Sunday, January 19, 2025
Homeព័ត៌មានជាតិបុរស​ដើរ​រើស​ខ្យង ដួល​ផ្កាប់​មុខ​ស្លាប់​ក្នុង​ស្រែ

បុរស​ដើរ​រើស​ខ្យង ដួល​ផ្កាប់​មុខ​ស្លាប់​ក្នុង​ស្រែ

ខេត្តកណ្តាល ៖ បុរសពោះម៉ាយម្នាក់ តែងដើររើសខ្យង និងឆ្លុះត្រីនៅពេលយប់ ដើម្បី យកទៅលក់ គ្រាន់បានប្រាក់ចិញ្ចឹមជីវិត ស្រាប់ តែអកុសល ក្រោយពីចេញទៅរើសខ្យងបាត់ ១យប់ ត្រូវបានប្រទះឃើញដេកផ្កាប់មុខស្លាប់ ក្នុងទឹកស្រែ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុក អង្គស្នួល។

ជនរងគ្រោះដែលស្លាប់ផ្កាប់មុខក្នុងទឹក ស្រែនោះ មានឈ្មោះវី បូរិន អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្របាញ់ថ្នាំពណ៌ ក្រុមហ៊ុន ម៉ាស៊ីនត្រជាក់ ជាបុរសពោះម៉ាយ លែងលះ ប្រពន្ធជាយូរមកហើយ សព្វថ្ងៃស្នាក់នៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានី- ភ្នំពេញ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះបានដើរចញពីផ្ទះ ដើម្បី ទៅរើសខ្យង និងឆ្លុះត្រី នៅតាមវាលស្រែ យក ទៅលក់ដូចសព្វមួយដង ប៉ុន្តែរាល់ដង យូរណាស់ ត្រឹមម៉ោង១ឬ២រំលងអធ្រាត្រ ជនរងគ្រោះ តែងត្រឡប់មកផ្ទះវិញហើយ ចម្លែកតែយប់ កើតហេតុ ជនរងគ្រោះមិនឃើញត្រឡប់មក វិញសោះ។

ប្រភពដដែលបានបន្តថា លុះមកដល់ វេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៧ មានបុរសម្នាក់ឈ្មោះនេត្រ ចាន់ណា អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិកើតហេតុខាងលើ បានដើរទៅលើកទ្រូ នៅមាត់ប្រឡាយ (កន្លែងកើតហេតុខាងលើ) ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ ផ្កាប់មុខក្នុងទឹកស្រែ ទើបកើតមានការផ្អើល ឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះ មកអន្តរាគមន៍ដល់ទីតាំងកើតហេតុតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយ ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ និងបានប្រទះ ឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខក្នុងទឹកស្រែ ដោយមានទ្រុងដាក់ត្រីនៅជាប់នឹងខ្លួន ព្រម ទាំងមានស្នចាក់ត្រី និងពិលពាក់ជាប់នឹងក្បាល ១ផងដែរ។ បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសពរួច ឃើញថា ជនរងគ្រោះបានស្លាប់ ដោយសារតែកើតអាការខ្យល់គរ ទើបបណ្តាល ឱ្យដួលផ្កាប់មុខស្លាប់ក្នុងទឹកស្រែបែបនេះតែម្តង ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះ ឡើយ។

តាមប្រភពពីអ្នកជិតខាងឱ្យដឹងថា កន្លង មក សមាជិកគ្រួសារជនរងគ្រោះចំនួន២នាក់ ដែលក្នុងនោះ មានម្នាក់ជាបងប្រុសបង្កើត និង ម្នាក់ទៀត ជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ ធ្លាប់បានកើតមានជំងឺឆ្កួតជ្រូកប្រកាច់ធ្លាក់ចូល ទឹកលង់ស្លាប់ជាបន្តបន្ទាប់មកហើយ ហេតុនេះ គេសង្ស័យថា ជនរងគ្រោះក៏ស្លាប់ដោយសារ ជំងឺឆ្កួតជ្រូកដូចគ្នា។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅឋាន ដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

RELATED ARTICLES