Thursday, May 1, 2025
Homeសេដ្ឋកិច្ចជាតិថៃ ហាមខ្មែរ ជួញផ្សិតប៉ក់ នៅព្រំដែនអានសេះ

ថៃ ហាមខ្មែរ ជួញផ្សិតប៉ក់ នៅព្រំដែនអានសេះ

ខេត្តព្រះវិហារ ៖ ក្រុមអាជីវករខ្មែរ បានសម្រុកដឹកផ្សិតប៉ក់ យកមកលក់នៅព្រំដែនអានសេះ និងច្រកផ្សេងៗទៀត ក្នុង១គីឡូក្រាម ៥ម៉ឺន ទៅ៦ម៉ឺនរៀល តែត្រូវបានអាជ្ញាធរថៃ ហាមឃាត់ មិនឱ្យនាំចេញជារទេះទេ គឺឱ្យយួរម្តង ១ថង់ លក់ទៅឱ្យឈ្មួញតែប៉ុណ្ណោះ ដោយលើកឡើងថា ខ្វះអនាម័យ។ ការហាមនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

ស្ត្រីឈ្មោះមុំ ជាអាជីវករនាំផ្សិតប៉ក់ នាំចេញទៅប្រទេសថៃ តាមច្រកអានសេះ បានលើកឡើងថា ភាគីថៃ មិនអនុញ្ញាតឱ្យអាជីវករខ្មែរ នាំចេញផ្សិតប៉ក់ នោះទេ ដោយយកលេសថា ខ្វះអនាម័យ និងឱ្យលាងសម្អាត មុននាំចូលទៅប្រទេសថៃ។ បើភាគីថៃ បិទមិនឱ្យអាជីវករនាំទំនិញចូលដូច្នេះ ពួកគាត់ក៏ស្នើឱ្យអាជ្ញាធរ ហាមឃាត់ភាគីថៃ នាំទំនិញចូលមកទឹកដីខ្មែរ ដូចគ្នាដែរ។

លោកនាន់ បូនេត ប្រធានច្រកព្រំដែនអានសេះ បានឱ្យដឹងថា ការផ្ទុះកំហឹងរបស់អាជីវករនៅច្រកអានសេះ នេះ គឺបន្ទាប់ពីភាគីថៃ បានបិទមិនឱ្យអាជីវករ នាំចូលផ្សិតប៉ក់ ច្រើនពេក ដោយឱ្យអាជីវករ យួរក្នុង១ថង់ ១០គីឡូក្រាម។ ចំណែកទំនិញដឹកដោយរទេះ ត្រូវបានផ្អាកបណ្តោះអាសន្ន។ លោកបញ្ជាក់ថា បច្ចុប្បន្នលោកបានព្យាយាមទំនាក់ទំនងចរចាជាមួយភាគីថៃហើយ។

លោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា កន្លងទៅ ប្រទេសទាំង២ បានព្រមព្រៀងគ្នាថា ច្រកអានសេះ គឺជាច្រកតូចមួយ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺស្រុកទាំងពីរជាប់ព្រំប្រទល់ថៃ និងកម្ពុជា ផ្លាស់ប្តូរទំនិញគ្នាទៅវិញទៅមក មិនមែនសម្រាប់ឱ្យអាជីវករ ធំៗ រកស៊ីនោះទេ តែបើចង់រកស៊ី ទាល់តែសុំច្បាប់ត្រឹមត្រូវ។

លោកបន្តថា ការបិទមិនឱ្យពលរដ្ឋនាំផ្សិតប៉ក់ ចេញនេះ គឺបន្ទាប់ពីអាជ្ញាធរជំនាញនៅប្រទេសថៃ មើលឃើញថា ផ្សិតប៉ក់ ខ្វះអនាម័យ។ តែខាងអាជ្ញាធរថៃ ឱ្យអាជីវករយូរម្តងមួយថង់ ដោយមិនឱ្យដាក់ទំនិញជារទេះ អូសចូលប្រទេសថៃ ទៀតនោះទេ។ ជាការពិតណាស់ នេះគឺជាការយល់ឃើញនិងការសម្រេចចិត្តរបស់ភាគីថៃ។ លោកបន្តថា អាជីវករខ្មែរយើង បានសំណូមពរឱ្យភាគីថៃ ជួយសម្រួលឱ្យដឹកទំនិញចេញជារទេះឡើងវិញ ប៉ុន្តែភាគីថៃ មិនអនុញ្ញាតទេ។

បច្ចុប្បន្នភាគីទាំងពីរ កំពុងជជែកគ្នារកដំណោះស្រាយ ចំពោះទំនិញចេញចូល ក៏ត្រូវបានផ្អាកមួយរយៈ ដោយសារការចរចានៅមិនទាន់ត្រូវគ្នានៅឡើយ។

គួរបញ្ជាក់ថា ច្រកអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកឱ្យដំណើរការក្នុងមួយសប្តាហ៍ រយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍៕

RELATED ARTICLES