ភ្នំពេញ ៖ បទ «ចាក់ក្រឡេកទយ» របស់សុគន្ធ និសា ចាប់ដៃជាមួយរ៉ូលីន ត្រូវបានអ្នកគាំទ្ររបស់និសា ដែលបង្កើតផេកឈ្មោះ Sokun Nisa Supporter ចាត់ទុកថា អតីតតារាហង្សមាស រូបនេះ ជាតារាដែលមានការគាំទ្រខ្លាំងនៅលើបណ្ដាញ YouTube ព្រោះបទនោះ បញ្ចេញត្រឹមតែរយៈពេលខ្លី តែមានចំនួនអ្នកទស្សនាច្រើន។ ប៉ុន្ដែ Fan របស់តារាចម្រៀងផ្សេងៗទៀត បានប្រឆាំងនឹង Fan របស់និសា ដោយថា ចេះតែអួត បទ Idol របស់ពួកគេ មាន Views ខ្ពស់ជាងនេះផង។

ទោះជាយ៉ាងណា ការដើរចេញពីហង្សមាស ជាងកន្លះឆ្នាំ ហើយងាកមកផលិតបទចម្រៀងដោយខ្លួនឯង របស់សុគន្ធ និសា នាពេលនេះ បង្ហាញឲ្យឃើញថា នាងមានការប្រែប្រួលខ្លាំង សឹងតែ១៨០ដឺក្រេ ទៅហើយ ព្រោះតែពីមុន ភាគច្រើននាងច្រៀងបទស្លូវ សង់ទីម៉ង់ មនោសញ្ចេតនាស្នេហាបែបខូចចិត្ត តែពេលនេះ និសា ប្ដូរទៅច្រៀងបែបកំប្លែង ជាមួយរ៉ូលីន ដែលពីមុន គេមិនធ្លាប់ឃើញនាងប្រើសំឡេងនិងកាយវិការច្រៀងបទប្រភេទនេះឡើយ ។

សម្រាប់អ្នកគាំទ្រនិសា ចាត់ទុកថា នេះជាការវិត្តដ៏ល្អមួយរបស់នាង ព្រោះការបង្ហាញដដែលៗ គឺជាសត្រូវរបស់ភ្នែកមហាជន។ ប៉ុន្ដែអ្នកខ្លះបែជានិយាយថា ដោយសាតែនិសា គ្មានអ្នកនិពន្ធទំនុកច្រៀង រួមទាំងអ្នកភ្លេងខ្លាំងៗ នៅក្បែរខ្លួន ដែលធ្វើបទឲ្យត្រូវទៅតាមសំឡេងរបស់នាង ទើបពេលនេះ នាងផ្លាស់ប្ដូរស្ទីលពីមុនរបស់ខ្លួន ដែលមហាជនធ្លាប់ស្គាល់បែបនេះ បើទោះជាតាមប្រភពថា ក្រោយចាកចេញពីហង្សមាស និសា មានក្រុមផលិតបទចម្រៀងឲ្យនាង ដូចតារាល្បីៗផ្សេងទៀតក៏ដោយ។

សុគន្ធ និសា បានចេញចម្រៀងបាន ៥បទមកហើយ ដោយផលិតខ្លួនឯង ក្នុងនោះមានដូចជាបទ «ពេលខ្ញុំដួល អ្នកនៅឯណា?», «អារម្មណ៍ចាស់ៗ», Cover បទ «Please Stop» និងចេញ ២បទ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ គឺ «ចាក់ក្រឡេកទយ» និងបទ «សង្រ្កាន្ដជួបស្នេហ៍»។ និសា អាចនឹងដើរផ្លូវដូចមាស សុខសោភា និងពេជ្រ សោភា ដែរជាមិនខាន ពោលគឺនឹងច្រៀងCover បទល្បីៗពីមុនរបស់ខ្លួន លាយបទថ្មី ដោយចេញបទចម្រៀងលែងទៀងទាត់ ដោយសារតែខ្វះធនធានមនុស្សក្នុងការផលិត ការចំណាយថវិកាផ្ទាល់ខ្លួន មិនដូចអំឡុងនាងច្រៀងនៅផលិតកម្មដែលក្រុមហ៊ុនជាអ្នករៀបចំឲ្យទាំងអស់នោះទេ ។ ប៉ុន្ដែមានការកត់សម្គាល់ថា តាំងពីសុគន្ធ និសា លែងជាតារាហង្សមាស នាងនៅតែមានឱកាសចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីនានាដូចមុន ដែលបញ្ហានេះ អាចបញ្ជាក់បានថា ទីផ្សារ ឬប្រាក់ចំណូលពីសិល្បៈ របស់នាង មិនធ្លាក់ចុះ ក្រោយចេញច្រៀងដោយអត់ផលិតកម្ម។

សម្រាប់ Fan របស់សុគន្ធ និសា ពួកគេបញ្ចេញមតិនៅលើបណ្ដាញសង្គមថា នៅតែចង់ស្ដាប់បទរបស់នាងច្រៀងស្លូវ ត្រូវទៅតាមចរិតស្រគត់ស្រគំរបស់នាងដូចមុន ជាជាងបទកំប្លែង ។ ចំណែកខ្លះនិយាយថា និសា មានស្វាមី ជាង៧ឆ្នាំទៅហើយ ហេតុនេះបើចេញបទបែបយុវវ័យ ស្នេហាសុទ្ធ គឺពិបាកប្រជែងទីផ្សារជាមួយតារាវ័យក្មេង នាពេលបច្ចុប្បន្ន ។

សុគន្ធ និសា ត្រូវបានស្វាមីនាង លោកចៅ សម្បត្តិ បើកដៃឲ្យលេងសិល្បៈ ដោយសេរី ពោលគឺលោកមិនចេះប្រចណ្ឌឬហួងហែងភរិយានោះទេ តែការៀបការជាច្រើនឆ្នាំ នៅតែអត់កូន១គ្រាប់នោះ ទើបជាបញ្ហាចោទរបស់និសា ព្រោះតែបាត់បង់ភាពកក់ក្ដៅក្នុងគ្រួសារអស់មួយកម្រិត ខណៈនិសា រៀបគម្រោងយកកូន តាំងពីឆ្នាំ២០២១ តែលទ្ធផលសូន្យ ។ អំឡុងពេលដែលនិសា កំពុងតែរៀបចំយុទ្ធសាស្រ្ដក្នុងការផលិតបទចម្រៀងដោយខ្លួនឯងនេះ គេសង្កេតឃើញថា និសា ក៏បានបង្កើតមុខរបរក្រៅពីសិល្បៈ ជាបន្ដបន្ទាប់ផងដែរ ក្នុងនោះមានដូចជា គ្លីនិករក្សាសម្រស់, ហាងកាហ្វេ, ចេកឆឹង និងគុយទាវខ្ចប់ ជាដើម ។

មជ្ឈដ្ឋានមហាជន រង់ចាំមើលថា សុគន្ធ និសា ដែលប្ដូរយុទ្ធសាស្រ្ដច្រៀងសម្ដែង អាចវាយលុកទីផ្សារចម្រៀង បានឬអត់ នៅឆ្នាំ២០២៥ ? ព្រោះពេលនេះ ទាំងនាង និងរ៉ូលីន តែងតែយកបទ «ចាក់ក្រឡេកទយ» មករាំច្រៀងនៅតាមឆាកតន្រ្ដី និងថតបង្ហោះ Facebook និង Tik Tok ជាបន្ដបន្ទាប់ ៕