Thursday, April 24, 2025
Homeព័ត៌មានជាតិកុំឲ្យខ្មែរបែកបាក់ អ្នកវិភាគថា លុបចោល “ងើបមួយ វ៉ៃមួយ”-“ងើបទាំងអស់ វ៉ៃតែមួយ”

កុំឲ្យខ្មែរបែកបាក់ អ្នកវិភាគថា លុបចោល “ងើបមួយ វ៉ៃមួយ”-“ងើបទាំងអស់ វ៉ៃតែមួយ”

ភ្នំពេញ ៖ អ្នកវិភាគបានលើកឡើងថា អ្នកនយោបាយ ទាំងខាងបក្សកាន់អំណាច និងបក្សប្រឆាំង ត្រូវលុបចោលរបៀបវារៈនយោបាយ “ងើប១ វ៉ៃ១” និង “ងើបទាំងអស់ វ៉ៃតែមួយ” ព្រោះសុទ្ធតែជារបៀបវារៈនយោបាយនាំឱ្យខ្មែរបែកបាក់ និងអន់ថយ ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា នយោបាយ “ងើប១ វ៉ៃ១” គឺដើម្បីឯកភាពជាតិ និងថែរក្សាសន្តិភាព ព្រោះបើមិនទប់ស្កាត់កម្ទេចភ្លើង វានឹងក្លាយជាអគ្គិភ័យ អន្តរាយដល់ប្រទេសជាតិទាំងមូល ។  

លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគនយោបាយ-សង្គម បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ចង់ឱ្យមានវប្បធម៌នយោបាយល្អដូចគេ ចេះជួយយកអាសា ពូតដៃគ្នា ពេលជាតិជួបគ្រោះលំបាក លុះត្រាអ្នកកាន់អំណាចចេះប្រើនូវអធ្យាស្រ័យនយោបាយ ឈប់ចាប់ចង ចោទប្រកាន់ មួលបង្កាច់លាបពណ៌ ដោយប្ដូរមកវិញនូវការដោះលែងអ្នកទោសនយោបាយ ប្រកូកប្រកាសឱ្យខ្មែរចូលស្រុក ដោយមិនធ្វើទុក្ខបុកម្នេញជាដើម។ ស្រុកគេយ៉ាងហោចមានត្រឹមតែមេដឹកនាំបក្សប្រឆាំងម្នាក់ អាចនឹងទទួលខុសត្រូវ ហើយគេមិនចេះតែទៅដាក់គុកទៀត ដូចករណីលោកស្រី ម៉ារីន ឡឺពែន បេក្ខជនប្រធានាធិបតីស្រីបារាំង ដែលមានប្រជាប្រិយភាពខ្ពស់ ហើយត្រូវបានតុលាការចោទប្រកាន់មានទោសជាប់ពន្ធធនាគារ តែត្រូវអនុញ្ញាតឱ្យនៅក្រៅឃុំ ដោយដាក់ប្រព័ន្ធតាមដានជំនួសវិញ ។ ចំណែកស្រុកថៃវិញក៏ដូចគ្នា កម្រនឹងមានមេដឹកនាំនយោបាយប្រឆាំងជាប់គុក រឹតតែពិសេសសឹងគ្មានជនភៀសខ្លួននយោបាយ លើកលែងតែត្រកូលថាក់ស៊ីន។ ស្រុកខ្មែរ ក្រៅពីមានពលករចំណាកស្រុកហួសប្រមាណ ក៏នៅមានជនភៀសខ្លួននយោបាយច្រើនផងដែរ។ ដូច្នេះត្រូវលុបចោលរបៀបវារៈនយោបាយ “ងើបមួយ វ៉ៃមួយ” និង “ងើបទាំងអស់ វ៉ៃតែមួយ” ព្រោះសុទ្ធតែជារបៀបវារៈនយោបាយនាំឱ្យខ្មែរបែកបាក់ អន់ថយ ដោយប្ដូរមកវិញនូវរបៀបវារៈនយោបាយឱ្យតម្លៃ ពលខ្មែរជាម្ចាស់អំណាច និងជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន ខ្មែរនឹងបានសុខ ជានាទាំងអស់គ្នា“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក វ៉ន ចាន់ឡូត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ថា ទស្សនៈ “ងើប១ វ៉ៃ១” របស់សម្ដេចហ៊ុន សែន និង “ងើបទាំងអស់ វ៉ៃតែមួយ” របស់លោកសម រង្ស៊ី សុទ្ធតែជាទស្សនៈដែលយកខ្មែរជាសត្រូវ ហើយជាទស្សនៈប្រកបដោយអំពើហិង្សា ដែលវាប្រាសចាកអំពីស្មារតីដើមនៃរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យកម្ពុជា អនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យ ឲ្យតម្លៃទៅដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការផ្លាស់ប្ដូរអំណាចតាមរយៈការបោះឆ្នោតមួយ ដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ។ ដូច្នេះអ្នកនយោបាយត្រូវតែគិតគូរឡើងវិញ ក្នុងការលះបង់ចោលនូវអស្មិមានះ ដើម្បីធានាថា ពលរដ្ឋខ្មែរ អាចមករួមរស់នៅក្នុងប្រទេសរបស់ខ្លួន នៅក្នុងកិច្ចការអភិវឌ្ឍន៍ ឬក៏ធ្វើឲ្យជាតិរបស់យើងអាចជម្នះទៅនឹងឧបសគ្គនានាដែលកំពុងប្រឈមទាំងបច្ចុប្បន្ន ក៏ដូចជាអនាគត ។

លោក វ៉ន ចាន់ឡូត មានប្រសាសន៍ថា “ទាក់ទិនទៅនឹងទស្សនៈដែលលើកឡើងថា “ងើប១ វ៉ៃ១” របស់សម្ដេចហ៊ុន សែន ហើយនិង “ងើបឡើងទាំងអស់ វ៉ៃតែមួយ” របស់លោកសម រង្ស៊ី ខ្ញុំមើលឃើញថា សុទ្ធតែជាទស្សនៈដែលយកខ្មែរ ជាសត្រូវ ហើយជាទស្សនៈប្រកបដោយអំពើហិង្សា សកម្មភាពហិង្សា ដែលវាប្រាសចាកអំពីស្មារតីដើមនៃរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យកម្ពុជា អនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យ ឲ្យតម្លៃទៅដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការផ្លាស់ប្ដូរអំណាចតាមរយៈការបោះឆ្នោតមួយ ដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ។ ខ្ញុំសង្កេតឃើញថា អ្នកដឹកនាំគួរតែប្រយ័ត្នប្រយែងនៅក្នុងការប្រើប្រាស់ពាក្យពេចន៍របស់ខ្លួនដែរ ពីព្រោះបើកាលណាយើងចេះតែប្រើប្រាស់ទៅនោះ គឺវាបង្កើតបានទៅជារូបភាពអវិជ្ជមាន ជាពិសេសគឺពីសំណាក់របស់អ្នកគាំទ្រខ្លួនម្ខាងៗ និងប្រើប្រាស់នូវរូបភាពអវិជ្ជមាន ហើយពេលខ្លះអាចបង្កើនទៅជាសកម្មភាពអវិជ្ជមាន ដែលវាបង្កនូវភាពស្មុគស្មាញ ហើយនិងកាន់តែបង្កនូវបញ្ហាចាក់ស្រែះថែមទៀតនៅក្នុងនយោបាយរបស់កម្ពុជា ដែលកំពុងតែអន់ថយស្រាប់ ហើយយើងបង្កើតនូវរូបភាពនាំឲ្យមានការបែកបាក់សាមគ្គី ហើយនិងពិបាកឈានទៅដល់ការផ្សះផ្សាជាតិ ដែលយើងឃើញថា ប្រទេសជិតខាងតែងតែកេងចំណេញទៅនឹងភាពប្រេះឆារបស់កម្ពុជា ។ ដូច្នេះហើយគឺតម្រូវឲ្យអ្នកនយោបាយត្រូវតែគិតគូរឡើងវិញ ហើយយើងលះបង់ចោលនូវអស្មិះមានះ ដើម្បីធានាថា ពលរដ្ឋខ្មែរគឺអាចមករួមរស់នៅក្នុងប្រទេសរបស់ខ្លួន ហើយអាចប្រើប្រាស់នូវសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកណាមួយនោះ នៅក្នុងកិច្ចការអភិវឌ្ឍន៍ ឬក៏ធ្វើឲ្យជាតិរបស់យើងអាចជម្នះទៅនឹងឧបសគ្គនានាដែលកំពុងប្រឈមទាំងបច្ចុប្បន្ន ក៏ដូចជាអនាគត“ ។

ស្របគ្នានោះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា គួរតែលុបចោលរបៀបវារៈនយោបាយទាំងពីរនេះ ព្រោះវាជារបៀបវារៈមួយដែលប្រើប្រាស់នៅក្នុងទម្រង់ហិង្សា ឬការប្រើប្រាស់កម្លាំង ដែលវាមិនឆ្លុះបញ្ចាំងអំពីដំណើរនៃលទ្ធិប្រជាធិបតេយ្យ ដូចអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គួរតែគិតពីរបៀបវារៈថ្មី នៅក្នុងការដូរឥរិយាបថនយោបាយ ធ្វើយ៉ាងម៉េចក៏ដោយ បើកលំហូរសេរីភាពនៃការបញ្ចេញមតិ និងជាពិសេសពិចារណាទៅដល់សន្តិភាពជាអាទិភាព ដោះស្រាយរួមគ្នា ទទួលខុសត្រូវជាមួយគ្នា នៅក្នុងនាមជាជាតិសាសន៍តែមួយ គ្មានអ្នកចាញ់ គ្មានអ្នកឈ្នះ ចេះអត់ឱន អធ្យាស្រ័យគ្នា ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “ការពិតទៅ ចម្លើយមួយ ខ្ញុំគិតថា គួរតែលុបចោលរបៀបវារៈនយោបាយទាំងពីរហ្នឹង ព្រោះវាជារបៀបវារៈមួយដែលប្រើប្រាស់នៅក្នុងទម្រង់ហិង្សា ឬក៏យើងហៅថា ការប្រើប្រាស់កម្លាំង ហើយវាមិនឆ្លុះបញ្ចាំងអំពីដំណើរនៃលទ្ធិប្រជាធិបតេយ្យ ដូចអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញទេ ហើយរបៀបវារៈនេះគួរតែផ្លាស់ប្ដូរ ធ្វើម៉េចឲ្យមើលឃើញគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងនយោបាយកម្ពុជាហ្នឹងបញ្ចប់វាដោយអហិង្សា ឬក៏ដោយសន្តិវិធី ហើយការបញ្ចប់ដោយគ្មានការគុំកួនគ្នា គឺជាមូលដ្ឋានគ្រឹះនៅក្នុងអភិវឌ្ឍសង្គម ឲ្យមានស្ថិរភាព សន្តិភាព ហើយនិងមានការអភិវឌ្ឍន៍ ហើយបញ្ហាទាំងអស់ហ្នឹង វានឹងធ្វើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ហ្នឹង អាចទទួលបាននូវផលចំណេញរៀងៗខ្លួន ។ សរុបមក យើងឃើញថា ទស្សនៈទាំងពីរ “ងើប១ វ៉ៃ១” និង”ងើបទាំងអស់ វ៉ៃតែមួយ” គួរតែលុបចោល ហើយវាជារបៀបវារៈដែលបង្កើតឲ្យមានគំនុំ ហើយនិងប្រើប្រាស់នូវហិង្សា មិនឆ្លុះបញ្ចាំងអំពីនីតិរដ្ឋ ហើយនិងប្រទេសដែលកាន់ប្រជាធិបតេយ្យ ។ ជាទូទៅវាអាចនឹងបង្កើតឲ្យមានការបែកចែក ហើយនិងមានព្រឹត្តិការណ៍តទល់គ្នា គ្មានថ្ងៃបញ្ចប់ ហើយក៏មិនអាចបង្កើតសន្តិភាពមួយជូនសង្គម និងប្រទេសជាតិដែរ“ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គួរតែគិតពីរបៀបវារៈថ្មី នៅក្នុងការដូរឥរិយាបថនយោបាយ ធ្វើយ៉ាងម៉េចក៏ដោយ បើកលំហូរសេរីភាពនៃការបញ្ចេញមតិ ការនិយាយស្ដី ហើយនិងជំរុញឲ្យមានសេរីភាពផ្សេងៗទៀត ដូចអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយគ្រប់ភាគីពាក់ព័ន្ធត្រូវតែយកបញ្ហាទាំងអស់ដាក់លើតុជជែកគ្នាដោយបើកចំហ ហើយនិងឲ្យប្រជាពលរដ្ឋធ្វើជាសាក្សី ហើយបញ្ហាផ្សេងៗត្រូវដោះស្រាយដោយឈរទៅលើមូលដ្ឋានច្បាប់ និងដោយសន្តិវិធី ហើយគ្រប់ភាគីនយោបាយ ជាពិសេសគឺអ្នកដែលគាំទ្រគណបក្សនយោបាយនីមួយៗ គួរតែសិក្សា និងឈ្វេងយល់អំពីមូលដ្ឋាននៃការអភិវឌ្ឍផ្នត់គំនិតធ្វើម៉េចឲ្យរីកចម្រើន ហើយត្រូវចេះគោរពគ្នាទៅវិញទៅមក ក្នុងនាមជាជាតិសាសន៍តែមួយ ហើយធ្វើបែបនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋមើលឃើញអំពីភាពចាស់ទុំ និងភាពជាគំរូនៃអ្នកនយោបាយក្នុងប្រទេស ដើម្បីដោះស្រាយបញ្ហាធំៗជូនពួកគាត់ ជូនសង្គម ហើយគាត់នឹងអាចចូលរួម ហើយនិងអាចសហការជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជូនសង្គម ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់គួរតែរក្សាផ្នត់គំនិត កសាងនូវមូលដ្ឋានគ្រឹះសន្តិភាពជូនជាតិ ជូនសង្គម ដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹង ។ មួយវិញទៀត យើងក៏ឃើញដែរ របៀបវារៈថ្មី គឺយើងគួរតែពិចារណាទៅដល់សន្តិភាពជាអាទិភាព ដំណោះស្រាយដើម្បីទាំងអស់គ្នា ហើយយើងគួរតែជជែកជាមួយគ្នា ដោះស្រាយរួមគ្នា ទទួលខុសត្រូវជាមួយគ្នា នៅក្នុងនាមជាជាតិសាសន៍តែមួយ ហើយគ្មានអ្នកចាញ់ ហើយក៏គ្មានអ្នកឈ្នះដែរ បើសិនជាយើងចេះអត់ឱន ចេះអធ្យាស្រ័យគ្នា ចេះធ្វើការជាមួយគ្នា “ ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “ដូច្នេះហើយយើងឃើញថា ការដែលចេះអត់ឱន គោរព ផ្ដល់តម្លៃឲ្យគ្នានេះ វាគឺជាគោលនយោបាយឈ្នះឈ្នះរបស់ប្រជាជាតិខ្មែរ ហើយវាក៏ជាលទ្ធផលមួយដែលខ្ញុំជឿជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសទាំងប្រជាពលរដ្ឋនៅសហគមន៍ នៅជនបទ និងនៅទីក្រុង ក៏ដូចជានៅអន្តរជាតិ ហើយសហគមន៍អន្តរជាតិនៅក្នុងតំបន់ នៅក្នុងសកលលោកទាំងមូលហ្នឹង ក៏ចង់ឃើញខ្មែររួបរួមសាមគ្គីគ្នា មិនចង់ឃើញខ្មែរបែកបាក់ផ្ទៃក្នុង ហើយធ្វើការប្រជែងគ្នាដោយប្រើប្រាស់ហិង្សានយោបាយតាមគ្រប់រូបភាព ដែលជាវេទិកា ឬក៏ជាគោលការណ៍មួយបំផ្លាញនូវនីតិរដ្ឋ បំផ្លាញនូវការអភិវឌ្ឍ ហើយនិងមិនអាចធ្វើឲ្យមនុស្សស្មើភាពគ្នាចំពោះមុខច្បាប់ ហើយនិងមានកើតនូវហិង្សា និងបញ្ហានិទ្ទណ្ឌភាព តាមគ្រប់រូបភាពទាំងអស់ ហើយបញ្ហាទាំងអស់ហ្នឹង វានឹងបង្កើតឲ្យសង្គមមានភាពចលាចល ហើយសង្គមរបស់យើងនឹងកាន់តែវឹកវរតាមគ្រប់រូបភាព ដូចដែលអ្វីដែលយើងបានជួបនិងឃើញកន្លងមកហ្នឹង“ ។

ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់អ្នកវិភាគខាងលើនេះ គណបក្សកាន់អំណាច និងអតីតគណបក្សប្រឆាំង (ក្រុមលោកសម រង្ស៊ី) នៅក្រៅប្រទេស បានឆ្លើយតប ដោយបញ្ជាក់នូវជំហរក្នុងការប្រើនូវរបៀបវារៈនយោបាយដែលមេបក្សរបស់ខ្លួនបានដាក់ចេញរៀងៗខ្លួន ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ថា ការអនុវត្តនូវគោលនយោបាយ “ងើប១ វ៉ៃ១” គឺចង់បានការឯកភាពជាតិ និងការថែរក្សាសន្តិភាពឲ្យរឹងមាំ ។ ដូច្នេះការយល់ឃើញរបស់ក្រុមអ្នកវិភាគ វាផ្ទុយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា “ងើប១ វ៉ៃ១” នេះ ព្រោះបើមិនទប់ស្កាត់ទេ វានឹងក្លាយទៅជាអគ្គិភ័យ អន្តរាយដល់ប្រទេសជាតិទាំងមូល ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ការយល់ឃើញរបស់ក្រុមអ្នកវិភាគហ្នឹង វាផ្ទុយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។ ព្រោះតែចង់បានការឯកភាពជាតិ ចង់បានការថែរក្សាសន្តិភាពឲ្យរឹងមាំហើយ បានយើងអនុវត្តនូវគោលនយោបាយ “ងើប១ វ៉ៃ១” ហ្នឹងឯង កុំឲ្យក្លាយទៅជាអគ្គិភ័យ ។ បើគ្រាន់តែកម្ទេចភ្លើងមួយ យើងមិនពន្លត់ឲ្យបានទាន់ពេលវេលាទេ វានឹងអាក្លាយទៅជាអគ្គិភ័យ ។ ក្លាយទៅជាអគ្គិភ័យ វាអន្តរាយដល់ប្រទេសជាតិទាំងមូល ។ អ៊ីចឹងទេបានជាគណបក្សដាក់គោលនយោបាយនេះឡើង ដើម្បីធ្វើយ៉ាងណាកុំឲ្យវាកើតឡើងនូវហានិភ័យចំពោះប្រទេសជាតិ ។ រីឯប្រឆាំងនឹងគោលនយោបាយ “ងើប១ វ៉ៃ១” គេថា ឥឡូវគេងើបទាំងអស់ វ៉ៃតែមួយ ។ ងើបទាំងអស់ វ៉ៃតែមួយ គេចង់បបួលប្រជាជនកម្ពុជាទូទៅ ឲ្យងើបទាំងអស់ ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ដើម្បីវ៉ៃត្រកូលហ៊ុន តែមួយ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ដូច្នេះសម្រាប់គណបក្សប្រជាជន នៅតែអនុវត្តអ៊ីចឹង ពីព្រោះមុននឹងធ្វើអ្វីមួយ គណបក្សតែងតែមានគោលការណ៍ តែងតែមានផែនការ ហើយការសម្រេចនេះ គឺមិនមែនសម្រេចជាអត្តនោម័តដោយបុគ្គលណាទេ គឺជាការសម្រេចដោយសមូហភាពរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា យើង ។ ចំពោះអារឿងឆន្ទៈប្រជាពលរដ្ឋទូទាំងប្រទេស អាហ្នឹងគណបក្សប្រជាជនតែងតែគោរព តែងតែលើកតម្កើងសិទ្ធិពលរដ្ឋ តែងតែលើកតម្កើងដល់ឆន្ទៈប្រជាពលរដ្ឋ មិនដែលយើងប្រមាថមើលងាយពីឆន្ទៈប្រជាពលរដ្ឋទេ មានតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ ដែលខ្លួនឯងចាញ់ឆ្នោត ហើយខឹងសម្បាជាមួយនឹងប្រជាពលរដ្ឋ ហើយវ៉ៃប្រហារមកលើប្រជាពលរដ្ឋដែលមិនបោះឆ្នោតឲ្យខ្លួននោះ“ ។

ចំណែកលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ថា នយោបាយរបស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ “ងើបទាំងអស់ វ៉ៃតែមួយ” មានន័យថា គ្រាន់តែធ្វើម៉េចទម្លាក់ត្រកូលហ៊ុន ឲ្យចេញពីអំណាច តាមរយៈចលនាមហាជន ឬក៏តាមរយៈផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ វាមិនមែនជារបៀបវារៈនយោបាយដែលធ្វើឲ្យខ្មែរបែកបាក់ និងបង្កប់នូវហិង្សានិយមនោះទេ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! វាមិនមែនជារបៀបវារៈនយោបាយដែលធ្វើឲ្យខ្មែរបែកបាក់ និងបង្កប់នូវហិង្សានោះទេ ។ លោកសម រង្ស៊ី ថា “ងើបទាំងអស់ វ៉ៃតែមួយ” ហ្នឹង មានន័យថា គឺយើងធ្វើម៉េចទម្លាក់ត្រកូលហ៊ុន ឲ្យចេញពីអំណាច តាមរយៈចលនាមហាជន ឬក៏តាមរយៈផ្ទៃក្នុងគណបក្សប្រជាជន ។ វាខុសពីលោកហ៊ុន សែន គឺគាត់ប្រើហិង្សា ដើម្បីសម្លាប់ប្រជាពលរដ្ឋខ្លួនឯង ឯយើងមិនទៅសម្លាប់ប្រជាពលរដ្ឋ ឬក៏សម្លាប់អ្នកណានោះទេ គ្រាន់តែដើម្បីធ្វើម៉េចទម្លាក់ត្រកូលហ៊ុន ពីអំណាច ហើយស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសនយោបាយ រៀបចំបោះឆ្នោតដោយសេរី និងយុត្តិធម៌តែប៉ុណ្ណោះឯង»។

សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ និងអ្នកនយោបាយខាងលើនេះ បានធ្វើឡើងក្រោយពីសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រកាសទប់ស្កាត់ក្រុមនយោបាយដែលចង់បំផ្លាញជាតិ បំផ្លាញសន្តិភាពនិងសេចក្ដីសុខរបស់ប្រជាជន ដោយសម្ដេច បានព្រមានកាលពីពេលកន្លងមកថា ងើបមួយ វ៉ៃមួយ ងើបពីរ វ៉ៃពីរ ។ ជាពិសេស សម្ដេច បានបញ្ជាក់ថា យុទ្ធសាស្ត្រ «ងើបមួយ វាយមួយ» នៅតែបន្ត ដើម្បីបង្ក្រាបយុទ្ធសាស្ត្រ «ផ្ការីក» របស់ក្រុមជ្រុលនិយម ។

ចំណែកលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលប្រកាសយុទ្ធសាស្រ្តផ្ការីក ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ក្នុងន័យឆ្លើយតបទៅសម្ដេចហ៊ុន សែន និងអំពាវនាវពលរដ្ឋឲ្យងើបឡើងថា “ងើបមួយ វ៉ៃមួយ ? តែពេលយើងងើបទាំងអស់គ្នា យើងវ៉ៃតែមួយបានហើយ“​ ៕ កុលបុត្រ

RELATED ARTICLES