអ្នកជួយសង្រ្គោះជីវិតនាង។ បន្ទាប់ពីមានការអះអាងរបស់សុខសោភា បែបនេះ មិនបាន ១ខែផង ស្វាមីសោភា ក៏លាលែងពីតំណែងជា នាយក CamtraxMusic ដែលជាផលិតកម្មបង្កើតឡើងដោយសោភា ព្រមទាំងបញ្ជាក់ថា គ្មានការពាក់ព័ន្ធអ្វីទាំងអស់ជាមួយលោកតាសក់សភ្នំត្បែង ។ ដំណឹងនេះធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងក្នុងនិងក្រៅសិល្បៈថា សុខសោភា មិនត្រឹមតែបាត់បង់ដៃស្ដាំម្ខាងនោះទេ ប៉ុន្ដែចំណងស្នេហានាង ជាមួយលោកអ៊ិត រ៉ាដា អាណិកជនខ្មែរនៅកាណាដា រយៈពេលជិត ១៨ឆ្នាំ ក៏ស្ថិតនៅលើមាត់ជ្រោះផងដែរ ព្រោះនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ គេមិនឃើញសោភា មានភាពស្អិតល្មូតជាមួយប្ដី ដូចឆ្នាំមុនឡើយ ពោលគឺនាងជួបជុំតែខាងក្រុមគ្រួសារនាងប៉ុណ្ណោះ។


ទាក់ទងរឿងលោកអ៊ិត រ៉ាដា ឈប់ធ្វើជានាយក Camtrax Music នេះដែរ នៅលើទំព័រហ្វេសបុក របស់មាស សុខសោភា នាងគ្មានប្រតិកម្មអ្វីទាំងអស់តបទៅគូស្នេហ៍ ប៉ុន្ដែនាងកាន់តែមានជំនឿទ្វេដងទៅលើពេជ្រ សង្វារ ហៅតាសក់ស ភ្នំត្បែង តាមរយៈការប្រតិបត្តិធម៌អាថ៌ តាមបែបសាសនា ដោយថែមទាំងបានចុះទៅមើលរូបសំណាក ព្រះបដិមា មួយចំនួនដែលតម្កល់លើដីដែលនាងបានទិញនៅខេត្តព្រះវិហារ សម្រាប់ជាទីធ្វើសមាធិ និងសក្ការៈផ្សេងៗនោះទៀតផង។ ចំណែកបងប្រុសរបស់នាង លោកមាស សុខរតនៈ ដែលជាមនុស្សម្នាក់នៅពីក្រោយខ្នង Camtrax Music ដែរនោះ នៅលើគណនីហ្វេសបុក របស់លោក ក៏គ្មានការឆ្លើយតបចំពោះការលាលែងពីតួនាទីរបស់លោកអ៊ិត រ៉ាដា ពីផលិតកម្មប្អូនស្រីរបស់លោកដែរ ។


អ្នកជំនាញសិល្បៈ បានលើកឡើងថា មាស សុខសោភា ពេលនេះកំពុងបាត់បង់ខ្នងបង្អែកដ៏រឹងមាំមួយ ព្រោះស្វាមីលែងជួយអន្ដរាគមន៍លើការផលិតបទចម្រៀងនាងទៀតហើយ ដែលនេះជាបញ្ហាចោទធំមួយ នាំឲ្យប៉ះពាល់ធ្ងន់លើអាជីពរបស់នាង។ សោភា អាចនឹងច្រៀងបទល្បីចាស់ៗរបស់ខ្លួននៅតាមបណ្ដាកម្មវិធីផ្សេងៗ ព្រោះតែគ្មានបទថ្មីៗច្រៀង ខណៈដែលផលិតកកម្ម CamtraxMusic របស់នាង ដែលដំណើរការបានជាង ១១ឆ្នាំនោះ ស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ព្រោះមិនទាន់ច្បាស់ថា ត្រូវបិទទ្វារ ឬនឹងជ្រើសរើសអ្នក គ្រប់គ្រងថ្មីបន្ដវេនពីលោករ៉ាដា ។


តារារួមអាជីពជាមួយមាស សុខសោភា និងមជ្ឈដ្ឋានមហាជនមួយចំនួន សង្កេតឃើញថា តាំងពីសោភា ចាប់ដៃលោកអ៊ិត រ៉ាដា ជិត២០ឆ្នាំមកនេះ គេឃើញអាណិកជនខ្មែរ-កាណាដា រូបនេះ សម្របខ្លួនតាមនាងជានិច្ច ហើយសូម្បីតែនៅតាមឆាកតន្ត្រីមួយចំនួន ក៏លោករ៉ាដា តែងតែស្ពាយ យូរសម្លៀកបំពាក់, ថសកម្មភាពសោភា ច្រៀងគ្រប់ឆាកតន្រ្ដី និងធ្វើជាតៃកុងឡានរបស់នាងដែរ ។សោភា ផ្ទាល់ក៏តែងតែចេញសារសរ សើរស្វាមីថា ជាបុរសម្នាក់ហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់ ដើម្បីនាង ពិសេសនៅរៀងរាល់ឆ្នាំ ពួកគេប្រារព្ធខួបអាពាហ៍ ពិពាហ៍ នៅថ្ងៃទី២៨ ខែធ្នូ ។ ទស្សនិកជនលើកឡើងថា ប្រសិនបើចំណងស្នេ \ហាសោភា-រ៉ាដា ដើរដល់ទីបញ្ចប់ ពិតជារឿងគួរឲ្យសោកស្ដាយ៕
