Thursday, April 24, 2025
Homeព័ត៌មានជាតិបច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា

បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា

ភ្នំពេញៈ ដោយមើលឃើញថា វិស័យធានារ៉ាប់រងនៅកម្ពុជា បាននិងកំពុងមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ក្នុងពេលដែលសាធារណជនកាន់តែច្រើនក៏បានបង្ហាញការចាប់អារម្មណ៍និងចង់ស្វែងយល់អំពីអត្ថប្រយោជន៍ទាក់ទងការធានារ៉ាប់រងផងដែរនោះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា បានរៀបចំវេទិកាចែករំលែកព័ត៌មាន អំពី “បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា” នៅសណ្ឋាគារកាំបូឌីយាណា កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា ។

ថ្លែងក្នុងចំណាប់អារម្មណ៍គន្លឹះ លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា អ្នកដែលបានដឹងអំពីធានារ៉ាប់រងនៅកម្ពុជា មានតិច មិនច្រើនដូចនៅប្រទេសដែលអភិវឌ្ឍជឿនលឿនមួយចំនួនទេ ទើបទាមទារឲ្យអ្នកសារព័ត៌មានយើងធ្វើការស្វែងយល់ឲ្យបានច្រើន ហើយចាប់ពីឆ្នាំ២០២៤មក ក្លិបអ្នកកាសែតកម្ពុជា បានធ្វើការជាមួយខាងធានារ៉ាប់រង និងខាងនិយ័តករធានារ៉ាប់រង ដើម្បីធ្វើយ៉ាងណាជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ។ ដូច្នេះការរៀបចំវេទិកាចែករំលែកព័ត៌មាន អំពី “បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា” នៅពេលនេះ គឺជាប្រធានបទមួយសំខាន់ ។

ជាមតិស្វាគមន៍ នៅក្នុងវេទិកាខាងលើនេះ លោកហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានថ្លែងថា សារសំខាន់នៃធានារ៉ាប់រង ត្រូវបានគេទទួលស្គាល់ជាទូទៅ ជាពិសេសនៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងអភិវឌ្ឍទីផ្សារនេះជាច្រើនឆ្នាំមកហើយ ដោយសារវាជាការផ្ដល់នូវឧបករណ៍ដើម្បីបង្កើតជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ដែលជួយក្រុមគ្រួសារ និងធុរកិច្ចឲ្យបានរួចផុតពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលមានគ្រោះថ្នាក់កើតឡើង ។ ប៉ុន្តែសារសំខាន់ទាំងនេះ ច្រើនត្រូវបានគេមើលរំលងនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់តិចតួច តួយ៉ាងដូចជានៅកម្ពុជាយើង ដែលការអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ទើបចាប់ផ្ដើមប្រមាណ២ទសវត្សរ៍ចុងក្រោយនេះ ដោយសារទីផ្សារនៅក្មេងខ្ចី និងការយល់ដឹងជាសាធារណៈអំពីអត្ថប្រយោជន៍ធានារ៉ាប់រងនៅមានកម្រិត ។ ដូច្នេះហើយទើបយើងរៀបចំវេទិកាចែករំលែកព័ត៌មាននេះ ដើម្បីឲ្យអ្នកសារព័ត៌មានយល់ដឹងកាន់តែច្បាស់ និងជួយផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាព ឬនឹងជួយលើកកម្ពស់វិស័យនេះ ព្រោះវិស័យនេះមានប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីរក្សានូវសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារ ក៏ដូចជាសង្គម ។

ក្នុងន័យនេះដែរ លោកហ៊ុយ វ៉ាថារ៉ូ បានគូសបញ្ជាក់ថា វិស័យធានារ៉ាប់រង អាចដំណើរការទៅបាន អាស្រ័យទៅលើភាពស្មោះត្រង់ ជឿទុកចិត្ត និងការប្ដេជ្ញាចិត្ត ដែលវាមិនខុសគ្នាទៅនឹងការធ្វើប្រតិបត្តិការនៅក្នុងវិស័យហិរញ្ញវត្ថុផ្សេងទៀតទេ គឺក្រុមហ៊ុនធានារ៉ាប់រង និងម្ចាស់ប័ណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានរ៉ាប់រង ត្រូវផ្អែកលើកិច្ចសន្យារ៉ាប់រង ឬផ្អែកទៅលើកិច្ចសន្យាដែលឆ្លុះបញ្ចាំងនូវខ និងលក្ខខណ្ឌនានា ដែលភាគីទាំងពីរត្រូវគោរពតាម ហើយកិច្ចសន្យានេះទៀតសោត មិនមែនក្រុមហ៊ុនចេះតែដាក់តាមចិត្តនឹកឃើញ ហើយទុកឲ្យអតិថិជនគិតពិចារណាខ្លួនឯងទេ គឺកិច្ចសន្យាធានារ៉ាប់រងទាំងអស់របស់ក្រុមហ៊ុននីមួយៗ សុទ្ធតែទទួលបានការពិនិត្យជាមុន ក៏ដូចជាផ្ដល់ការអនុម័តជាមុនដោយនិយ័តករធានារ៉ាប់រងផងដែរ ដែលនិយ័តករធានារ៉ាប់រង ជាទូទៅ ឈរពីជ្រុងមួយ ដើម្បីផ្ដល់ការការពាអតិថិជន។ ដូច្នេះក្នុងនាមជាក្រុមហ៊ុនធុរកិច្ចប្រកបដោយវិជ្ជាជីវៈ និងអនុលោមជាតិ ក្រុមហ៊ុនធានារ៉ាប់រង មិនអាចបដិសេធ ឬរកលេសមិនទូទាត់បំណុលជូនអតិថិជនបានទេ លុះត្រាតែមានភ័ស្តុតាងច្បាស់លាស់ថា ហានិភ័យដែលកើតឡើងចំពោះអតិថិជនរបស់ខ្លួន វាមិនស្ថិតនៅក្រោមលក្ខខណ្ឌនៃការធានា ឬក៏ហានិភ័យកើតឡើង វាមិនស្របទៅតាមលក្ខខណ្ឌនៅក្នុងកិច្ចសន្យាធានារ៉ាប់រង ។

នៅក្នុងសុន្ទរកថាបើកកម្មវិធី លោកប៊ូ ច័ន្ទភីរ៉ូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ថា វិស័យធានារ៉ាប់រង ជាសមាសភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យ ជូនប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស មុំទី៥ ដែលសំដៅលើ “ការបន្តពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ” ឱ្យកាន់តែមានស័ក្តិសិទ្ធិភាព, ភាពធន់នឹងវិបត្តិ, បរិយាបន្ន, ពិពិធភាព និងភាពទំនើបតាមរយៈការបន្តអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត ជំរុញភាពស៊ីជម្រៅហិរញ្ញវត្ថុ ពង្រឹងសមត្ថភាពស្ថាប័ន និងអក្ខរកម្មហិរញវត្ថុ និងលើកស្ទួយឌីជីថលភាវូបនីយកម្មក្នុងវិស័យហិរញ្ញវត្ថុ ។

លោកប៊ូ ច័ន្ទភារ៉ូ បានបញ្ជាក់បន្តថា ជាមួយគ្នានេះ ក្រោមការចង្អុលបង្ហាញជាប្រចាំរបស់លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ វិស័យធានារ៉ាប់រងកម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយសម្រេចបានកំណើនទីផ្សារធានារ៉ាប់រងក្នុងអត្រាជាមធ្យមប្រមាណ ២០% ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ សម្រាប់ឆ្នាំ២០២៤ ទំហំទីផ្សារកើនឡើងដល់ប្រមាណ ៣៥៧ លានដុល្លារអាមេរិក នៃបុព្វលាភធានារ៉ាប់រងដុល ដោយមានទ្រព្យសកម្មសរុបប្រមាណ ១,២ ប៊ីលានដុល្លារអាមេរិក និងមានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ មានក្រុមហ៊ុនធានារាប់រងទូទៅចំនួន ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនផ្តល់សេវាគាំទ្រអាជីវកម្មធានារ៉ាប់រងមួយចំនួនផ្សេងទៀតផងដែរ រួមមាន ក្រុមហ៊ុនភ្នាក់ងារធានារាប់រងចំនួន ៤០, ក្រុមហ៊ុនជើងសារធានារ៉ាប់រងចំនួន ២០ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ៤។ ទីផ្សារធានារ៉ាប់រងកម្ពុជា មានផលិតផលធានារ៉ាប់រងគ្រប់ប្រភេទ ដូចជា ផលិតផលធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងវិស្វកម្ម ធានារ៉ាប់រងភារៈទទួលខុសត្រូវជាកាតព្វកិច្ចលើយានយន្ត, ការដឹកជញ្ជូនអ្នកដំណើរ និងការដ្ឋាន ជាដើម រហូតដល់មានធានារ៉ាបរងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាបផងដែរ។ ផលិតផលទាំងនេះ ត្រូវបានចែកចាយផ្ទាល់ឲ្យបុគ្គលិកក្រុមហ៊ុនគ្រប់សាខា ជើងសារធានារ៉ាប់រង ភ្នាក់ងារធានារ៉ាប់រងទាំងរូបវន្តបុគ្គល និងនីតិបុគ្គល មានដូចជា ធនាគារ ជាដើម ។ លើសពីនេះ ក៏ត្រូវបានចែកចាយតាមប្រព័ន្ធអនឡាញផងដែរ ដូចជា ប្រព័ន្ធទូរស័ព្ទ គេហទំព័ររបស់ក្រុមហ៊ុន និង Platform ផ្សេងៗ ។

លោកប៊ូ ច័ន្ទភារ៉ូ បានបញ្ជាក់បន្តទៀតថា យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤ ប្រសិនបើបៀបធៀបនឹងទំហំសេដ្ឋកិច្ចជាតិ ទីផ្សារធានារ៉ាប់រងកម្ពុជា រួមចំណែកតែប្រមាណ ១.១៣% ដោយមនុស្សម្នាក់ៗប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណតែជាង ២០ដុល្លារអាមេរិកប៉ុណ្ណោះ។ ការណ៍នេះបានបង្ហាញឱ្យឃើញថា ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាប បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដែលបណ្តាលមកពីកត្តាមួយចំនួនដូចជា កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះទំនុកចិត្តរបស់សាធារណជនមកលើសេវាធានារ៉ាប់រង។ លោកបន្តថា ជាការពិត បញ្ហាទាំងនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ដែលមាននិយ័តករធានារ៉ាប់រងកម្ពុជា ជាសេនាធិការ និងការចូលរួមពីសំណាក់គ្រឹះស្ថានធានារ៉ាប់រង និងស្ថាប័នឬអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ជ្រាបការយល់ដឹងស្តីពីអត្ថប្រយោជតិនៃការធានារ៉ាប់រង និងអក្ខរកម្មធានារ៉ាប់រងជូនសាធារណជនឱ្យបានទូលំទូលាយ ដើម្បីកសាងទំនុកចិត្តរបស់សាធារណជនក្នុងការប្រើប្រាស់សេវាធានារ៉ាប់រង ។

នៅក្នុងបទបង្ហាញ ស្ដីពី “វិស័យធានារ៉ាប់រង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច” ដោយលោកនី លីហួង ប្រធានគណៈកម្មការអប់រំ នៃសមាគមធានារ៉ាប់រងកម្ពុជា បានបង្ហាញថា ប្រភេទផលិតផលធានារ៉ាប់រង ដែលមានលក់នៅលើទីផ្សារកម្ពុជាបច្ចុប្បន្ន មាន៣ប្រភេទ គឺ១. ធានារ៉ាប់រងទូទៅ រួមមានធានារ៉ាប់រងអគ្គិភ័យ/ទ្រព្យសម្បត្តិ ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងផ្នែកវិស្វកម្ម ធានរ៉ាប់រងនាវា, យន្តហោះ និងការដឹកជញ្ជូន ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងលើហានិភ័យផ្សេងៗ ។ ២. ធានារ៉ាប់រងអាយុជីវិត រួមមាន ធានារ៉ាប់រងទាយជ្ជទាន (ផ្តល់ការការពារ និងសន្សំហិរញ្ញវត្ថុ) ធានារ៉ាប់រងជាក្រុម ធានារ៉ាប់រងមានកាលកំណត់ ធានារ៉ាប់រងមួយជីវិតកាល ធានរ៉ាប់រងលើហានិភ័យាផ្សេងៗ ។ ៣. ធានារ៉ាប់រងខ្នាតតូច អាចជាប្រភេទធានារ៉ាប់រងទូទៅ ឬធានារ៉ាប់រងអាយុជីវិត ប៉ុន្តែទំហំទឹកប្រាក់ធានារ៉ាប់រងត្រូវបានកម្រិតត្រឹម ៥.០០០ ដុល្លារអាមេរិក អតិបរិមា ក្នុងមួយកិច្ចសន្យាធានារ៉ាប់រង ។

ចំពោះបុព្វលាភធានារ៉ាប់រងដុល បង្ហាញថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជាទាំងមូលមានកំណើនប្រមាណ ៣.៥% ក្នុងឆ្នាំ២០២៤ និងជាមធ្យម ៧.១% ក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ។ ក្នុងចំណោមប្រភេទធានារ៉ាប់រងទូទៅ អាយុជីវិត និងខ្នាតតូច ក៏បានបង្ហាញដែរថា ទីផ្សារធានារ៉ាប់រងអាយុជីវិត មានកំណើនខ្ពស់ជាងគេ បើប្រធៀបទៅនឹងទីផ្សារធានារ៉ាប់រងទូទៅ និងខ្នាតតូច ។ នេះបង្ហាញថា ប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើគម្រោងការពារហិរញ្ញវត្ថុរយៈពេលវែង ។

ផលិតផលធានារ៉ាប់រងទូទៅ ដែលពេញនិយម ក្នុងឆ្នាំ២០២៤ បានបង្ហាញថា ផលិតផលធានារ៉ាប់រងទូទៅដែលនាំមុខគេ គឺផលិតផលធានារ៉ាប់រងទ្រព្យសម្បត្តិ-អគ្គិភ័យ, សុខភាព និងយានយន្ត។ បុព្វលាភធានារ៉ាប់រងដុលទូទៅសរុបប្រមាណ១៤៩លានដុល្លារ ។ ផលិតផលធានារ៉ាប់រងអាយុជីវិត ដែលពេញនិយម ក្នុងឆ្នាំ២០២៤ គឺធានារ៉ាប់រងទាយជ្ជទាន ដែលជាប្រភេទធានារ៉ាប់រងអាយុជីវិតដែលពេញនិយមជាងគេនៅកម្ពុជា ព្រោះប្រភេទធានារ៉ាប់រងអាយុជីវិតនេះផ្តល់ការការពារផង និងសន្សំផង។ បុព្វលាភធានារ៉ាប់រងដុលអាយុជីវិត សរុបប្រមាណ ២០០.២ លានដុល្លារអាមេរិក ។ បុព្វលាភធានារ៉ាប់រងដុលខ្នាតតូចសរុបប្រមាណ ៨.៨លានដុល្លារអាមេរិក ក្នុងនោះអាយុជីវិត ៧.៤លានដុល្លារអាមេរិក យានយន្ត ៧៤ម៉ឺនដុល្លារអាមេរិក សុខភាព ៥៨ម៉ឺនដុល្លារអាមេរិក គ្រោះថ្នាក់បុគ្គល ៥ម៉ឺនដុល្លារអាមេរិក ។

សំណងធានារ៉ាប់រងទូទៅ ដែលបានទូទាត់ក្នុងឆ្នាំ២០២៤ ស្ទើរតែ៤០% នៃសំណងធានារ៉ាប់រងទូទៅ ត្រូវបានទូទាត់សងសម្រាប់ការធានារ៉ាប់រងលើសុខភាពក្នុងឆ្នាំ២០២៤ ។ សំណងធានារ៉ាប់រងអាយុជីវិត ដែលបានទូទាត់ក្នុងឆ្នាំ២០២៤ ប្រមាណ៣១% នៃសំណងធានារ៉ាប់រងអាយុជីវិត ត្រូវបានទូទាត់សម្រាប់ករណីមរណភាព ហើយករណីមរណភាពភាគច្រើនបណ្ដាលមកពីជំងឺ ។ សំណងនេះពិតជាបានជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ក្រុមគ្រួសារដែលនៅរស់រានមានជីវិត ។ សំណងធានារ៉ាប់រងខ្នាតតូច ដែលបានទូទាត់ក្នុងឆ្នាំ២០២៤ ប្រមាណ៩០% នៃសំណងធានារ៉ាប់រងខ្នាត់តូច ត្រូវបានទូទាត់ជូនក្រុមគ្រួសារដែលបានទិញផលិតផលធានារ៉ាប់រងអាយុជីវិតខ្នាតតូច ។

ជាសរុបរួម ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនធានារ៉ាប់រង បានរួមចំណែកបង្កើតការងារសរុបចំនួន២១.៧៦៧កន្លែង រាប់ទាំងបុគ្គលិកក្រុមហ៊ុនផ្ទាល់ និងភ្នាក់ងារដែលជាអ្នកលក់ធានារ៉ាប់រង ។ បានផ្តល់ការធានាលើសុខភាព និងគ្រោះថ្នាក់បុគ្គល សម្រាប់មនុស្ស ៧៩២.៣៦៥ នាក់ បានផ្តល់ការធានាលើអាយុជីវិតសម្រាប់មនុស្ស ១,៤ លាននាក់ បានផ្តល់ធានារ៉ាប់រងខ្នាតតូចសរុបចំនួន ៨២៥.០២៦នាក់ ។ ទ្រព្យសកម្មសរុបប្រមាណ ១,២០៤ លានដុល្លារអាមេរិក បានវិនិយោគទឹកប្រាក់ចំនួន ៨១៨.៨ លានដុល្លារអាមេរិក ក្នុងសេដ្ឋកិច្ចកម្ពុជា។ ប្រមាណ ៩០% នៃចំនួនទឹកប្រាក់នេះ ត្រូវបានវិនិយោគតាមរយៈការដាក់ប្រាក់បញ្ញើនៅតាមធនាគារ ។

ជាមួយគ្នានោះដែរ នៅក្នុងបទបង្ហាញ ស្ដីពី “តួនាទីនិយ័តករក្នុងការលើកកម្ពស់ទំនុកចិត្តសាធារណជនលើទីផ្សារធានារ៉ាប់រង” ដោយលោកឡាយ ប៊ូងឆាយ អនុប្រធានការិយាល័យបណ្ដុះបណ្ដាល នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបង្ហាញ៤ចំណុច គឺ១ និយ័តករធានារ៉ាប់រងកម្ពុជា  ២. ការលើកកម្ពស់ទំនុកចិត្តសាធារណជនលើសេវាធានារ៉ាប់រង និង៤. ទិសដៅអនាគត ។

តួនាទីស្នូលនិយ័តករកម្ពុជា (ន.ធ.ក) ជាស្ថាប័នឯករាជ្យក្នុងការបំពេញមុខងារគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពអាជីវកម្មរបស់គ្រឹះស្ថានធានារ៉ាប់រង និងសោធនឯកជន ។ បេសកកម្ម ប្ដេជ្ញាអនុវត្តគោលការណ៍គ្រប់គ្រង និងត្រួតពិនិត្យតាមនិយាមអន្តរជាតិប្រកបបដោយការយកចិត្តទុកដាក់ខ្ពស់ និងមានវឌ្ឍនភាព ។ ទស្សនវិស័យ ធានាថាបាននូវភាពរឹងមាំ និងឧត្ដមភាពប្រកួតប្រជែងប្រកបដោយចីរភាពរបស់គ្រឹះស្ថានធានារ៉ាប់រងទាំងអស់ ដើម្បីបម្រើដល់ពលរដ្ឋកម្ពុជាគ្រប់រូប និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ គុណតម្លៃរួម សុចរិតភាព ប្រកាន់ខ្ជាប់ភាពស្មោះត្រង់និងតម្លាភាពកម្រិតខ្ពស់បំផុតក្នុងការបំពេញមុខងារនិងតួនាទីរបស់ខ្លួន ឆន្ទៈ សម្រេចឲ្យបានតាមស្ដង់ដារអន្តរជាតិកម្រិតខ្ពស់បំផុត និងឧត្ដមានុវត្តក្នុងការងារគ្រប់គ្រងនិងត្រួតពិនិត្យ ដើម្បីបម្រើដល់អតិថិជននិងឧស្សាហកម្មធានារ៉ាប់រងកម្ពុជា ទំនួលខុសត្រូវ ត្រូវមានគណនេយ្យភាព ភាពលះបង់ និងភាពដឹកនាំដែលជាកត្តាចាំបាច់លើសពីការផ្ដល់សេវាសាធារណៈ ។

ការលើកកម្ពស់ទំនុកចិត្តសាធារណជនលើសេវាធានារ៉ាប់រង ជុំវិញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍លើវិស័យធានារ៉ាប់រង ២០២១-២០៣០ និយ័តករធានារ៉ាប់រងកម្ពុជា ផ្ដោតអាទិភាពលើសកម្មភាពដូចជា ការផ្សព្វផ្សាយ ការអប់រំសាធារណជន និងការលើកកម្ពស់អក្ខរកម្មធានារ៉ាប់រង ការគ្រប់គ្រងនិងត្រួតពិនិត្យស្ថានភាពអាជីវកម្ម និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រង ការគ្រប់គ្រងនិងត្រួតពិនិត្យប្រតិបត្តិការទីផ្សារ ការពង្រីងកិច្ចការពារអតិថិជនសម្រាប់វិស័យធានារ៉ាប់រង និងការពង្រឹងក្រមសីលធម៌បុគ្គលវិជ្ជាជីវៈ ក្នុងវិស័យធានារ៉ាប់រង ។

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍លើវិស័យធានារ៉ាប់រង ២០២១-២០៣០ នៃទិសដៅអនាគត គឺនៅឆ្នាំ២០២៤ ទំហំទីផ្សារ ៣៧០លានដុល្លារអាមេរិក ឆ្នាំ២០៣០ ទំហំទីផ្សារ ២៤០០លានដុល្លារអាមរិក ភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច នៅឆ្នាំ២០២៤ មាន១.១៧% នៅឆ្នាំ២០៣០ នឹងមាន៥.៥% ដង់ស៊ីតេធានារ៉ាប់រង ២២លានដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ នៅឆ្នាំ២០៣០ ១៣៥ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ ។ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍លើវិស័យធានារ៉ាប់រង ២០២១-២០៣០ ក៏បន្តជំរុញការបង្កើតផលិតផលធានារ៉ាប់រងដែលចូលរួមសម្របសម្រួលសង្គម រួមមាន​ ផលិតផលធានារ៉ាប់រងសុខភាព ផលិតផលធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច ផលិតផលធានារ៉ាប់រងសម្រាប់ស្រ្ដី (សុខភាព ការពពោះនិងឆ្លងទន្លេ និងអាយុជីវិតម្ដាយ) ផលិតផលធានារ៉ាប់រងកសិកម្ម ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងផលិតផលធានារ៉ាប់រងគ្រោះមហន្តរាយធម្មជាតិ ។

នៅចុងបញ្ចប់នៃវេទិកាខាងលើនេះ ក៏មានវេទិកាពិភាក្សា ស្ដីពី “ស្ថិរភាពវិស័យធានារ៉ាប់រង និងការរួមចំណែកដល់សុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គម” ដែលមានវាគ្មិនចំនួន៣រូប គឺលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោកសុក ហេង នាយកផ្នែកបច្ចេកវិទ្យា និងប្រតិបត្តិការ នៃក្រុមហ៊ុនព្រូដិនសល កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា លោកនី លីហួង ប្រធានគណៈកម្មការអប់រំ នៃសមាគមធានារ៉ាប់រងកម្ពុជា និងមានការសម្របសម្រួលដោយលោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ៕

RELATED ARTICLES